ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករក្នុងវិស័យទេសចរណ៍សាទរចំពោះកម្ពុជាត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាគោលដៅសៀមរាប-អង្គរ នៅត្រីមាសទី៤

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យោង​តាម​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួងទេសចរណ៍​បាន​បង្ហើប​ថា​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ពិចារណា​ក្នុង​ការ​បើក​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​ហើយ មក​ទស្សនា​គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ ហើយ​ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឱ្យ​អាជីវករ​ឬ​អ្នក​រកស៊ី​ផ្តល់​សេវា​ក្នុង​វិស័យ​ទេសចរណ៍​ដែល​រង​ផល​ប៉ះពាល់​ជាង​១​ឆ្នាំ​មកនេះ​បាន​បង្ហាញ​ការ​ស្វាគមន៍​និង​សាទរ​ចំពោះ​ដំណឹង​មួយ​នេះ​។ អ្នកស្រី ខៃ ចិន្តា ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ​៖ យោង​តាម​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួងទេសចរណ៍​បាន​បង្ហើប​ថា​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ពិចារណា​ក្នុង​ការ​បើក​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​ហើយ មក​ទស្សនា​គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ ហើយ​ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឱ្យ​អាជីវករ​ឬ​អ្នក​រកស៊ី​ផ្តល់​សេវា​ក្នុង​វិស័យ​ទេសចរណ៍​ដែល​រង​ផល​ប៉ះពាល់​ជាង​១​ឆ្នាំ​មកនេះ​បាន​បង្ហាញ​ការ​ស្វាគមន៍​និង​សាទរ​ចំពោះ​ដំណឹង​មួយ​នេះ​។

អ្នកស្រី ខៃ ចិន្តា ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ៨​មេ​សា​នេះ​ថា​« ក្នុង​នាម​ជា​អាជីវករ​ផ្នែក​សណ្ឋាគារ​កម្ពុជា ពេល​បានឃើញ​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍​នេះ គឺ​មាន​សេចក្តី​រីករាយ ព្រោះ​យើង​រំពឹង​លើ​ការ​ទទួលភ្ញៀវ​បរទេស​យូរ​មក​ហើយ​ព្រោះ​ជំងឺ​កូ​វី​ដ​១៩​បាន​អូស​បន្លាយ​អស់​រយៈពេល​វែង ក្នុង​នាម​ជា​អាជីវករ ពួក​យើង​មិន​ធ្លាប់​គិត​ថា​វា​អូស​បន្លាយ​វែង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​អាជីវកម្ម​ខ្លាំង​បែប​នេះនោះ​ទេ​។​តែ​មក​ដល់​ឥលូវ គាត់​(​ក្រសួងទេសចរណ៍​)​ថា​រៀបចំ​ទទួលភ្ញៀវ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ឱ្យមក​ចូល​លេង​នៅ​ស្រុក​ខ្មែរ​គឺជា​ការ​ល្អ​មែនទែន​។​ដូចនេះ​ខ្ញុំ​សូម​ស្វាគមន៍​និង​សាទរ​»​។

បើ​តាម​ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​រូប​នេះ​ថា បច្ចុប្បន្ន​នេះ​អាជីវកម្ម​ពាក់ព័ន្ធ​និង​វិស័យ​ទេសចរណ៍​មិន​ទាន់​បាន​ត្រៀមលក្ខណៈ​នៅឡើយ​ទេ ព្រោះ​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​មានការ​ហាមឃាត់​មិន​ឱ្យ​ឆ្លងកាត់​និង​ធ្វើ​ដំណើរ​។​តែ​នៅ​ពេល​ក្រសួងទេសចរណ៍​ដាក់​ផែនការ​មក អាជីវករ​ទាំងអស់​ក្នុង​វិស័យ​ទេសចរណ៍​យើង​នឹង​រៀបចំ​ខ្លួន​ឱ្យ​បាន​ទាន់​ពេលវេលា​។

អ្នកស្រី ខៃ ចិន្តា សង្កត់ធ្ងន់​ថា​«​ខ្ញុំ​សង្ឃឹម​និង​គិត​ថា យើង​ទាំងអស់​គ្នា នឹង​សប្បាយចិត្ត ព្រោះ​យើង​បាន​រង​ចាំ​ទទួលភ្ញៀវ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ស៊ឹង​តែ​ដួល​រំលំ​អស់​គ្រប់​គ្នា ស្រាប់តែ​មើលឃើញ​ដំណឹង​ល្អ ដោយ​រាជរដ្ឋាភិបាល នឹង​ពិចារណា​ឬ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស ចូល​មក​ទស្សនា​នៅ​អង្គរ គឺ​ពួក​គាត់​មានចិត្ត​ត្រេកអរ​ទាំងអស់​គ្នា នឹង​រង​ចាំ​ស្វាគមន៍ ហើយ​និង​រៀបចំ​សេវាកម្ម​ធ្វើ​យ៉ាងណា​ឱ្យ​ភ្ញៀវ​សប្បាយចិត្ត​»​។

លោក ធឿ​ន វុ​ឌ្ឍី ម​គ្គុ​ទេស ទេសចរណ៍​ប្រចាំ​តំបន់​សៀមរាប​បានឱ្យ​ដឹង​ថា​« ដំណឹង​នេះ ជា​ការ​ល្អ​សម្រាប់​អ្នករក​ស៊ីក្នុង​វិស័យ​ទេសចរណ៍ ប្រសិនជា​រាជរ​ដ្ឋា​ភិ​បា​អាច​ធ្វើ​បាន​។​តែ​សំខាន់​យើង​នៅ​មានការ​ជឿជាក់​តិចតួច​នៅឡើយ ព្រោះ​ជំងឺ​កូ​វី​ដ​១៩​នេះ​វា​ហាក់​មិន​ទាន់​មាន​សញ្ញាណ​ថមថយ​»​។ បើ​តាម​លោក ធឿ​ន វុ​ឌ្ឍី «​តែ​ទោះជា​យ៉ាងណា នេះ​ជា​ព័ត៌មាន​មួយ​ល្អ និង​ការ​ជា​លើកទឹកចិត្ត ហើយ​ខ្ញុំ​សូម​អបអរសាទរ​»​។

យោង​តាម​ក្រសួងទេសចរណ៍ បានឱ្យ​ដឹង​ថា ឯកឧត្តម​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ស្នើ​សុំ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ការ​ពិចារណា​បើក​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​ហើយ មក​ទស្សនា​គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ ស្រប​ពេល​ដែល​ការ​គ្រប់គ្រង​សហគមន៍​នៅ​ខេត្តសៀមរាប​-​អង្គរ​ស្ថិត​ក្នុង​ភាពល្អ​ប្រសើរ ព្រម​ជាមួយនឹង​ការ​ជំរុញ​ដំណើរការ​ចាក់​វ៉ាក់សាំង​បាន​លឿន​ជូន​ចំពោះ​មន្ត្រីរាជការ និង​ការ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង ជូន​ដល់​អ្នកបម្រើ​ការ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ផ្សេង​ទៀត​។

តាម​សំណើ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​ក្រសួងទេសចរណ៍​ចាប់ផ្តើម​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល (​គណៈកម្មការ​ចំពោះ​កិច្ច​) ក្រសួង​-​ស្ថាប័ន​ពាក់​ពាន់ រដ្ឋបាល​ខេត្ត និង​វិស័យ​ឯកជន ដើម្បី​សិក្សា​អំពី​ការ​បើក​ទទួល​កញ្ចប់​ទស្សនកិច្ច​ចំពោះ​ទេសចរ​ដែល​ចាក់​វ៉ា​កក់​សាំង​រួច​ហើយ នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ ឬ​ពេលវេលា​សម​ស្រប​ណាមួយ​ដ៏​ឆាប់​ខាង​មុខ​នេះ​។

សៀមរាប​-​អង្គរ ជា​គោលដៅ​ទេសចរណ៍​ដ៏​ចម្បង​មួយ​នេះ​ដែល​មានការ​គ្រប់គ្រង​សហគមន៍​បាន​ល្អ​ហើយ និង​នៅ​ពេល​ដែល​អ្នក​ផ្តល់​សេវា​ទេសចរណ៍​ទាំងឡាយ​បាន​ទទួល​វ៉ាក់សាំង​រួច​ហើយ គួប​ផ្សំ​នឹង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ល​រដ្ឋ​ក្នុង​គោលដៅ​នេះ​បាន​ដំណើរការ​ទៀត វា​អាច​នឹង​បង្ហាញ​បាន​នូវ​ភាព​ជឿជាក់​កក់ក្តៅ​ដល់​ទេសចរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ