ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​កូ​វី​ដ​ជាង​១០០​នាក់​នៅ​ស្ទឹង​មាន​ជ័យ​២ កំពុង​នៅផ្ទះ មិន​ទាន់​មាន​គ្រូពេទ្យ​ទៅ​ទទួល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ផ្លូវ​ការណ៍​ពី​មន្ត្រី​អាជ្ញាធរ​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​នា​រសៀល​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១​នេះ​ថា អ្នកជំងឺ​កូ​វី​ដ​១៩ ជាង​១០០​នាក់ ក្នុង​ចំណោម​ជាង​២០០​នាក់ (​បាន​យក​ទៅ​ព្យាបាល​អស់​មួយ​ចំនួន​) កំពុង​សម្រាក​នៅ​តាម​ខ្នង​ផ្ទះ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន…

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ផ្លូវ​ការណ៍​ពី​មន្ត្រី​អាជ្ញាធរ​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​នា​រសៀល​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១​នេះ​ថា អ្នកជំងឺ​កូ​វី​ដ​១៩ ជាង​១០០​នាក់ ក្នុង​ចំណោម​ជាង​២០០​នាក់ (​បាន​យក​ទៅ​ព្យាបាល​អស់​មួយ​ចំនួន​) កំពុង​សម្រាក​នៅ​តាម​ខ្នង​ផ្ទះ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន ដោយ​មិន​ទាន់​មាន​ក្រុម​គ្រូពេទ្យ​ទៅ​ទទួល​ឡើយ ។ អ្នកជំងឺ​ទាំងនោះ គឺ​ភាគច្រើន​ជា​បងប្អូន​កម្មករ កម្មការិនី​បម្រើ​ការ​ក្នុង​រោងចក្រ «​ឌី​ន​ហាន​» ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ដែល​ជា​រោងចក្រ​ផ្ទុះ​ការ​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

តាម​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ បន្ត​អោយ​ដឹង​ថា អ្នកជំងឺ​កូ​វី​ដ​១៩ ជាង​១០០​នាក់​ខាងលើ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើការ​យក​សំណាក​កាលពី​ពេល​កន្លង​ទៅ លុះ​ក្រោយមក​លទ្ធផល​សំណាក​បង្ហាញ​ថា មាន​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ។ ក្រោយ​ដឹង​លទ្ធផល​ហើយ​នោះ អ្នកជំងឺ​ក៏​ពុំ​ទាន់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ទៅ​ទទួលយក​ដើម្បី​យក​ទៅ​ព្យាបាល​ឡើយ ដោយ​ពួក​គេ​កំពុង​សម្រាក​នៅ​ក្នុងផ្ទះ​រៀង​ៗ​ខ្លួន អង្គុយ​រង់ចាំ​រថយន្ត​គ្រូពេទ្យ​ទៅ​ទទួល ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ក្នុង​លំនៅ​ឋាន ឬ​បន្ទប់​ជួល​មួយ​ចំនួន​របស់​អ្នក​ដែល​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ក៏​មាន​សមាជិកគ្រួសារ​រស់នៅ​ជាមួយ​ផង​ដែរ ។ ទន្ទឹម​នឹង​ការ​ពុំ​ទាន់​មាន​ក្រុម​គ្រូពេទ្យ​ទៅ​ទទួល​នោះ អ្នក​ដែល​ដឹង​ថា ខ្លួន​មាន​វិជ្ជមាន​កូ​វី​ដ​១៩ បាន​សម្តែង​ការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​សុខភាព និង​អាយុជីវិត​របស់​គាត់​ណាស់ ព្រោះ​ពួក​គាត់​ពុំ​មាន​ជំនាញ​ពេទ្យ​ក្នុង​ការ​ព្យាបាល​ខ្លួនឯង​ឡើយ ក្រៅ​តែ​ពី​ការ​ញ៉ាំ​ទឹក​ក្តៅ និង​ធ្វើ​លំ​ហាត់​នៅផ្ទះ​ដោយ​ខ្លួន ដោយឡែក​សម្រាប់​ថ្នាំ​ព្យាបាល និង​វិធីសាស្ត្រ​ផ្សេង​ៗ​ទៀត ដើម្បី​ព្យាបាល​អោយ​ជា​សះ គឺ​គ្មាន​ឡើយ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​នួន ផា​រ័​ត្ន អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក​អភិបាល​រាជធានី បាន​នាំ​យក​អំណោយ​សម្តេច​នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ជូន​ពលរដ្ឋ​ដែល​មាន​ភាព​ខ្វះខាត ហើយ​ជាប់​ក្នុង​តំបន់​បិទ​ខ្ទប់ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ។

ក្នុង​អង្គពិធី​នោះ លោក​អភិបាលរង​ក្រុង បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា បច្ចុប្បន្ន​នេះ អ្នកជំងឺ​ជា​ច្រើន​ជាង​១​ពាន់​ក្នុង​រាជធានី​ភ្នំពេញ ពុំ​ទាន់​មាន​កន្លែង​សម្រាប់​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​ឡើយ ខណៈ​មន្ទីរពេទ្យ​ធំ​ៗ និង​ទីកន្លែង​ផ្សេង​ទៀត​ដែល​អាជ្ញាធរ​បាន​រៀបចំ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កន្លង​មក គឺ​ពេញ​អស់​ទៅ​ហើយ ។

ហើយ​បច្ចុប្បន្ន​នេះ អាជ្ញាធរ​ក៏​កំពុង​នឹង​រៀបចំ​នូវ​ទីតាំង​ថ្មី​បន្ត​ទៀត ដើម្បី​ទទួលយក​បងប្អូន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ យក​ទៅ​ធ្វើការ​ព្យាបាល ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃខែ​ដដែល សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អ​ញ្ចើ​ញ​ចុះ​ពិនិត្យ​ស្ថានភាព បិទ​ខ្ទប់​តំបន់ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចំនួន​៣ ក្នុង​ខណ្ឌមានជ័យ គឺ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ , សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ និង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ។ សង្កាត់​ទាំង​៣​ខាងលើ​នេះ ត្រូវ​បាន​រក​ឃើញ​ថា ជា​តំបន់​ដែល​មានការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ។ ហើយ​ការ​បិទ​ខ្ទប់ គឺ​ត្រូវធ្វើ​ឡើង​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍ គិត​ចាប់ពី​វេលា​ម៉ោង​សូន្យ​ៗ ថ្ងៃ​ទី​១០ មេ​សា រហូត​ដល់​ថ្ងៃ​ទី​២៣ មេ​សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ