ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​សែន​ព្រះ​ខែ​កាន់តែ​ពេញ​និយម​សម្រាប់​ខែ្ម​រ​កាត់​ចិន​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិធីបុណ្យ​សែន​ព្រះ​ខែ​ត្រូវ​គេ​សង្កេត​ឃើញ​ថា កាន់តែ​ពេញ​និយម​សម្រាប់​ជនជាតិ​ខ្មែរ​កាត់​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ ។
ជា​ការ​កត់សម្គាល់​មុន​ថ្ងៃ​សែន​មក​ដល់ តាម​ដង​វិ​ថី​តូច​ធំ​ក្នុង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធីបុណ្យ​សែន​ព្រះ​ខែ​ត្រូវ​គេ​សង្កេត​ឃើញ​ថា កាន់តែ​ពេញ​និយម​សម្រាប់​ជនជាតិ​ខ្មែរ​កាត់​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ ។
ជា​ការ​កត់សម្គាល់​មុន​ថ្ងៃ​សែន​មក​ដល់ តាម​ដង​វិ​ថី​តូច​ធំ​ក្នុង​រាជធានី​ភ្នំពេញ ក្រុម​អាជីវករ និង​ហាង​នំ​តូច​ធំ​បាន​រៀបចំ​ស្តង់​ដាក់​លក់​នំ​សម្រាប់​សែន​ជា​ច្រើន​ប្រភេទ​ត្រៀបត្រា ហើយ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​កាត់​ចិន​ទិញ​នំ​ជា​បន្ត បន្ទាប់ ។

បើ​តាម​ស្ត្រី​ឈ្មោះ លាង រស់នៅ​ចាក់​អង្រែ​ក្រោម​ដែល​ទៅ​ទិញ​នំ​សែន​ព្រះ​ខែ​នៅ​ហាង​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ២០១៥ ឱ្យ​ដឹង​ថា ពិធី​សែន​នំ​ព្រះ​ខែ​នេះ​គាត់​តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ដោយ​មិន​មាន​អាក់ខាន​ឡើយ ព្រោះ​គាត់​មាន​សែស្រឡាយ​ជា​ជនជាតិ​ចិន ។ ពិធី​សែន​នេះ​ធ្វើ​ឡើង​ចំនួន​២​លើក​ក្នុង​ថ្ងៃ​តែ​មួយ ដោយ​លើក​ទី​មួយ​គេ​សែន​នៅ​ពេល​ព្រឹក​ជាមួយ​នំ​ដែល​មាន​ស្នូល​គ្រប់មុខ ហើយ​សម្រាប់​ពេល​យប់ ពេល​ព្រះ​ចន្ទ​ពេញបូណ៌មី គឺ​សែន​នំ​ដែល​ខ្មែរ​យើង​ហៅ​ថា​នំកន្ទក់ មាន​រូប​ស្លាក​សញ្ញា​ព្រះ​នាង​គង់​ស៊ី​អី​ុ​ម ។ យ៉ាងណា​ក៏​ដោយ អ្នកស្រី​លាង មិន​បានដឹង​ពី​ប្រវត្តិ​ច្បាស់លាស់​នៃ​ពិធីបុណ្យ​សែន​នំ​ព្រះ​ខែ​ឡើយ ប៉ុន្តែ​បើ​តាម​គាត់​ធ្លាប់​ឮ ចាស់​ៗ​និទាន​ត​គ្នា​ថា ពិធី​នេះ​គេ​ប្រារព្ធ​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ស្តេច​ចិន​មួយ​អង្គ ។

ស្តេច​ចិន​មួយ​អង្គ​នោះ​បាន​សោយ​នំ​ព្រះ​ខែ​នៅ​ពេល​ព្រឹក ហើយ​នៅ​មុន​ពេល​សោយ​ទិវង្គត​បាន​សោយ​នំ​ព្រះ​ខែ​ដែរ​នៅ​ពេល​យប់ ។ ស្តេច​ដដែល​នេះ​ក៏​បាន​ផ្តាំផ្ញើ​ដល់​បុត្រា បុត្រី​ទាំងអស់​របស់​ព្រះ​អង្គ​ឲ្យ​សែន​នំ​នេះ​ថ្វាយ​នៅ​រៀង​រាល់​ឆ្នាំ​ក្នុង​ខែពេញបូណ៌មី ។

ផ្ទុយ​ពី​ការ​បញ្ជាក់​របស់​អ្នកស្រី​លាង មាន​ឯកសារ​ខ្លះ​សរសេរ​ថា ជា​រៀង​រាល់​ឆ្នាំ​ជនជាតិ​ចិន​តែង​នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​សែន​ព្រះ​ខែ​ចំ​ថ្ងៃ​ដែល​ព្រះ​ចន្ទ​ពេញបូណ៌មី ដោយ​តំណាល​តាម​រឿងព្រេង​ថា ទេពធីតា​ព្រះ​ចន្ទ​ឆាង​អឺ រស់នៅ​ក្នុង​រាជវាំង​ចរណៃ តែង​ចេញ​ទៅ​រាំ​នៅ​ក្រោម​ផ្ទៃ​ពណ៌​ខ្មៅ​នៅ​ថ្ងៃនេះ ។

ចំណែក​រឿងព្រេង ផ្សេង​ៗ​ទៀត​តាំងពី​បុរាណកាល​បាន​តំណាល​ដែរ​ថា មាន​ព្រះអាទិត្យ​១០​លេច​ចេញ​ដំណាលគ្នា​លើ​ផ្ទៃមេឃ​។ ឃើញ​ដូចនេះ​ព្រះ​ចៅ​អធិរាជ​បាន​បញ្ជា​ឲ្យ​អ្នក​បាញ់​ធ្នូ​ដ៏​ល្បីឈ្មោះ​ម្នាក់​បាញ់​ទម្លាក់​ព្រះអាទិត្យ​ទាំង​៩​ដែល​បន្ថែម​លើ​ព្រះអាទិត្យ​ធម្មតា​នោះ ។ នៅ​ពេល​ដែល​ការងារ​បាន​សម្រេច អាទិទេព​នៃ​ឋានសួគ៌​ខាងលិច​បាន​ប្រទាន​ដល់​អ្នក​បាញ់​ធ្នូ​នូវ​ថ្នាំ​ទិព្វ​ជីវិត​អមតៈ ។ ប៉ុន្តែ​ប្រពន្ធ​របស់​គាត់​បាន​លួច​យក​ថ្នាំ​ទិព្វ​នោះ​ទៅ​ផឹក និង​ត្រូវ​បាន​និរទេស​ទៅ​ភព​ព្រះ​ចន្ទ ។ ចាប់តាំងពី​ថ្ងៃ​នោះ មក​សម្រស់​របស់​ប្រពន្ធ​អ្នក​បាញ់​ធ្នូ​ស្អាត​បំផុត​គឺ​នៅ​ថ្ងៃ​បុណ្យ​សែន​ព្រះ​ខែ​នេះ ។

រឿង​មួយទៀត​ដែល​ទាក់ទង​នឹង​ការ​សែន​នំ ព្រះ​ខែ​គឺ​ស្ថិត​ក្នុង​ប្រវត្តិសាស្ត្រ​ចិន ដែល​ប្រទេស​ចិន​បាន​យកជ័យ​ជម្នះ​លើ​ជនជាតិ​ម៉ុង​ហ្គោ​ល​ក្នុង​ឆ្នាំ​១៣៦៨​នៃ​គ្រឹ​ស្ត​សករាជ ។
គេ​បាន​និទាន​ថា ជនជាតិ​ម៉ុង​ហ្គោ​ល​មិន​ហូប​នំ​ព្រះ​ខែ​ទេ ដូច្នេះ​វា​ជា​វត្ថុ​ដ៏​ល្អ​បំផុត​ក្នុង​ការ​លាក់​សារ​សម្ងាត់​ក្នុង​ការ​ផ្ដួលរំលំ​ពួក​ម៉ុង​ហ្គោ​ល ។ គ្រួសារ​ទាំងឡាយ​របស់​ជនជាតិ​ចិន​ត្រូវ​បាន​ណែនាំ​កូនចៅ​របស់​ខ្លួន​មិន​ឲ្យ​ហូប​នំ​សែន​ព្រះ​ខែ​ទេ រហូត​ដល់​ថ្ងៃ​បុណ្យ​សែន​ព្រះ​ខែ​ដែល​ជា​ពេល​ផ្ដួលរំលំ​ពួក​ម៉ុង​ហ្គោ​ល​នោះ ទើប​អនុញ្ញាត​ឲ្យ​ហូប ។

សមាជិក​របស់​សមាគម​ចិន​នៅ​ព្រះ​វិហារ ឈិ​ន​ជិន លោក​លឹ​ម ប៉ោ​ហេង រៀបរាប់​ប្រវត្តិ​ពិធី​សែន​នំ​ព្រះ​ខែ​ថា តាម​រឿងព្រេង​តំណាល​ថា មាន​កាល​មួយ​នៅ​លើ​ភព​ផែនដី​មាន​ព្រះអាទិត្យ​រហូត​ដល់​ទៅ​ដប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកស្រុក​មិន​អាច​ប្រកប​កិច្ចការ​មុខរបរ​ធ្វើស្រែ​ចម្ការ​បាន ។ កាលនោះ​មាន​បុរស​ម្នាក់​ដែល​មាន​វិជ្ជា​សិល្ប៍ និង​វិជ្ជា​គុន​ខ្លាំងពូកែ ហើយ​មាន​ស្នាដៃ​ល្អ​ឯក ក្នុង​ការ​បាញ់​ព្រួញ រស់នៅ​ភ្នំ​ឃុន​លន់​។ បុរស​ម្នាក់​នោះ​មានឈ្មោះ​ហ៊ុយ​អី​ុ ។ ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាជន ព្រោះតែ​មាន​ព្រះអាទិត្យ​រះ​ម្តង​១០ ដូច្នេះ​ហើយ​ទើប​បុរស​នោះ​ដាច់​ចិត្ត​ចុះ​ពីលើ​ភ្នំ ដោយ​ប្រើ​ព្រួញ​របស់​គាត់​បាញ់​ព្រះអាទិត្យ​ទម្លាក់​ឲ្យ​ធ្លាក់​អស់​៩ នៅ​សល់​តែ​មួយ​ប៉ុណ្ណោះ ។

ដោយសារ​តែ​គាត់​ជា​បុរស​ក្លាហាន និង​មាន​សមត្ថភាព មាន​ទេព​កោសល្យ និង​ស្នាដៃ​ល្អ និង​ល្បី ត​ៗ​គ្នា ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​នារី​ម្នាក់​ឈ្មោះ​ថា ឆាង​អឺ លួច​ស្រលាញ់​គាត់ ។ ក្រោយមក​អ្នក​ទាំង​ពីរ​ក៏​បាន​ក្លាយជា​ប្តី​ប្រពន្ធ ។

ក្រោយ​ពី​មាន​ស្នាដៃ​ក្នុង​ការ​បាញ់​ព្រួញ​ទម្លាក់ព្រះអាទិត្យ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​បុរស​ឈ្មោះ ហ៊ុយ​អីុ ល្បី​រន្ទឺ​គ្រប់​ទីកន្លែង រហូត​មាន​មនុស្ស​ជា​ច្រើន​សុំ​គាត់​ធ្វើ​ជា​គ្រូបង្ហាត់​បង្រៀន​វិជ្ជា​សិល្ប៍ និង​វិជ្ជា​គុន ។ ក្នុង​ចំណោម​កូនសិស្ស​ជា​ច្រើន មានកូន​សិស្ស​ម្នាក់​ឈ្មោះ​ម៉ុង​តា ចិត្តអាក្រក់​លោភលន់ ។ ដោយ​ដឹង​ថា​លោកគ្រូ​ហ៊ុយ​អីុ មាន​ថ្នាំ​ស័ក្តិសិទ្ធិ​ម្យ៉ាង ដែល​លេប​ទៅ​មានជីវិត​អមតៈ អាច​ហោះហើរ​ឡើង​ទៅ​លើ​មេឃ និង​ក្លាយជា​ទេវតា ម៉ុង​តា​បាន​រៀបចំ​គម្រោង​ដើម្បី​យក​ថ្នាំ​ស័ក្តិ​សិទ្ធ​នោះ​មក​ផឹក​ខ្លួនឯង ។

នៅ​ថ្ងៃ​ទី​១៥​កើត ខែ​៨ (​ថ្ងៃខែ​ចិន​) លោកគ្រូ​ហ៊ុយ​អីុ បាន​ចាកចេញ​ទៅ​បរបាញ់​សត្វ​ជាមួយ​សិស្ស​ដទៃ​នៅ​ខាងក្រៅ ។ ដោយ​ដឹង​ថា លោកគ្រូ និង​សិស្ស​រួម​គ្រូ​មិន​នៅ ជា​ឱកាស​មួយ​សម្រាប់​ម៉ុង​តា ចេញ​ទៅ​រក​នាង​ឆាង​អឺ គំរាម​យក​ថ្នាំ​អមតៈ ដើម្បី​សម្រេច​បំណង​របស់​ខ្លួន​ដែល​ចង់​ក្លាយទៅជា​ទេវតា ។

ដោយសារ​ឆាង​អឺ មានការ​ភ័យ​ខ្លាច​ថ្នាំ​អមតៈ​ធ្លាក់​ទៅ​លើ​ដៃ​ជនខិលខូច ម៉ុង​តា ទើប​ឆាង​អឺ សម្រេចចិត្ត​លេបថ្នាំ​អមតៈ​ដោយ​ខ្លួនឯង ពេល​នោះ​ខ្លួន​របស់​ឆាង​អឺ បាន​ក្លាយជា​ស្រាល​ដូច​សំឡី ហើយ​ហោះ​ទៅ​ឋាន​ព្រះ​ចន្ទ​បាត់​ទៅ ។

នៅ​ពេល​ដែល​ហ៊ុយ​អឺ ត្រឡប់​ទៅ​វិញ​មិន​បានឃើញ​ប្រពន្ធ​របស់​ខ្លួន និង​ក្រោយ​ពី​បាន​ស្តាប់​អ្នកបម្រើ​នៅ​ក្បែរ​ខ្លួន​រ៉ា​យ​រា​៉​ប់​ពី​ហេតុការណ៍​រួច​ហើយ ហ៊ុយ​អីុ ដែល​មានចិត្ត​អាណិត​ស្រលាញ់​ប្រពន្ធ​ជា​ពន់ពេក​គាត់​ក៏​ចាប់ផ្តើម​ធ្វើ​នំ​ដែល​ប្រពន្ធ​របស់​គាត់​ចូល​ចិត្ត ដែល​មាន​ដូច​ជា​នំ​លោក​ខែ នំ​ង៉ូ​វ​យី​ង (​នំ​ដែល​មាន​ស្នូល ដូច​ជា សណ្តែក ល្ង​) និង​ផ្លែ​ឈើ ផ្សេង​ៗ​ទៀត ដែល​ឆាង​អឺ ចូល​ចិត្ត​ដាក់​សែន​ជូន​ប្រពន្ធ​ជាទី​ស្រលាញ់​របស់​គាត់ ។ ជនជាតិ​ចិន ក្រោយ​ពី​បានឃើញ​ហ៊ុយ​អី​ុ សែនព្រេន​បែប​នេះ ជូន​ដល់​ទេវតា​ដែល​មានឈ្មោះ​ថា ព្រះ​នាង ឆាង​អឺ ក៏​ចាប់ផ្តើម​មាន​ជំនឿ​ថា ឆាង​អឺ​បាន​ក្លាយជា​ទេពធីតា​ព្រះ​ចន្ទ ហើយ​ទម្លាប់​សែន​នោះ​ក៏​ធ្វើ​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ ៕