រាជធានីភ្នំពេញ ៖ បុរសជនជាតិចិន២នាក់ជិះរថយន្តស៊េរីទំនើបមួយគ្រឿង ធ្វើដំណើរពេលយប់ល្មើសម៉ោងបម្រាមគោលចរណ៏ ក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរល្មើសបម្រាមគោលចរណ៏ដូចគ្នា បណ្តាលឲ្យម៉ូតូកង់ឥណ្ឌាឃ្ទាតចូលទៅបុករបងផ្ទះប្រជាពលរដ្ឋ រងខូចខាត ចំណែកម្ចាស់កង់បីរងបួសធ្ងន់ ។ ដោយឡែកភាគីខាងរថយន្តបានរងការខូចខាតយ៉ាងដំណំដូចគ្នា ។
ហេតុការណ៍ខាងលើនេះដែលបានកើតឡើងកាលពីវេលាម៉ោង11យប់ថ្ងៃទី7 ខែមេសា ឆ្នាំ2021 នៅតាមបណ្ដោយផ្លូវលេខ143 កែងផ្លូវ232 សង្កាត់បឹងព្រលឹត ខណ្ឌ7មករា រាជធានីភ្នំពេញ ។
រថយន្តមួយគ្រឿងខាងលើម៉ាកBMW 3251 ស៊េរីឆ្នាំ2006 ពណ៌ស លាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-2346 បើកបរដោយបុរសជាជនជាតិម្នាក់មិនស្គាល់អត្តសញ្ញាណ និងអ្នករួមដំណើរម្នាក់ទៀតជាជនជាតិមិនស្គាល់អត្តសញ្ញាណនោះទេ ។ ចំណែកភាគីខាងម៉ូតូកង់បីឥណ្ឌា បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពពីក្រុមសន្តិសុខយាមផ្ទះនៅកន្លែងកើតហេតុខាងលើបានប្រាប់អោយដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវ143 ទំនងឃើញផ្លូវស្ងាត់ ក៏បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ផ្លូវបំបែកជាបួន ក៏មានរថយន្តមួយគ្រឿងម៉ាក BMW ដោយជនជាតិចិន2នាក់ជិះក្នុងរថយន្តនោះ បានធ្វើដំណើរល្មើសបម្រាមគោលចរណ៏ដូចគ្នា គឺបើកបរក្នុងល្បឿនលឿនដូចហោះ ក៏ជ្រុលទៅបុកផ្ទប់ម៉ូតូកង់បីចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បីនោះខ្ទាតទៅបុកផ្ទប់ចូលរបងផ្ទះ និងផើងផ្ការបស់ប្រជាពលរដ្ឋ បណ្តាលឲ្យបែកបាក់ខូចខាត ចំណែកម៉ូតូកង់បីខ្ទេចមួយកំណាត់មុខខាងឆ្វេង រីឯអ្នកបើកបររងរបួសធ្ងន់សន្លប់ធំមួយសន្ទុះ ចំណែករថយន្តបង្កបានវិលក្បាលត្រឡប់ក្រោយវិញ រងការខូចខាតខ្ទេចមួយចំហៀងមុខខាងស្តាំ ។
បន្ទាប់ពីបង្កហេតុ ជនជាតិចិនបានចុះពីលើរថយន្ដទៅជួយសង្គ្រោះបឋមដល់ជនរងគ្រោះជាអ្នកបើកបរម៉ូតូកង់បី ហើយត្រូវបានសមត្ថកិច្ចទាក់ទងហៅរថយន្ដសង្គ្រោះមកដឹកទៅព្យាបាលរបួសភ្លាមៗផងដែរ ចំណែកជនជាតិចិនជាអ្នកបើករថយន្តបង្កទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ចជំនាញ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ