រសៀលនេះ! ស្ថានភាពចរាចរណ៍លើស្ពានព្រះមុន្នីវង្សចាស់កកស្ទះ ក្រោយបិទ ដើម្បីជួសជុល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គិតត្រឹមតាំងពីវេលាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដល់វេលាសៀលថ្ងៃខែដដែល ស្ថានភាពចរាចរណ៍ធ្វើដំណើរដែលត្រូវឆ្លងកាត់ស្ពានព្រះមុន្នីវង្ស គឺហាក់មានសភាពកកស្ទះខ្លាំងគួរសម ពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ១ ត្រើយខាងកើតស្ពាន ស្ថិតក្នុងខណ្ឌច្បារអំពៅ និងចំណុចច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងខណ្ឌមានជ័យ ព្រុំប្រទល់គ្នាជាមួយខណ្ឌចំការមន ជាដើម ។
ចំពោះមូលហេតុ នៃការកកស្ទះចរាចរណ៍ គឺដោយសារអាជ្ញាធររាជធានីភ្នំពេញ បានបិទការធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុន្នីវង្សចាស់ទាំងស្រុង ដើម្បីធ្វើការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ ។
ទន្ទឹមនឹងការបិទចរាចរណ៍ធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុន្នីវង្សចាស់ខាងលើ រដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក៏បានចេញនូវសេចក្តីជូនដំណឹងអំពីការពង្វាងចរាចរណ៍នៅចំណុចស្ពានព្រះមុន្នីវង្សចាស់ផងដែរ ដើម្បីធ្វើការជួសជុលកម្រាលកៅស៊ូលើស្ពាន ។ ដំណើរការជួសជុលនោះ គឺត្រូវប្រើពេលវេលារយះពេល ៣ថ្ងៃ គិតចាប់ពីវេលាម៉ោង៨ព្រឹកថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា ទើបបញ្ចប់ការជួសជុល ហើយនឹងបើកអោយបងប្អូនពលរដ្ឋចរាចរណ៍ឆ្លងកាត់ធម្មតាវិញផងដែរ ។
ជាក់ស្តែង ការបិទចរាចរណ៍ឆ្លងកាត់ស្ពានព្រះមុន្នីវង្សចាស់ខាងលើ គេសង្គេតឃើញ កម្លាំងអាជ្ញាធរមូលដ្ឋាន មានប្រជាការពារ និងនគរបាលចរាចរណ៍ ក៏បានឈរនៅលើដងផ្លូវដើម្បីសម្រួលចរាចរណ៍ធ្វើដំណើរផងដែរ ដោយបងប្អូនអ្នកដំណើរត្រូវធ្វើដំណើរទាំងទៅទាំងមក ត្រូវឆ្លងកាត់ស្ពានព្រះមុន្នីវង្សថ្មី រួមគ្នា ៕















ចែករំលែកព័តមាននេះ