រថយន្តធុនធំនឹងម៉ូតូពន្លះគ្នាក្លាយជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍បុកគ្នារវាងរថយន្តធុនធំមួយគ្រឿងជាមួយនឹងម៉ូតូ បណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅលើកំណាត់ផ្លូវជាតិលេខ៤ នៅចំណុចចំណតអូត្រាវ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បើយោងតាមប្រភពពីកន្លែងកើតហេតុបានបញ្ជាក់មកកាន់ភ្នាក់ងារសារព័ត៌មានឲ្យបានដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើងដោយសារតែម៉ូតូមួយគ្រឿងម៉ាក Honda Dream ០២០ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ក្នុងស្ថានភាពស្រវឹងជោកជាំ ដោយបានធ្វើដំណើរបើកឆ្លងផ្លូវទៅម្ខាង ក្នុងទិសដៅចេញពីក្រុងព្រះសីហនុ សំដៅទៅទិសដៅព្រៃនប់។

ប្រភពដដែលបន្តថា លុះមកដល់កន្លែងកើតហេតុ ខណៈពេលដែលម៉ូតូបានឡើងទៅលើផ្លូវខាងស្ដាំ (ផ្លូវម្ខាងទៀត) ស្របពេលនោះផងដែរក៏មានរថយន្តកុងតឺន័រមួយគ្រឿង ដែលពាក់ស្លាកលេខកន្ទុយសណ្ដោង ភ្នំពេញ 4A-1543 បានវ៉ាក់អឺជាមួយនឹងម៉ូតូ ហើយជាន់ហ្វ្រាំងមិនទាន់ ក៏បុកជាមួយនឹងម៉ូតូ រួចអូសម៉ូតូចំងាយប្រហែលជា២០ម៉ែត្រ ធ្វើឱ្យបែកផ្កាភ្លើងពេញផ្លូវ ទើបក្លាយជាអណ្តាតភ្លើងឆាបឆេះទាំងរថយន្តជាមួយនឹងម៉ូតូយ៉ាងសន្ធោសន្ធៅតែម្តង បណ្តាលឱ្យអណ្តាតភ្លើងលេបត្របាក់យកក្បាលរថយន្ត និងម៉ូតូមួយគ្រឿងឆេះអស់សល់តែគ្រោងដែកតែប៉ុណ្ណោះ។

ប្រភពដដែលបន្តថា ចំណែកម្ចាស់ម៉ូតូបានរងរបួសស្រាល ហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយពេលកើតហេតុ រីឯម្ចាស់រថយន្តកុងតឺន័រវិញ ក៏បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុបាត់តែម្តងទៅ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលពន្លត់អគ្គិភ័យបានប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ដើម្បីធ្វើការពន្លត់ករណីអគ្គិភ័យខាងលើនេះបានទាំងស្រុងនៅវេលាម៉ោង៩និង៣០នាទីយប់នៅថ្ងៃដដែលនោះ។ ចំណែកឯវត្ថុតាងទាំងសង្ខាង ត្រូវបានសមត្ថកិច្ចនគ0របាលចរាចរណ៍បានធ្វើការវាស់វែង ព្រមទាំងស្ទូចលើកយកទៅរក្សាទុកនៅការិយាល័យនគរបាកចរាចរណ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។
















ចែករំលែកព័តមាននេះ