ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់ចេញវិធានការក្តៅ​៤​ចំណុច ក្រោយអាជីវករនិងសន្តិសុខជាង១០០នាក់នៅផ្សារអូរឫស្សីឆ្លងកូវីដត្រឹមរយៈពេល៤ថ្ងៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ក្រោយ​ការ​សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូរ​ឬ​ស្សី រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​តាមដាន​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​វិ​វ​ឌ្ឍ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​មូលដ្ឋាន​នេះ ។ ពិសេស​ក្រោយរកឃើញជាបន្តបន្ទាប់ នូវ​អាជីវករ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ក្រោយ​ការ​សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូរ​ឬ​ស្សី រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​តាមដាន​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​វិ​វ​ឌ្ឍ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​មូលដ្ឋាន​នេះ ។ ពិសេស​ក្រោយរកឃើញជាបន្តបន្ទាប់ នូវ​អាជីវករ សន្តិសុខ និង​បុគ្គលិក កម្មករ បម្រើ​ការងារ​ក្នុង​ផ្សារ ក្នុងរយៈពេល​ត្រឹម ​៤​ថ្ងៃ មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ប្រមាណ​ជាង ១០០ នាក់ ។

ចំពោះ​មុខ ដើម្បី​ឈាន​ទៅ​កាត់​ផ្តាច់​ប្រភព​ចម្លង និង​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​មូលដ្ឋាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូរ​ឫស្សី រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ក្រើនរំលឹក និង​ណែនាំ​ដូច​ខាងក្រោម ៖

១. ដើម្បី​ចៀសវាង​ការ​ពិន័យ​អន្តរការណ៍ និង​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន សូម​បងប្អូន អាជីវករ សន្តិសុខ បុគ្គលិក​-​កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុម​គ្រួសារ​អាជីវករ​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​បាន​ចេញ​-​ចូល​ផ្សារ​នេះ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២១ មក ដែល​មិន​ទាន់​បាន​អញ្ជើញ​ទៅ​យក​សំណាក​ត្រូវ​រួសរាន់​ទៅ​យក​សំណាក​តេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ ជា​បន្ទាន់​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​បាក់​ទូក និង​ត្រូវ​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​ឱ្យ​បាន​ត្រឹមត្រូវ ស្រប​តាម​ការ​ណែនាំ​របស់ ក្រសួងសុខាភិបាល ពោល គឺ​ត្រូវ​នៅ​ក្នុងផ្ទះ ឬ​បន្ទប់​ដាច់​ដោយឡែក​គ្រប់ពេលវេលា​ទាំងអស់​ក្នុង រយៈពេល​១៤​ថ្ងៃ ហាម​ដាច់ខាត​ដើរ​ចេញ​ក្រៅ​ផ្ទះ ឬ​បន្ទប់ ឬ​ទីកន្លែង​ដែល​ខ្លួន​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​។

២.​ចំពោះ​អាជីវករ សន្តិសុខ និង​បុគ្គលិក​-​កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ ដែល​មិន​ព្រម​សហការ​ទៅ​យក សំណាក​តេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ តាម​ការ​ណែនាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​មិន​អនុញ្ញាត​ឱ្យ​បន្ត អាជីវកម្ម​លក់ដូរ ឬ ចេញ​-​ចូល​មក​បម្រើ​ការងារ​របស់​ខ្លួន​ឡើយ នៅ​ពេល​ដែល​ផ្សារត្រូវ​បាន​បើក​ដំណើរការ​ជា​ប្រក្រតី​ឡើង​វិញ?

៣. ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​រស់នៅ​ក្បែរ​ខាង​ជាមួយ​អាជីវករ សន្តិសុខ និង​បុគ្គលិក​-​កម្មករ បម្រើ​ការងារ​ក្នុង​ផ្សារ​អូរ​ឬ​ស្សី ក្នុង​កាលៈទេសៈ​នេះ ដាច់ខាត គឺ​មិន​ត្រូវ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ គ្នា​ឡើយ និង​ត្រូវ​ចូលរួម​ឃ្លាំមើល​ពី​ការ​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​របស់​ពួក​គាត់ ។

ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា មាន​បុគ្គល​ណាមួយ មិន​ព្រម​អនុវត្ត ឬ អនុវត្ត​មិន​បាន​ពេញលេញ​តាម​វិធាន​ច​ត្តា​ឡី​ស័ក សូម​បងប្អូន ប្រជាពលរដ្ឋ ធ្វើការ​ណែនាំ និង​រាយការណ៍​ជា​បន្ទាន់ មក​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ឬ ទំនាក់ទំនង​ទៅ​កាន់​លេខ ១២៩៩ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធានា​រក្សា​ការ​សម្ងាត់​ជូន ដើម្បី​ឱ្យ អាជ្ញាធរ​មូលដ្ឋាន​ចាត់វិធានការ​បាន​ទាន់​ពេលវេលា ចៀសវាង​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩ កាន់តែ​ធ្ងន់ធ្ងរ ទៅ​ក្នុង​មូលដ្ឋាន​ភូមិ​-​សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ ។

៤. អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ដែល​មាន​អាជីវករ សន្តិសុខ បុគ្គលិក​-​កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុម​គ្រួសារ​អាជីវករ​ពាក់ព័ន្ធ កំពុង​រស់នៅ​ក្នុង​មូលដ្ឋាន​ដែនដី​ដែល​ខ្លួន​គ្រប់គ្រង ត្រូវ​ចុះ​ផ្សព្វផ្សាយ ជំរុញ​ឱ្យ​ពួក​គាត់​ទៅ​យក​សំណាក​តេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ និង​ត្រូវ​ដាក់​កម្លាំង​គ្រប់គ្រង​ឃ្លាំមើល ណែនាំ និង​មាន​ចំណាត់ការ​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ធានា​ថា​ពូក​គាត់​ពិតជា​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាម​វិធាន​ច​ត្តា​ឡី​ស័ក និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ៕

Authorities temporarily close Orussey market after positive COVID-19 cases were found. KT/Siv Channa

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ