រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់គោជល់ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនៅលើសង្វៀនស៊ីធីអិន នាថ្ងៃទី៣ តុលា ស្អែកនេះ កីឡាករសុខ សុវណ្ណ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ ត្រូវជួបប្រកួតជាមួយកីឡាករឡាវឈ្មោះ ឆ្នាក់ឆៃ ចំណែកកីឡាករផង់ សុភ័ស្ស មកពីក្លិបតាឡីដំរីមានរិទ្ធ ជួបប្រកួតជាមួយកីឡាករថៃឈ្មោះប៉ានសក្កិ ។
ជំនួបរវាង សុខ សុវណ្ណ និង ឆ្នាក់ឆៃ លើកនេះធ្វើឡើងដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ ព្រោះកីឡាករទាំងពីរប្រកួត៣លើកកន្លងមកឈ្នះទាំង៣លើកដូចគ្នា ដូច្នេះពួកគេបានឡើងទៅប្រកួតនៅវគ្គបន្តដោយស្វ័យប្រវត្តិទោះចាញ់ឬឈ្នះក៏ដោយ ។ ទោះជាយ៉ាងណា គណៈកម្មការរៀបចំការប្រកួតតម្រូវឱ្យពួកគេវាយគ្នាឱ្យអស់ពីសមត្ថភាពមិនអាចលេងសើចបានឡើយ បើមិនធ្វើតាមនឹងត្រូវប្រឈមនឹងការដាក់ពិន័យ ឬអាចបញ្ឈរជើងលែងឱ្យប្រកួតទៀតផង ។
គួរបញ្ជាក់ថា នៅក្នុងពូលA ដែលមានកីឡាករកម្ពុជា៤រូបនោះ កីឡាករសុខ សុវណ្ណ គឺជាបេក្ខភាពទី១ដែលមានឈ្មោះឡើងទៅប្រកួតនៅវគ្គបន្ត ។ ចំណែកពូលB ដែលមានកីឡាករឡាវ២រូប និងកីឡាករថៃ២រូបនោះ កីឡាករឡាវឆ្នាក់ឆៃ គឺជាបេក្ខភាពទី១ដែលមានឈ្មោះឡើងទៅប្រកួតនៅវគ្គបន្តដូចគ្នាទោះលើកនេះចាញ់ ឬឈ្នះក្ដី ។
ដោយឡែក ជំនួបរវាងកីឡាករផង់ សុភ័ស្ស និងកីឡាករថៃ ប៉ានសកិ្ដ វិញក៏ធ្វើឡើងដើម្បីបង្គ្រប់កិច្ចដូចគ្នា ព្រោះ៣ប្រកួតរបស់ពួកគេកន្លងមកអត់ដែលស្គាល់ឈ្នះម្ដងណាឡើយ ដូច្នេះឱកាសឡើងទៅប្រកួតនៅវគ្គបន្តលែងមានទៀតហើយ ។
សម្រាប់គូប្រកួតជាលក្ខណៈមិត្តភាពរវាងកីឡាករកម្ពុជា និងកម្ពុជាវិញនោះ កីឡាករង៉ែត រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ត្រូវគេផ្គូផ្គងឱ្យជួបប្រកួតជា
មួយកីឡាករផាន់ សារុន មកពីក្លិបគជសារកីឡា និងកីឡាករចេង គា មកពីក្លិបសាលវ័ន្តកីឡា ប្រកួតជាមួយកីឡាករសុខ វាសនា មកពីក្លិបឃ្លាំងមឿងកីឡា ៕
ចែករំលែកព័តមាននេះ