ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​ក្រុម​គ្រូពេទ្យ​បន្ត​យក​សំណាក​កម្មករ​រ​កាត់ដេរ «ឌី​ន​ហាន» ក្រោយ​មាន​អ្នក​ឆ្លង​កូ​វី​ដ​ជិត​៥០​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២១​នេះ ក្រុម​គ្រូពេទ្យ​បាន​បន្ត​ចុះ​ទៅ​យក​សំណាក បងប្អូន​កម្មករ​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ « ឌី​ន ហាន…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២១​នេះ ក្រុម​គ្រូពេទ្យ​បាន​បន្ត​ចុះ​ទៅ​យក​សំណាក បងប្អូន​កម្មករ​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ « ឌី​ន ហាន » ដែល​មាន​ទីតាំង ស្ថិត​តាម​បណ្តោយ​ផ្លូវ​ដួង​ងៀប ក្នុងភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ក្រោយ​រក​ឃើញ​កម្មករ​ជិត​៥០​នាក់ វិជ្ជមាន​ជម្ងឺ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២១ ។

ការ​ចុះ​យក​សំណាក​ពី​សំណាក់​ក្រុម​គ្រូពេទ្យ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​រោងចក្រ​ផ្ទាល់​តែ​ម្តង ដោយ​ក្រុម​កម្មករ​នាំ​គ្នា​មក​ជា​បន្តបន្ទាប់ ហើយ​ក្រោយ​ធ្វើ​សំណាក​រួច ក្រុម​គ្រូពេទ្យ​អនុញ្ញាត្តិ​អោយ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ដោយ​ខ្លួនឯង ប៉ុន្តែ​បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​អោយធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ដោយ​ខ្លួនឯង ដើម្បី​បន្ត​យក​សំណាក​នៅ​ពេល​ខាង​មុខ​ទៀត ក្នុង​ការ​តេ​ស្តិ៍​មេរោគ​កូ​វី​ដ​១៩ ។

សូម​បញ្ជាក់​ថា បន្ទប់​ជួល​ប្រមាណ​ជាង​១០០​បន្ទប់ នៅ​ក្បែរ​នឹង​រោងចក្រ​ខាងលើ គឺ​ត្រូវ​បាន​អាជ្ញាធរ​ចុះ​ទៅ​ធ្វើការ​ណែនាំ​អោយ​បងប្អូន​នាំ​គ្នា​ទៅ​យក​សំណាក​អោយ​បាន​គ្រប់​ៗ​គ្នា ពីព្រោះ​បងប្អូន​រស់នៅ​បន្ទប់​ជួល​ទាំងនោះ​ភាគច្រើន គឺ​សុទ្ធសឹងតែ​ជា​កម្មករ​កម្ម​ការ​នី ធ្វើការ​នៅ​ក្នុង​រោងចក្រ « ឌី​ន​ហាន » ខាងលើ ។

នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០៨ ដដែល​កម្ម​ការ​នី​ម្នាក់​រស់នៅ​តំបន់​បន្ទប់​ជួល​ខាងលើ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា មាន​ផ្ទុក​កូ​វី​ដ​១៩ ក្រោយ​ការ​យក​សំណាក​កាលពី​ម្សិលមិញ​រួច​មក ។ នារី​នោះ​មាន​វ័យ​ប្រមាណ​៣០​ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ ឌី​ន​ហាន ។ នាង​រស់នៅ​ជាមួយ​សមាជិក​៥​នាក់​ផ្សេង​ទៀត ដែល​កម្មករ​រោងចក្រ ឌី​ន​ហាន​ដូច​គ្នា ហើយ​បច្ចុប្បន្ន​អ្នក​ទាំង​៥ ត្រូវ​បាន​អាជ្ញាធរ​តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​មានការ​ហ៊ុំ​ព័ទ្ធ​ខ្សែ និង​មាន​កម្លាំង​អាជ្ញាធរ​យាមកាម នៅ​តំបន់​ផ្ទះ​ជួល​ទាំងនោះ​ផង​ដែរ ។

សូម​បញ្ជាក់​ថា រោងចក្រ « ឌី​ន​ហាន » មាន​ចំនួន​កម្មករ​កម្ម​ការ​នី ធ្វើការ​សរុប​២៨០២​នាក់ ក្នុង​នោះ​ប្រុស​មាន​២៦៣​នាក់ និង​មាន​ជនបរទេស​១៥​នាក់​ផង​ដែរ ។

គួរ​រំលឹក​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​បាន​ប្រកាស​អំពាវនាវ​ដល់ បងប្អូន​សាច់ញាតិ ឬ​មិត្តភក្តិ របស់​កម្មករ​ទាំងអស់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ តាម​ចំនួន​កំណត់​ហើយ​បើ​មិន​មក​ធ្វើតេស្ត រក​មេរោគ​កូ​វី​ដ​១៩ ឬ​ក៏​មិន​បាន​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​ទេ នឹង​ត្រូវ​ទទួលទោស​ពិន័យ​តាម​ច្បាប់ ជាក់​ជា​មិន​ខាន​ឡើយ ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​បន្ត​ថា «​យើង​ត្រូវ​រៀបចំ​ការងារ​ឱ្យ​មានការ​ធ្វើតេស្ត​សំណាក​នូវ​កម្មករ កម្មការិនី​នៅ​ក្នុង​រោងចក្រ​នេះ​ទាំងអស់ ។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ខ្ញុំ​ក៏​សូម​អំពាវនាវ និង​ក្រើនរម្លឹក​សុំ​បងប្អូន​កម្មករ កម្មការិនី​របស់​យើង​ដែល​ធ្វើការ ឬ​បម្រើ​ការងារ​នៅ​រោងចក្រ​ឌី​ន ហាន នេះ សូម​អញ្ជើញ​រួសរាន់ ដោយ​ស្មារតី​ភ្ញាក់រលឹក ស្មារតី​ចូលរួម​ទាំងអស់​គ្នា ក្នុង​ការ​តេស្ត​សំណាក ដើម្បី​យើង​រក​មើល​មេរោគ​កូ​វី​ដ​១៩ នេះ ចូលរួម​ទាំងអស់​គ្នា​បង្ការ​ការ​រីក​រាលដាល និង​ការ​ចម្លង​ករណី​នេះ​កាន់តែ​ធំ​ឡើង​» ។

លោក​បាន​បន្ត​ថា ក្រៅពី​ការ​អំពាវនាវ លោក​ក៏​គូសបញ្ជាក់​ថា​ការងារ​ផ្តល់​សំណាក ក៏​ជា​កាតព្វកិច្ច​ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ អនុក្រឹត្យ​លេខ ៣៧ បាន​ចែង​យ៉ាង​ច្បាស់ ពាក់ព័ន្ធ​ជាមួយ​មាត្រា​ទី ២១ ស្តី​ពី​ទោសទណ្ឌ​អំពី​ការ​ពិន័យ​អន្ត​ការណ៍ សម្រាប់​បុគ្គល​ដែល​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ដើម្បី​យក​សំណាក​ទៅ​វិភាគ​នោះ គឺ​អាច​ប្រឈម​នឹង​ការ​ផាកពិន័យ​ពី​១​លាន ទៅ​៥ លាន​រៀល ហើយ​ទោះបីជា​មានការ​ពិន័យ​ក៏​ដោយ ក៏​បុគ្គល​នោះ​មិន​អាច​រួច​ផុត​កាតព្វកិច្ច​ផ្តល់​សំណាក​ដដែល​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ