រាជធានីភ្នំពេញ ៖ នារីម្នាក់មកពីដើរលេងនៅមាត់ទន្លេវិញ ត្រូវជនសង្ស័យ២នាក់ឆក់កាបូបមិនបានសម្រេចបណ្តាលឲ្យទាក់ដៃចង្កូតម៉ូតូគ្នាដួល ហើយជនសង្ស័យភ័យស្លន់ស្លោក៏ក្រោកឡើងរត់ចោលម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៣០ កញ្ញា តាមបណ្តោយកែងផ្លូវលេខ២១៤និងលេខ១០៧ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
នារីម្ចាស់កាបូបឈ្មោះ គួយ សុភ័ក្រ អាយុ២៩ឆ្នាំ ជាអាជីវករស្នាក់នៅផ្ទះលេខ១៣ ផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនទើបមកពីដើរលេងនៅមាត់ទន្លេជាមួយមិត្តភក្តិ ដោយជិះម៉ូតូម៉ាកស៊ុយស៊ូគីនិក ពណ៌កំបោរ ទិសដៅពីកើតទៅលិច ស្របគ្នាជាមួយជនសង្ស័យ២នាក់ជិះម៉ូតូនិក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FF-៣៥៩៧ មកដល់ចំណុចខាងលើ ស្រាប់តែជនសង្ស័យជិះម៉ូតូមកអែបនិងធ្វើសកម្មភាពឆក់កាបូបពីតែមិនបានសម្រេចបណ្តាលឲ្យទាក់ដៃចង្កូតដួលទាំងគ្នា តែភ្លាមៗនោះ ជនសង្ស័យទាំង២នាក់ភ័យខ្លាំងពេកបានស្ទុះក្រោកឡើងរត់ទាំងប្រញាប់ប្រញាល់ចោរម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ ម៉ូតូជនសង្ស័យត្រូវនគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលិត ចំណែកនារីម្ចាស់កាបូបមិនបានដាក់ពាក្យបណ្ដឹងទេ ពីព្រោះកាបូបមិនបានបាត់បង់ក៍ត្រឡប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ