អាជ្ញាធរខេត្តស្វាយរៀង ដាក់បារ៉ាស់ ២៦គោលដៅ ដើម្បីអនុវត្តការហាមឃាត់ឆ្លងកាត់ខេត្ត - Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អាជ្ញាធរខេត្តស្វាយរៀង ដាក់បារ៉ាស់ ២៦គោលដៅ ដើម្បីអនុវត្តការហាមឃាត់ឆ្លងកាត់ខេត្ត

2 ថ្ងៃ មុន
  • Svay Rieng

ខេត្តស្វាយរៀង៖ ដើម្បីសុវត្ថិភាពរបស់ប្រទេសជាតិ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺ​កូវីដ​១៩ ក៏ដូចជាជីវិតរបស់​ប្រជាជនកម្ពុជា និងយោងតាមបទបញ្ជារាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងចម្រុះក្នុងមូលដ្ឋានខេត្តស្វាយរៀង បានចាត់វិធានការ​រដ្ឋបាលដាក់ប៉ារ៉ាស់ នៅតាមព្រំប្រទល់រវាងខេត្ត និងខេត្ត ចំនួន…

ខេត្តស្វាយរៀង៖ ដើម្បីសុវត្ថិភាពរបស់ប្រទេសជាតិ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺ​កូវីដ​១៩ ក៏ដូចជាជីវិតរបស់​ប្រជាជនកម្ពុជា និងយោងតាមបទបញ្ជារាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងចម្រុះក្នុងមូលដ្ឋានខេត្តស្វាយរៀង បានចាត់វិធានការ​រដ្ឋបាលដាក់ប៉ារ៉ាស់ នៅតាមព្រំប្រទល់រវាងខេត្ត និងខេត្ត ចំនួន ២៦គោលដៅ មិនឱ្យធ្វើចរាចរណ៍ឆ្លងកាត់ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

វិធានការបិទចរាចរណ៍ចេញចូលខេត្តស្វាយរៀង ជាប់ព្រំដែនវៀតណាមនេះ​ ធ្វើឡើង ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត។ ក្នុងនោះ រមណីយដ្ឋានទេសចរណ៍នៅទូទាំងខេត្តស្វាយរៀង​ ក៏ត្រូវបិទជាបណ្តោះអាសន្នផងដែរ។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ការរៀបចំកម្លាំងចម្រុះហាមឃាត់ការធ្វើដំណើរឆ្លងកាត់​រវាងខេត្តស្វាយរៀង និងខេត្តព្រៃវែង មានចំនួន ២៦គោលដៅ ដោយប្រើប្រាស់កម្លាំង​ចម្រុះសរុបរួម ១៧៩នាក់។ ក្នុងនោះ កម្លាំងនគរបាលស្រុកចំនួន ៧១នាក់ និងកងរាជអាវុធហត្ថស្រុក ៩នាក់ យោធាស្រុកចំនួន ១៦នាក់ ព្រមទាំងកម្លាំងប្រជាការពារចំនួន ៨៣នាក់​។

ទីតាំងគោលដៅទាំងនោះ រួមមាន៖ ស្រុករមាសហែក មានព្រំប្រទល់ជាប់ស្រុកមេសាង ស្រុកកំចាយមារ ខេត្តព្រៃវែង មានចំនួន ១៩គោលដៅ ដោយប្រើប្រាស់​កម្លាំងចម្រុះសរុប ១១៦នាក់ ដឹកនាំដោយវរសេនីយ៍ឯក យិន សុខ ស្នងការរងនគរបាលខេត្ត ក្នុងនោះ កម្លាំងនគរបាលស្រុកចំនួន ៣២នាក់ កម្លាំងកងរាជអាវុធហត្ថស្រុក ០៤នាក់ កម្លាំងយោធាស្រុកចំនួន ០៦នាក់ កម្លាំងប្រជាការពារចំនួន ៧៤នាក់។ ស្រុកស្វាយជ្រំ មានព្រំប្រទល់ជាប់ស្រុកកំពង់ត្របែក ស្រុកមេសាងខេត្តព្រៃវែង មានចំនួន ០៧គោលដៅ ដោយប្រើប្រាស់កម្លាំងចម្រុះសរុប៦៣នាក់ ដឹកនាំដោយឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងនគរបាលខេត្ត ក្នុងនោះ កម្លាំងនគរបាលស្រុកចំនួន ៣៩នាក់ កម្លាំងកងរាជអាវុធហត្ថស្រុក ០៥នាក់ កម្លាំងយោធាស្រុកចំនួន១០នាក់ និងប្រជាការពារចំនួន ០៩នាក់។

សូមបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង មិនទាន់ថមថយនៅឡើយទេ គឺនៅតែមានអ្នកឆ្លងជំងឺនេះ ជាបន្តបន្ទាប់ គឺគិតត្រឹមថ្ងៃទី៨ ខែមេសានេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈ មានចំនួន ១២៩នាក់ហើយ។ អាជ្ញាធរ បានដាក់មន្ទីរពេទ្យចំនួន ៣សម្រាប់ព្យាបាលជំងឺកូវីដ១៩ រួមមាន៖ មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រុំ មន្ទីរពេទ្យសាមគ្គីរំដួលស្រុករំដួល និងមន្ទីរពេទ្យ នៅក្នុងតំបន់កាស៊ីណូ បាវិត-ម៉ុកបាយ ក្រុងបាវិត។

ក្នុងនោះ នៅក្រុងបាវិត ក៏បានអនុវត្តនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩​ នៅក្នុងភូមិសាស្ត្រក្រុងបាវិត​ ខេត្តស្វាយរៀង រយៈពេល ១២ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។ ក្នុងនោះ មានការរឹតបន្តឹង​ការធ្វើដំណើរ​និងហាមឃាត់ការជួបជុំ​នានា​។ កាស៊ីណូ ដែលជាកន្លែងផ្ទុះការឆ្លងរាលដាល​កូវីដ១៩ នាពេលនេះ ក៏ត្រូវបាន​បិទ​ជាបណ្តោះអាសន្នផងដែរ៕ ដោយ៖ វ៉ាន់ប៊ុនធឿន

Picture
Picture
Picture
Picture
Picture
Picture