រាជធានីភ្នំពេញ ៖ ផលប៉ះពាល់អវិជ្ជមានពីការប្រែប្រួលអាកាសធាតុដូចជារលកកម្ពៅ គ្រោះទឹកជំនន់ ព្យុះ និងគ្រោះរាំងស្ងួត បាននិងកំពុងកើនឡើង ដែលនាំទៅដល់ការបាត់បង់ផ្នែកសេដ្ឋកិច្ចកាន់តែច្រើនឡើងលើពិភពលោកក៏ដូចជាកម្ពុជា ដែលនាំឲ្យកម្ពុជាត្រូវការថវិកាជាច្រើនក្នុងការទប់ស្កាត់ និងរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន ។
លោក ទិន ពន្លក អគ្គលេខាធិការនៃលេខាធិការដ្ឋានអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន មានប្រសាសន៍ថា ដើម្បីអនុវត្តបណ្តាវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ត្រឹមឆ្នាំ២០១៨ កម្ពុជាត្រូវការថវិកាប្រមាណ១,៣ប៊ីលានដុលា្លរ ហើយជារួម កម្ពុជាត្រូវការ ថរិកាប្រមាណ១,៥ភាគរយនៃទំហំសេដ្ឋកិច្ច ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ។
លោកពន្លកលើកឡើងថា កម្ពុជាបានរួមចំណែកតិចតួចក្នុងការធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ តែជាប្រទេសងាយរងគ្រោះបំផុតមួយ ដោយសារសមត្ថភាពទាបរបស់យើងក្នុងការបន្សាំុនឹងការពឹងផ្អែកនៃសេដ្ឋកិច្ចរបស់យើងលើវិស័យនានា ដែលងាយរងគ្រោះដោយសារតែការប្រែប្រួលអាកាសធាតុ ។
តាមទិន្នន័យរបស់ក្រុមហ៊ុនធានារ៉ាប់រងនៅប្រទេសអាល្លឺម៉ង់ ឆ្នាំ២០១៤គឺជាឆ្នាំដែលមានអាកាសធាតុក្តៅបំផុត មិនធ្លាប់មានពីមុន ជាមួយបាតុភូតអាកាសហួសប្រមាណប្រហែល៩០០ករណី ដែលបណ្តាលឲ្យមានការបាត់បង់ផ្នែកសេដ្ឋកិច្ចគិតជាទឹកប្រាក់ចំនួន១០០ប៊ីលាន់ដុល្លារ។ ចំពោះប្រទេសកម្ពុជា តាមរបាយការណ៍របស់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយបង្ហាញថា ក្នុងឆ្នាំ២០១៣ គ្រោះទឹកជំនន់បានបណ្តាលឲ្យកម្ពុជាបាត់បង់មនុស្ស១៦៨នាក់ ខូចខាត់ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន គិតជាទឹកប្រាក់អស់ប្រមាណ៣៥៦លានដុល្លាអាមេរិក ស្មើនឹង២,៣ភាគរយនៃទំហំសេដ្ឋកិច្ចពីប្រែប្រួលអាកាសធាតុ ហើយមាននិន្នាការខាតបង់ទំហំសេដ្ឋកិច្ចកើនឡើងពី១,៥ភាគរយនៃទំហំសេដ្ឋកិច្ចរៀងរាល់ឆ្នាំ ។
តាមការសិក្សារបស់នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន ការខូតខាតដែលបង្កដោយការប្រែប្រួលអាកាសធាតុ នឹងកើនដល់៣,៥ភាគរយនៃទំហំសេដ្ឋកិច្ចនៅឆ្នាំ២០៥០ នៅក្រោមសេណារីយ៉ូនៃកំណើនសីតុណ្ហភាព២អង្សាសេ ។ យោងតាមវិទ្យាស្ថានស្រាជ្រាវពូជស្រូវអន្តរជាតិ ទិន្នផលស្រូវនឹងថយចុះ១០ ភាគរយក្នុងករណីមានកំណើន១អង្សាសេនៃសីតុណ្ហភាពអប្បបរមាក្នុងរដូវប្រាំង ។
លោកពន្លក បានបញ្ជាក់ថា កម្ពុជាបាន និងកំពុងធ្វើការយ៉ាងសកម្មក្នុងការរៀបចំរបាយការណ៍នៃការចូលរួមចំណែករបស់កម្ពុជា ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីប្រែប្រួលអាការធាតុ ដែលនឹងត្រូវដាក់ជូនទៅលេខាធិការដ្ឋាននៃអនុសញ្ញានេះ ឲ្យមុនថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ។
អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីប្រែប្រួលអាការធាតុលើកទី២១ (COP21)នឹងប្រព្រឹត្តទៅនៅដើមខែធ្នូ ឆ្នាំនេះ នៅទីក្រុងប៉ារីស ប្រទេសបាំរាំង រំពឹងទុកថា នឹងនាំទៅដល់ការអនុម័តកិច្ចព្រមព្រៀងអាកាសធាតុក្រោយឆ្នាំ២០២០ ដែលជាកាតព្វកិច្ចផ្លូវច្បាប់មួយ និងត្រូវអនុវត្តចំពោះបណ្តារដ្ឋភាគីទាំងអស់នៅក្នុងសន្និសីទនៅទីក្រុងប៉ារីសនេះ ក្នុងគោលបំណងទប់ស្កាត់កំណើនសីតុណ្ហភាពមធ្យមសកលមិនឲ្យលើសពី២អង្សាសែលស៊ុល ធៀបនឹងកម្រិតសីតុណ្ហភាពមុនបដិវត្តឧស្សាហកម្ម ។
លោក ទិន ពន្លក បានបន្តថា របាយការណ៍របស់កម្ពុជាត្រូវបានរៀបចំឡើងសំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចដែលបញ្ចេញកាបូនទាប ព្រមទាំងធន់នឹងអាកាសធាតុ ដោយផ្តោតលើការពង្រឹងសន្តិសុខថាមពល ទឹក និងស្បៀងអាហារ ការកែលម្អសុខភាព ការកសាងសមត្ថភាព ការផ្ទេរបច្ចេកវិទ្យា ការទទួលបាននូវធនធានហិរញ្ញវត្ថុ និងការកាត់បន្ថយភាពក្រីក្រ ដោយជាមួយគ្នានោះ រួមចំណែកជាមួយសហគមន៍អន្តរជាតិ ក្នុងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ។ ការអនុវត្តបណ្តាវិធានការទាំងនោះ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុប៣,១លានតោនសមមូលឧស្ម័នកាបូនិកដល់ឆ្នាំ២០៣០ ធៀបនឹងកម្រិតបញ្ចេញឧស្ម័នគោល១១,៦លានតោន ។
លោក តឹក វណ្ណរ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានមានប្រសាសន៍ថា សន្និសីទដែលនឹងធ្វើនៅទីក្រុងបារីសនាពេលខាងមុខនេះ នឹងមានលក្ខណៈសំខាន់ខ្លាំង ដែលតម្រូវឲ្យរដ្ឋជាសមាជិកទាំងអស់ រួមទាំងប្រទេសកម្ពុជា គាំទ្រ និងចុះហត្ថលេខាកិច្ចព្រមព្រៀងថ្មីមួយ ស្តីពីអាកាសធាតុពិភពលោក ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២០ ។
លោកវណ្ណរ៉ា បានបន្ដថា កម្ពុជាទាក់ទងនឹងបញ្ហាប្រែប្រួលអាកាសធាតុនៅមានកម្រិត ទាំងថ្នាក់បន្សុំា និងការកាត់បន្ថយលើសមត្ថភាព និងធនធានថវិកាឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ និងបន្សុំាទៅនឹងប្រែប្រួលអាកាសធាតុ ។
យោងតាមរបាយការណ៍ហានិភ័យពិភពលោកឆ្នាំ២០១២ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី៨ ក្នុងចំណោមប្រទេសចំនួន១៥ដែលមានហានិភ័យខ្ពស់ជាងគេ ក្នុងការទទួលរងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ និងមានសមត្ថភាពទាបក្នុងការបន្សុំាទៅនឹងការប្រែប្រួលទាំងនេះ ។ នៅក្នុងខេត្ដកោះកុង និងមណ្ឌលគិរី ការកើនឡើងនូវសីតុណ្ហភាព និងហានិភ័យខ្ពស់នៃទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលគេរំពឹងថា នឹងកើតមានឡើង បង្កការគំរាមកំហែងដល់សន្ដិសុខស្បៀង និងរបរកសិកម្ម ដែលជារបរចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន ។
លោក តឹក វណ្ណរ៉ា មានប្រសាសន៍ថា ៖ « ត្រង់ចំណុចនេះ ក្នុងកិច្ចប្រជុំកំពូល យើងស្នើឲ្យប្រទេសដែលមានការអភិវឌ្ឍហើយ គាត់ត្រូវតែមានការប្តេជ្ញាខ្ពស់ក្នុងការផ្តល់ធនធានបច្ចេកទេស និងថវិកាដល់ប្រទេសដែលមានការអភិវឌ្ឍតិច និងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា ដើម្បីឲ្យក្រុមប្រទេសទាំងអស់មាន លទ្ធភាពបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ »។
សម្រាប់ប្រទេសកម្ពុជា ក្នុងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ លោក វណ្ណរ៉ា បានមានប្រសាសន៍ថា កម្ពុជាត្រូវបែងចែកថវិកាដល់ថ្នាក់ជាតិ និងសហគមន៍មូលដ្ឋានឲ្យបានច្រើនក្នុងការបន្ស៊ាំនឹងប្រែប្រួលអាកាសធាតុ ព្រមទាំងកសាងសមត្ថភាពសហគមន៍តាមគោលដៅដែលធ្លាប់រងគ្រោះដោយបម្រែបម្រួលអាកាសធាតុ ក៏ដូចគ្រោះមហន្តរាយធម្មជាតិ ដើម្បីឲ្យពួកគាត់មានផែនការត្រឹមត្រូវ និងគ្រប់គ្រាន់ ។ ចំណុចមួយទៀត គឺត្រូវយកចិត្តទុកបន្ថែមទៀតក្នុងការប្រើប្រាស់ និងថែរក្សាធនធានធម្មជាតិ ដូចជាព្រៃឈើ ទឹក ដោយធ្វើផែនការប្រើប្រាស់ឲ្យល្អប្រសើរ និងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ។
លោកតឹក វណ្ណរ៉ា បន្ដថា « ចំណុចមួយទៀតដែលកម្ពុជាគួរយកចិត្តទុកដាក់ គឺការអភិវឌ្ឍទីក្រុងបៃតង ដោយសារនៅពេលដែលមានការអភិវឌ្ឍទីក្រុងបៃតងល្អ មានន័យថា យន្តការក្នុងការកាត់បន្ថយបញ្ចេញកាបូនទៅក្នុងបរិយាកាស នឹងចុះថយដោយស្វ័យប្រវត្តិ » ៕


ចែករំលែកព័តមាននេះ