កាលពីថ្ងៃទី៣០ កញ្ញា អ្នករត់ពន្ធគ្រឿងញៀន១៣នាក់ត្រូវបានធ្វើបត្យាប័នទៅកាត់ទោសដោយតុលាការអាមេរិក ។ ក្នុងចំណោមអ្នករត់ពន្ធគ្រឿងញៀនដែលធ្វើបត្យាប័នទាំងនោះមាន ជាពិសេសមេរត់ពន្ធគ្រឿងញៀន២នាក់ ម្នាក់ឈ្មោះ EDGAR VALDEZ VILLAREAL ហៅ LA BARBIE ហើយម្នាក់ទៀតឈ្មោះ JORGE COSTILLA ហៅ EL CROSS ។
VALDEZ VILLAREAL ត្រូវចាប់ខ្លួនកាលពីឆ្នាំ២០១០ ជាប់ចោទពីបទចូលរួមក្នុងក្រុមរត់ពន្ធគ្រឿងញៀនកាចសាហាវសម្លាប់មនុស្សរបស់បងប្អូន BELTRAN LEYVA។ តុលាការមួយនៅល្វីហ្សាណា ចង់កាត់ទោសរូបគេពីបទរត់ពន្ធកូកាអីុន កញ្ឆា និងលាងលុយកខ្វក់ ។ ចំណែកជនឈ្មោះ COSTILLA ចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១២ ចាត់ទុកជាប្រមុខម្នាក់ក្នុងចំណោមប្រមុខក្រុមរត់ពន្ធគ្រឿងញៀន GIOLFE ហើយជាមនុស្សម្នាក់ស្ថិតក្នុងចំណោមអ្នកដែល FBI តាមរកចាប់ខ្លួន ។ តុលាការតិចសាស់ចង់កាត់ទោសរូបគេពីបទចោទប្រកាន់ដូចគ្នាដែរ ។
ការប្រកាសនេះធ្វើឡើងជាង២ខែបន្តិចបន្ទាប់ពីការរត់ចេញពីគុកម៉ិចស៊ិករបស់ប្រមុខក្រុមរត់ពន្ធគ្រឿងញៀន SINALOA ឈ្មោះ JOAQUIN EL CHAPO GUZMAN ហៅកាត់ថា EL CHAPO ។ ក្រុងវ៉ាស៊ីនតោនបានស្នើឱ្យធ្វើបត្យាប័នជននេះដែរ ក៏ប៉ុន្តែប្រទេសម៉ិចស៊ិកបដិសេធ ដោយសំអាងថា នឹងកាត់ទោសរូបគេនៅក្នុងប្រទេស ។ ទីបំផុត ជននេះជួលគេឱ្យជីករូងសម្ងាត់ប្រវែង១,៥គីឡូម៉ែត្ររត់ចេញបាត់ពីគុក ៕


ចែករំលែកព័តមាននេះ