ខេត្តព្រះសីហនុ៖ ចៅហ្វាយខេត្តព្រះសីហនុ លោក គួច ចំរើន កំពុងពិចារណា ឱ្យអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួច អាចចេញចូលខេត្តព្រះសីហនុបាន។
លោក គួច ចំរើន បានលើកឡើងថា «រដ្ឋបាលខេត្តព្រះសីហនុ កំពុងពិចារណា ផ្តល់ការអនុញ្ញាតជូនចំពោះតែអ្នក ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរលើករួចរាល់ និងមានភាពចាំបាច់ ត្រូវធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ នៅក្រោយពេលបម្រាមធ្វើដំណើរឆ្លងខេត្តរបស់រាជរដ្ឋាភិបាលបានបញ្ចប់»។
បំណងដូច្នេះ ត្រូវបានបង្ហោះតាមហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។
គួររម្លឹកថា ខេត្តព្រះសីហនុ បានបិទចរាចរណ៍ មិនឲ្យអ្នកដំណើរឆ្លងកាត់ ចាប់តាំងពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ រីឯបម្រាមរបស់រាជរដ្ឋាភិបាល បិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១៕

ចែករំលែកព័តមាននេះ