រាជធានីភ្នំពេញ ៖ វិស័យឧស្សាហកម្មកាស៊ីណូមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ក្នុងនោះចំណូលពីវិស័យកាស៊ីណូទទួលបានពីអនិវាសជនបានរួមចំណែកប្រមាណជាង៤០ភាគរយក្នុងចំណូលពីវិស័យទេសចរណ៍អន្តរជាតិសរុប ខណៈពេលដែលការអង្កេតប្រាក់ចំណូលលើសេវាកម្មក្នុងវិស័យមួយនេះត្រូវបានគេមើលរំលង ។
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីស្ថិតិពាណិជ្ជកម្មអន្តរជាតិផ្នែកសេវាកម្មកាលពីថ្ងៃទី៣០ កញ្ញា ថា ការប្រមូល ទិន្នន័យលើវិស័យសេវាកម្មកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ។ លោកជំទាវបន្ត ថាបច្ចុប្បន្នធនាគារជាតិនៃកម្ពុជាកំពុងរៀបចំការអង្កេតមួយ ដោយផ្តោតលើវិស័យសេវាកមកម្មពីរប្រភេទគឺវិស័យកាស៊ីណូ និងកម្មន្តសាលក្នុងគោលបំណងពង្រឹងនិងធ្វើឲ្យប្រសើរឡើងនូវសុក្រឹត្យភាពនៃទិន្នន័យ ។
លោកជំទាវ ជា សិរី មានប្រសាសន៍បញ្ជាក់ថា ៖ «សម្រាប់វិស័យទេសចរណ៍សមាមាត្រនៃប្រាក់ចំណូលពីកាស៊ីណូ ធៀបនឹងចំណូលវិស័យទេសចរណ៍នៅកម្ពុជាមានកម្រិតខ្ពស់ បើធៀបនឹងប្រទេសផ្សេងទៀតលើពិភពលោក លើកលែងតែម៉ាកាវ និងប្រទេសម៉ូណាកូ ។ ប្រាក់ចំណូលពីវិស័យកាស៊ីណូទទួលបានពីអនិវាសជនបានរួមចំណែកប្រមាណជាង៤០ភាគរយ ក្នុងចំណូលពីវិស័យទេសចរណ៍អន្តរជាតិសរុប ខណៈកម្ពុជា ទទួលបានចំណូល២ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៣ ស្របពេលដែលកាស៊ីណូនៅឡាស វ៉េហ្គាស សហរដ្ឋអាមេរិក ទទួលបានប្រាក់ចំណូលប្រមាណ៧,៥ប៊ីលានដុល្លារអាមេរិក » ។
លោកជំទាវ ជា សិរី មានប្រសាសន៍បន្ថែមថា បើទោះបីប្រទេស៨ផ្សេងទៀតក្នុងតំបន់ អាស៊ានបានអនុញ្ញាតឲ្យបង្កើតអាជីវកម្មកាស៊ីណូ ប៉ុន្តែមានតែប្រទេសកម្ពុជាតែមួយប៉ុណ្ណោះនៅក្នុងតំបន់អាស៊ាន និងប្រហែលជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលធ្វើអង្កេតលើចំណូលពីវិស័យកាស៊ីណូនិងរួមចំណែកនៃវិស័យនេះក្នុងវិស័យទេសចរណ៍ ។
លោកជំទាវអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាមានបន្តថា ៖« នេះគឺជាលើកទី១ក្នុងការធ្វើអង្កេតលើវិស័យសេវានេះ វានឹងចូលរួមបានច្រើន ។ ទី១ យើងបានជើងលេខជាក់លាក់ដើម្បីឲ្យអ្នកនយោយបាយ និងអ្នកបង្កើតគោលនយោបាយគាត់អាចយល់ពីទំហំពិតប្រាកដនៃចំណូលពីសេវាកម្មនៅកម្ពុជា គាត់អាចកំណត់នូវគោលនយោបាយផ្សេងៗទៀតពាក់ព័ន្ធនូវអ្វីដែលយើងរកឃើញ » ។
លោក Christie Richards ជំនាញការ (ស្ថិតិ)នៃលេខាធិការអាស៊ានអន្តរជាតិមានប្រសាសន៍ក្នុងសិក្ខាសាលានេះដែរថា ការធ្វើអង្កេតលើសេវាកម្មកាស៊ីណូគឺជាការប្រមូលព័ត៌មានលើសេវាកម្មលើជនបរទេសនៅកម្ពុជា ដែលធ្វើឡើងនូវការចំណាយរបស់ពួកគេលើសេវាកម្មនៅក្នុងតំបន់ណាមួយ ហើយវិស័យទេសចរណ៍កាស៊ីណូគឺសំខាន់ ដូច្នេះបានយើងផ្តោតលើវិស័យកាស៊ីណូ ។
លោក Christie Richardsមានប្រសាសន៍ថា ៖ « ស្ថិតិសេវាកម្មគឺជាផ្នែកមួយនៃទិន្នន័យនៃជញ្ជីងទូទាត់ ហើយវាត្រូវបានធ្វើចាប់តាំងពីទិន្នន័យនៃជញ្ជីងទូទាត់ត្រូវបានប្រមូលសម្រាប់កម្ពុជាដែលមានរយៈពេល២ទស្សវត្សរ៍មកហើយ ប៉ុន្តែអ្វីដែលយើងកំពុងធ្វើនេះគឺដើម្បីធ្វើឲ្យប្រសើរឡើង ហើយនឹងធ្វើឲ្យល្អជាងអ្វីដែលយើងមាន ពីព្រោះឥឡូវមានការស៊ីណូច្រើនមាន ការចំណាយច្រើន និងមានព័ត៌មានច្រើន »។
លោក ស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យមានប្រសាសន៍ថា ការអង្កេតលើវិស័យសេវាកម្ម កាស៊ីណូនេះ នឹងផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងបានល្អទៅលើការប្រមូលប្រាក់ចំណូលពីកាស៊ីណូ ។
លោក ស្រី ចន្ធី មានប្រសាសន៍ថា ៖ «វាគឺជាលើកទី១ហើយដែលមានការអង្កេតលើវិស័យ នេះនៅកម្ពុជា ហើយបើសិនជាការគ្រប់គ្រងបានល្អ វាអាចបង្កើតនូវប្រាក់ចំណូលដែលចាំបាច់សម្រាប់វិស័យមុខងារសាធារណៈ ការវិនិយោគ និងការអភិវឌ្ឍដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ »។
គួរកត់សម្គាល់ផងដែរថា នៅក្នុងប្រទេសកម្ពុជាការធ្វើអង្កេតស្ថិតិមិនត្រូវទទួលបានការចូលរួមសហការនិងការគោរពពីមជ្ឈដ្ឋានទូទៅនិងធុរកិច្ចឡើយ ដែលខុសពីប្រទេសមួយចំនួនធំ ដូចជាប្រទេសអូស្ត្រាលី និងនូវែលសេឡង់ជាដើម ។ ជាការពិតការឆ្លើយតបចំពោះការអង្កេតពីស្ថិតិសង្គមមានកម្រិតខ្ពស់ជាងការអង្កេតដែលពាក់ព័ន្ធនឹងស្ថិតិសេដ្ឋកិច្ច ដូចដែលបានឃើញតាមរយៈការធ្វើអង្កេតនានារបស់វិទ្យាស្ថានជាតិស្ថិតិជាតិកន្លងមក ។ ខណៈដែលអ្នកឆ្លើយតបតែងតែចូលរួមសហការផ្តល់ទិន្នន័យសង្គម ប៉ុន្តែការឆ្លើយតបនូវព័ត៌មានហរិញ្ញវត្ថុភាគច្រើនឬទាំងស្រុងតែងតែត្រូវបានរំលង ។
បើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ចំណូលពន្ធពីឧស្សាហកម្មកាស៊ីណូប្រមូលបានជាង២០លានដុល្លារក្នុងឆមាសទី១ឆ្នាំនេះ បើធៀបនឹងឆមាសទី១ឆ្នាំមុន មានត្រឹមតែជាង១០លានដុល្លារប៉ុណ្ណោះ កើនឡើងយ៉ាងគំហុករហូតទៅដល់ជាង១០០ភាគរយ ។ គិតរហូតមកដល់ដំណាច់ខែឧសភា កម្ពុជាមានកាស៊ីណូប្រមាណជា៦៤ កើនពីចំនួន៥៥កាលពីឆ្នាំ២០១៤ ៕


ចែករំលែកព័តមាននេះ