រាជធានីភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី៣ តុលា ស្អែកនេះ កីឡាករជើងខ្លាំង ឃីម ឌីម៉ា និងកីឡាករឌុម កែវដា នឹងឡើងប្រដាល់ជាមួយកីឡាករថៃព្រមគ្នានៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ចាប់ពីម៉ោង៨ព្រឹកតទៅ ដោយរំពឹងថា នឹងមានអ្នកគាំទ្រចូលទស្សនាច្រើនដោយសារតែនោះជាវេទិកាអ្នកខ្លាំងប៉ះអ្នកខ្លាំង ។
ឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ឡើងប្រកួតជាមួយកីឡាករថៃ Chheang Krai ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម ។ នេះមិនមែនជាការប៉ះគ្នាលើកដំបូងនោះទេ ព្រោះកន្លងមកពួកគេក៏ធ្លាប់ជួបគ្នាម្ដងដែរធ្វើឲ្យអ្នកគាំទ្រភាគច្រើនផ្ដោតការចាប់អារម្មណ៍ ។ គាប់ជួនជា ឃីម ឌីម៉ា គឺជាជើងខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយកីឡាករ Chheang Krai ក៏ជាជើងខ្លាំងនៅក្នុងប្រទេសថៃ ដែលធ្លាប់បង្ហាញសមត្ថភាពនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ផង ទើបធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍កាន់តែខ្លាំង ។ កីឡាករថៃធ្លាប់មកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍២លើកហើយ ដោយលើកទី១ ចាញ់កីឡាករកម្ពុជា ឯម វិចិត្រ មកពីក្លិបឫទ្ធីពោធិសែនជ័យក្នុងទឹកទី៤ និងលើកទី២ ស្មើជាមួយកីឡាករកម្ពុជា ឃីម ឌីម៉ា នេះឯង ។ ប៉ុន្តែការបរាជ័យកាលពីលើកទី១ អ្នកណាក៏មើលឃើញដូចគ្នាថា បណ្ដាលមកពីគេភ្លាត់ថែមខុសបច្ចេកទេសធ្វើឲ្យ ឯម វិចិត្រ មានលេសស៊ីឡាក់ប៉ុណ្ណោះ បើមើលលើសមត្ថភាពប្រកួត គឺកីឡាករកម្ពុជាចាញ់ដាច់ហៅមិនឮឡើយ ។ មិនខុសគ្នាដែរ សម្រាប់ការប្រកួតលើកទី២របស់គេ បើទោះជាស្មើពិន្ទុជាមួយ ឃីម ឌីម៉ា ប៉ុន្តែបើកុំតែ ឃីម ឌីម៉ា មានអំណាចជាម្ចាស់ផ្ទះ គឺលទ្ធផលពេលនោះពិតជារបស់កីឡាករថៃបាត់ទៅហើយ ។ អ្នកទស្សនាមិនតិចទេដែលនៅចងចាំការប្រកួតនោះ ខណៈដែលកីឡាករថៃ និង ឃីម ឌីម៉ា សុទ្ធតែបានបង្ហាញសមត្ថភាពវាយសន្ធាប់គ្នាទៅវិញទៅមក បើកុំតែមានអាជ្ញាកណ្ដាលនៅជួយសម្របសម្រួល អ្នកទាំងពីរច្បាស់ជាវាយគ្នាយកស្លាប់រស់ម្ខាងៗបាត់ទៅហើយ ។ មានការព្យាករថា ការប៉ះគ្នានៅព្រឹកស្អែករបស់អ្នកទាំងពីរនឹងធ្វើ
ឱ្យសង្វៀនទាំងមូលកក្រើកទៀតហើយ ហើយក៏ជាការបង្ហាញសមត្ថភាពលើកទី២ដើម្បីបញ្ជាក់ថា អ្នកណាខ្លាំងជាងអ្នកណាដែរ ។ យ៉ាងណាក៏ដោយ អ្នកគាំទ្រកម្ពុជាហាក់មានជំនឿចិត្តលើ ឃីម ឌីម៉ា ច្រើនជាងដោយសារតែការប្រកួតប៉ុន្មានលើកចុងក្រោយរបស់កីឡាកររូបនេះ លេចចេញលទ្ធផលល្អច្រើនជាងអាក្រក់ ។ បើទោះជាតួលេខប៉ុន្មានប្រកួតចុងក្រោយរបស់កីឡាករថៃ Chheang Krai ក៏ត្រូវគេអះអាងថា ឈ្នះច្រើនជាងចាញ់ ប៉ុន្តែគេនៅតែជឿជាក់ថា លទ្ធផលទៅរួចជាមួយ ឃីម ឌីម៉ា គឺមិនអាចកើតឡើងឡើយដោយសារកីឡាករកម្ពុជាមានការត្រៀមទុកខុសពីមុន ហើយបានកម្លាំងចិត្តក្នុងនាមជាម្ចាស់ផ្ទះខ្លាំងជាង។ ក្រុមអ្នកវិភាគយល់ថា ការប្រកួតរបស់ពួកគេមិនអាចស្មើគ្នាបានទេសម្រាប់ការប៉ះគ្នាលើកទី២នេះ ។ ពួកគេប្រាកដជាមានអ្នកឈ្នះ និងអ្នកចាញ់ដោយចៀសមិនផុត ខណៈដែលអ្នកជឿជាក់នៅតែមានទំនុកចិត្តថា ខាងកម្ពុជាឈ្នះពិន្ទុ ឬឈ្នះដោយសន្លប់មានភាគរយមិនក្រោម៦០%ឡើយ ។ នេះបើផ្អែកតាមការព្យាករក្រៅផ្លូវការពីក្រុមអ្នកទស្សនាភាគច្រើនដែលបានទន្ទឹងចាំមើលការប្រកួតរបស់ពួកគេ ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែការលើកទឹកចិត្តចំពោះកីឡាករម្ចាស់ផ្ទះប៉ុណ្ណោះ ប៉ុន្តែបើយោងតាមការប៉ះគ្នារបស់ពួកគេកាលពីលើកមុន គឺកីឡាករថៃមានប្រៀបជាងកម្ពុជា ជាពិសេសគឺសន្ទុះវាយលុកតែម្ដង ។ កីឡាករថៃធ្លាប់ឡើងប្រកួត៧៩ដង ឈ្នះ៥៩ដង ចាញ់១៨ដង និងស្មើ២ដង ដែលតួលេខរបស់គេគឺល្អ
ជាងកីឡាករកម្ពុជា ។ ចំណែកកីឡាករ ឃីម ឌីម៉ា វិញ ទើបតែប្រកួតបាន៦៨ដង ឈ្នះ៥៨ដង ចាញ់៨ដង និងស្មើ២ដង គឺតិចជាងដៃគូ១១ដង ។ កីឡាករថៃត្រូវគេមើលឃើញថា រហ័សក្នុងការចេញស្នៀត ចំណែកកីឡាករកម្ពុជាក៏ពូកែទប់ និងវាយបកវិញដែរ ។ ធៀបនឹងសមត្ថភាព Chheang Krai ល្អជាងទាំងកម្លាំង និងបច្ចេកទេស ប៉ុន្តែអ្នកគាំទ្រភាគច្រើនហាក់មិនប្ដូរជំហរក្នុងការជឿជាក់នោះទេ បើទោះជាប្រវត្តិជាក់ស្ដែងគឺ ឃីម ឌីម៉ា ធ្លាប់ឈ្នះថៃតែ៨នាក់ និងចាញ់ឈ្នះដល់ទៅ៦លើកក្នុងប្រវត្តិប៉ះថៃ១៤លើក ដែលមានន័យថាលទ្ធផលល្អ និងអាក្រក់ស្ថិតក្នុងភាពប្រកៀកប្រកិតគ្នា ។
កីឡាករឌុម កែវដា អ្នកប្រដាល់មកពីក្លិបមកុដរាជសីហ៍ នឹងជួបប្រកួតជាមួយកីឡាករថៃឈ្មោះ Yorth Sing ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះធ្លាប់មកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ នេះ៤ដងហើយ ដែលលើកទី១ វាយឈ្នះកីឡាករម៉ន សាម៉េត មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោកដោយពិន្ទុ លើកទី២ បានផ្ដួលកីឡាករអឹុង បូរ៉ា មកពីក្លិបគជសារកីឡាក្នុងទឹកទី១ លើកទី៣ វាយឈ្នះអ្នកប្រដាល់សេក គឹមរួន មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុ និងលើកទី៤ វាយឈ្នះកីឡាករង៉ែត្រ រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យដោយពិន្ទុបន្ថែមទៀត ។ ផ្អែកតាមតួលេខនេះ មានន័យថា Yorth Sing មិនដែលចាញ់នោះទេ ក្នុងជំនួបជាមួយកីឡាករខ្លាំងៗនៅក្នុងប្រទេសកម្ពុជាកន្លងមក ។ ជាក់ស្ដែង Yorth Sing ក៏ជាជើងខ្លាំងនៅក្នុងប្រទេសថៃដូចគ្នា ធ្លាប់ប្រកួត៥៩លើក ឈ្នះ៤៨លើក ចាញ់៩លើក និងស្មើ២លើក ខណៈដែលតួលេខនេះ គឺប្រហាក់ប្រហែលកីឡាករឌុម កែវដា ដែរ ។
នៅថ្ងៃស្អែកនោះ នៅក្នុងព្រឹត្តិការណ៍ប្រដាល់ពេលរសៀលរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ចាប់ពីម៉ោង២តទៅ ក៏មានការប្រកួតរវាងកីឡាករក្នុងស្រុកដែលសុទ្ធតែគូល្អៗ ខណៈនៅសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ជ្រោយចង្វា ចាប់ពីម៉ោង៥ល្ងាចតទៅ ក៏មានការប្រកួតជម្រុះរវាងកីឡាករកម្ពុជា និងបរទេសក្នុងដំណាក់កាលតានតឹងផងដែរ៕
ចែករំលែកព័តមាននេះ