ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការងារមានផែនការចាក់វ៉ាក់សំាងជូនកម្មករនិយោជិតឱ្យបាន ១២.០០០ នាក់ក្នុងមួយថ្ងៃ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១ នេះ បានបើកដំណើរការមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសហព័ន្ធសហជីព សហភាពសហជីព សមាគមនិយោជក និងអង្គការវិជ្ជាជីវៈនានា ជាពិសេសបងប្អូនកម្មករនិយោជិតខ្មែរ និងបរទេស ចំនួន ៤ ទីតាំងបន្ថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន សួនឧស្សាហកម្មវឌ្ឍនៈ ១ (ផ្លូវវេងស្រេង), រោងចក្រសិនចូវ (ផ្លូវវេងស្រេង), សួនឧស្សាហកម្មវឌ្ឍនៈ ២ (ផ្លូវជាតិលេខ ៣), និងរោងចក្រ Marvel ។ ក្នុងការចាក់វ៉ាក់សំាងការពារជំងឺកូវីដ ១៩ នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានផែនការពង្រីកមណ្ឌលចាក់វ៉ាក់សំាងបន្ថែមដោយក្នុងមួយថ្ងៃអាចចាក់វ៉ាក់សំាងជូនកម្មករនិយោជិត ១២.០០០ នាក់ក្នុងមួយថ្ងៃនាងពេលខាងមុខនេះ ។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា «មណ្ឌលចាក់វ៉ាក់សាំងចំនួន ៤ ទីតាំងដែលត្រូវបើកបន្ថែមទៀតនៅថ្ងៃនេះ ដែលអាចនឹងចាក់ជូនបងប្អូនកម្មករនិយោជិតប្រមាណ ៣.៥០០ នាក់ ក្នុងមួយថ្ងៃ ។ ដូចនេះក្នុងមួយថ្ងៃ ទាំង៨មណ្ឌល យើងនឹងអាចចាក់ជូនកម្មករនិយោជិតកើនដល់ ៧.០០០ នាក់ក្នុងមួយថ្ងៃ ហើយបើតាមផែនការ ចាប់ពីសប្តាហ៍ក្រោយទៅ យើងគ្រោងនឹងពង្រីកមណ្ឌលចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីអាចចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតឱ្យបាន ១០.០០០ ទៅ ១២ ០០០ នាក់ក្នុងមួយថ្ងៃ ។ 

ឯកឧត្តម ហេង សួរ បញ្ជាក់បន្ថែមថា «នៅរាជធានីភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់វ៉ាក់សាំង ចំនួន ២០ម៉ឺនដូសក្នុងខែមេសានេះ ហើយបន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្តកណ្តាលដែលយើងត្រូវសម្រុកចាក់ជូនបងប្អូនកម្មករ និយោជិត ព្រោះខេត្តនេះមានភាពប្រទាក់ក្រឡាគ្នា មានការចេញចូលចម្រុះ ដូច្នេះយើងត្រូវគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់យើងឲ្យបានរឹងមាំសិន ទើបយើងពង្រីកទៅកាន់ខេត្តដទៃទៀត គឺខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តតាកែវ ជាខេត្តគោលដៅដែលយើងកំណត់ជាខេត្តអាទិភាពបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល» ។ 

ទន្ទឹមនេះដែរ ឯកឧត្តម ក៏បានអំពាវនាវឲ្យបងប្អូនកម្មករនិយោជិតដែលមិនទាន់បានចាក់វ៉ាក់សាំង សូមមេត្តារួសរាន់ចុះឈ្មោះជាមួយរដ្ឋបាលរោងចក្រ និងរង់ចាំទទួលកម្មវិធីផ្តល់វ៉ាក់សាំង តាមការរៀបចំរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងការពារសហគមន៍យើង កុំឱ្យជំងឺកូវីដ-១៩ វាយលុកចូលទៅក្នុងខ្លួនយើង ចូលទៅក្នុងផ្ទះរបស់យើង និងចូលក្នុងសង្គមជាតិរបស់យើង ដែលអាចបង្កមហន្តរាយដល់សុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិរបស់យើងផងដែរ ។

គួរជម្រាបជូនផងដែរថា អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ គិតចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ រួមមាន ៖ 

– អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩ ១១៦នាក់ (បរទេសចំនួន ៣៤៨ នាក់)

– ចាក់បានចំនួន ៨ ៨៧៥ នាក់(បរទេសចំនួន ៣៤៨ នាក់)

– គ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន ២៤១ នាក់(បរទេសចំនួន ០នាក់) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ