កីឡាករហ្សារៀ ម៉ាស្កេរ៉ាណូ ខ្សែបម្រើក្លិប Barcelona បានបែកធ្លាយរឿងអាស្រូវក្រោយពីតុលាការអេស្ប៉ាញចោទប្រកាន់ពីបទគេចពន្ធក្នុងទឹកប្រាក់ជាង១,៥លានអឺរ៉ូ។
តុលាការអេស្ប៉ាញបង្ហើបឱ្យដឹងថា កីឡាករម៉ាស្កេរ៉ាណូ ត្រូវបានចោទប្រកាន់ពីបទបិទបាំងប្រាក់លក់កម្មសិទ្ធិជំនាញរបស់ខ្លួនតាមរយៈក្រុមហ៊ុនដែលបង្កើតឡើងនៅអាមេរិក និងព័រទុយហ្គាល់ ។
កីឡាករអាយុ៣១ឆ្នាំរូបនេះទទួលរងការចោទប្រកាន់ថា បានគេចពន្ធដល់ទៅ២លើក គឺលើកទី១នៅឆ្នាំ២០១១ មានទឹកប្រាក់៥៨៧.៨២២,០១អឺរ៉ូ ស្មើនឹងជាង៦សែនដុល្លារ និងលើកទី២នៅឆ្នាំ២០១២ មានទឹកប្រាក់៩៦៨.០៩៧,៧៦អឺរ៉ូ ស្មើនឹងជាង១លានដុល្លារ។
រហូតមកដល់ពេលនេះ ទាំងកីឡាករម៉ាស្កេរ៉ាណូ និងក្លិប Barcelona មិនទាន់ចេញមុខបកស្រាយបញ្ហានេះនៅឡើយទេ ។ ស្របពេលជាមួយគ្នានេះ ខាងផ្នែកស៊ើបអង្កេតលើហិរញ្ញវត្ថុរបស់អេស្ប៉ាញបានថ្លែងថា កីឡាករហ្សាវៀ ម៉ាស្កេរ៉ាណូ បានគេចវេះមិនបង់ពន្ធ ដោយបិទបាំងចំណូលពីក្រុមហ៊ុន NIKE តាមរយៈក្រុមហ៊ុននៅសហរដ្ឋអាមេរិក និងនៅកោះម៉ាដេរ៉ា ប្រទេសព័រទុយហ្គាល់ ៕
ចែករំលែកព័តមាននេះ