ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ឱ្យ​តាម​ប្រមា.ញ់​អ្នក​នៅ​ពីក្រោយ​ខ្នង​ការ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​តំបន់​៣

3 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ចាប់​ត្រាក់ទ័រ​ចំនួន​២​គ្រឿង និង​មនុស្ស​២​នាក់ ដែល​បាន​ធ្វើ​សកម្ម​ភាព​​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ ក្នុងភូមិ​សំរោង​សែន ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​៧…

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ចាប់​ត្រាក់ទ័រ​ចំនួន​២​គ្រឿង និង​មនុស្ស​២​នាក់ ដែល​បាន​ធ្វើ​សកម្ម​ភាព​​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ ក្នុងភូមិ​សំរោង​សែន ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦​កន្លង​ទៅ​នេះ មក​ដល់​ពេល​នេះ មន្ត្រី​ជំនាញ​បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​ទាំង​២​នោះ​ហើយ ប៉ុន្តែ​នៅឡើយ​តែ​អ្នក​នៅ​ពីក្រោយ​ខ្នង​មិន​ទាន់​បានឱ្យ​ដឹង​នៅឡើយ​ដែល​មិន​គួរ​នៅ​លាក់បាំង​ទេ គ្រា​ដែល​សមត្ថកិច្ច​ជំនាញ​បាន​អះអាង​ថា​នឹង​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​មិន​អាច​អត់ឱន​ឱ្យ​បាន​ឡើយ ។

លោក តាត សី​ហាក់ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ស្តីទី បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា អ្នក​ពាក់ព័ន្ធ​នឹង​ករណី​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ទាំង​២​នាក់ ម្នាក់​ឈ្មោះ យ៉​ន ចិន្តា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ប៉​ប្រ៉​ក ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ជា​ម្ចាស់​ដី និង​ម្នាក់​ទៀត ឈ្មោះ ហូត ហ៊ី​ម ភេទ​ប្រុស អាយុ​៤៥​ឆ្មាំ រស់នៅ​ភូមិ ជ្រលង ឃុំ​ដារ ស្រុក​កំពង់លែង ជា​មេការ​ត្រាក់ទ័រ ។ ចំពោះ​វត្ថុ​តាង​ត្រាក់ទ័រ​ចំនួន​២​គ្រឿង ម៉ាក​គូ​បូ​តា កម្លាំង​៦០៤០​សេស ពណ៌​ក្រហម ។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​បង្ហាញ​ឆន្ទៈ​យ៉ាង​ម៉ឹង​ម៉ាត់​ថា មក​ដល់​ពេល​នេះ​មន្ត្រី​ជំនាញ​នៅ​តែ​រឹង​មាំ ដើម្បី​បន្ត​នីតិវិធី​បន្ថែម​ទៀត ។ ជា​ពិសេស​នៅ​ពេល​នេះ សមត្ថកិច្ច​យើង​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ មក​ខណ្ឌ​ហើយ និង​វត្ថុ​តាង​ត្រាក់ទ័រ​ចំនួន​២​គ្រឿង​ក៏​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់លែង​រួចរាល់​ហើយ​ដែរ ។ ដោយសារ​តែ​ក្នុង​ករណី​នេះ យើង​រក​ឃើញ​ថា​នៅ​មាន​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ហើយ​ឥឡូវនេះ​កំពុង​តែ​បន្ត​នីតិវិធី​ដើម្បី​ស្រាវជ្រាវ រក​អ្នក​ទាំងនោះ​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ដោយ​មិន​លើកលែង ដើម្បី​បិទ​បញ្ចប់​សំណុំរឿង​នេះ​ឲ្យ​ឆាប់​បំផុត ។ រឿង​បែប​នេះ​មិន​គួរ​ទុក​ស្អែក​មេខ្លោង​តទៅ​ទៀត​ឡើយ​…​ហេ ! ហេ !

គួរ​រំលឹក​ថា នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦​ក្រោម​បទបញ្ជា ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង និង​មានការ​សម្របសម្រួល​ឯកឧត្តម ឯក ស៊ិ​ន​រស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ និង​ត្រាក់ទ័រ​២​គ្រឿង ដែល​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ព្រៃ​តំបន់​៣ ដែល​ជា​ព្រៃ​ហាមឃាត់​របស់​រដ្ឋ​នៅ​ចំណុច​តា​តុ​ន ស្ថិត​ក្នុងភូមិ​សំរោង​សែន ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​ឡើង​វាលរហោឋាន​ទៅ​ហើយ​ឬ អស់​ជា​ច្រើន​ហិ​កតា ។

ក្រោយ​ការ​ចាប់​ឃាត់ ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​ការ​ខូចខាត​ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​៨ និង​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៦​បាន​រក​ឃើញ​ថា ទំហំ​នៃ​ការ​ខូចខាត​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ នៅ​ចំណុច​ខាងលើ​មាន​ចំនួន​ជាង​១៣​ហិ​កតា ។

ដោយឡែក តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា មាន​ត្រាក់ទ័រ​ចំនួន​៤​គ្រឿង ចូល​ទៅ​ឈូស​ឆាយដី ព្រៃ​លិច​ទឹក តំបន់​៣ នៅ​ចំណុច​ស្ពាន​កោះ​បូ និង​ចំណុច​តា​តុ​ន ស្ថិត​ក្នុងភូមិ​សំរោង​សែន ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ប៉ុន្តែ​ពេល​សមត្ថកិច្ច​ប្រតិបត្តិការ​បង្ក្រាប​ចាប់​បាន​តែ​២​គ្រឿង​ប៉ុណ្ណោះ ២​គ្រឿង​ទៀត​បាន​រត់​រួច ។

ជុំវិញ​ករណី​នេះ ប្រជាពលរដ្ឋ​បាន​ដាក់​ការ​សង្ស័យ​ថា ប្រហែលជា​មាន​ភ្លើង​ខៀវ​ពី​ខាង​ណា​ហើយ​មើលទៅ បានជា​មាន​បទល្មើស​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​ផ្លូវ​តំបន់​៣ ដែល​ច្បាប់​ហាមឃាត់​បែប​នេះ ។ សង្ស័យ​ខ្មោច​ក្នុង​ជួយ​ប្រាប់​ទេ​ដឹង បានជា​រត់​រួច ។ តើ​បុរស​ណា​ទៅ ដែល​ថ្លើមពាសមេឃ​ហ៊ាន​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ហាមឃាត់​បែប​នេះ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ