ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​ចិញ្ចឹម​មាន់​តាម​គោលការណ៍​ធម្មជាតិ​របស់​កសិករ យឹ​ម យន់

8 ឆ្នាំ មុន

កសិករ យឹ​ម យន់ រស់នៅ​ក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ក្រោយ​ពី​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​ចិញ្ចឹម​មាន់​តាម​គោលការណ៍​ធម្មជាតិ​មក គាត់​មានការ​ចាប់អារម្មណ៍ ហើយ​ក៏​បាន​យក​បទ​ពិសោធន៍

កសិករ យឹ​ម យន់ រស់នៅ​ក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ក្រោយ​ពី​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​ចិញ្ចឹម​មាន់​តាម​គោលការណ៍​ធម្មជាតិ​មក គាត់​មានការ​ចាប់អារម្មណ៍ ហើយ​ក៏​បាន​យក​បទ​ពិសោធន៍​នោះ​មក​សាកល្បង​តាម ។ បច្ចេកទេស​ដែល​គាត់​យក​មក​សាកល្បង​នោះ បង្ហាញ​ជូន​ដូច​ខាងក្រោម ៖

១.​ការ​រៀបចំ​ទីធ្លា និង​ទ្រុងមាន់
លោកពូ​បាន​រៀបចំ​ទីធ្លា​សម្រាប់​មាន់​ដើរ​ដោយ​មាន​ទំហំ​ទទឹង​១៥​ម៉េ​ត្រ និង​បណ្ដោយ​២០​ម៉ែត្រ ។ នៅ​ក្នុង​ទីធ្លា គាត់​រៀបចំ​ធ្វើ​ទ្រុង​ដែល​មាន​ទំហំ​ទទឹង ២​ម៉ែត្រ និង​បណ្ដោយ​៣​ម៉ែត្រ ក្រៅពី​ទ្រុង​សម្រាប់​មាន់​ជ្រក​នៅ​ក្នុង​ទីធ្លា គាត់​ធ្វើ​រណ្ដៅ​ជី​កំ​ប៉ុ​ស្ដ​៣​ទៅ​៤​កន្លែង សម្រាប់​មាន់​កាយ​រក​ចំណី (​សត្វល្អិត​) ដើម្បី​ជួយ​បង្កើន​អាហារ​ប្រូ​តេ​អីុ​ន និង​មាន​ដាំ​ដើមឈើ​ហួ​ប​ផ្លែ​ដូច​ជា ស្វាយ ត្របែក ដូង និង​ដំណាំ​ចម្រុះ​មួ​ួ​យ​ចំនួន​ដូច​ជា អំពៅ ដំឡូង​មី ត្រកួន រំដេង ដើម្បី​ផ្ដល់​ជា​ម្លប់​ឱ្យ​មាន់​ជ្រក ។
មាន់​ដែល​គាត់​ដាក់​ចិញ្ចឹម​ដំបូង​មាន មេមាន់​ចំនួន​៨​ក្បាល ក្រៅពី​នោះ​មានកូន​មាន់ សុ​រប​ទាំងអស់​៤៧​ក្បាល ។

២.​ប្រភេទ​ចំណី និង​របៀប​លាយ​ចំណី
ប្រភេទ​ចំណី​ដែល​ដាក់​ឱ្យ​មាន់​ស៊ី​មាន ស្រូវ​២​គីឡូក្រាម អង្កាម​៤​គីឡូក្រាម ស្លឹក​ក​ន្ធំ​ថេ​ត​លាយ​ជាមួយ​ផ្លែ​ចាស់​ៗ​ល្មម​១​គីឡូក្រាម ទាំង​ដើម​និង​ទាំង​ស្លឹក​(​ហាន់​តូច​ៗ) ស្លឹកគ្រៃ​១​ខាំ ស្លឹក​ឫស្សី​១​ក្ដាប់​មនុស្ស​ចាស់ (១​ខាំ​) មើមដំឡូង​មី​០,៥​គីឡូក្រាម អំបិល​១​ខាំ ស្មៅ (​រំពាត់​ទឹក ស្មៅ​ចិញ្ចៀន ស្មៅ​ក្រវាញជ្រូក​) ចំនួន​១​ក្ដាប់ ។

ចំពោះ​របៀប​លាយ គាត់​បាន​យក​ធាតុ​ផ្សំ​ទាំងអស់​ខាងលើ​ទៅ​បុក​លាយ​បញ្ចូល​គ្នា ដោយ​ដាក់​ទឹក​ផ្សើម​តិច​ៗ មុន​នឹង​ឱ្យ​មាន់​ស៊ី ។ ដើម្បី​ឱ្យ​មាន​អនាម័យ ចំណី​ត្រូវ​ដាក់​ក្នុង​ស្នូក​ឱ្យ​ត្រឹមត្រូវ (១​ថ្ងៃ​ឱ្យ​ស៊ី៣​ដង​) ។ ត្រូវ​លាង​ស្នូក​ចំណី​១​ថ្ងៃ​ម្ដង ដើម្បី​កុំឱ្យ​មាន​ក្លិន​ផ្អូម​នៅ​ជាប់​ស្នូក បណ្ដាល​ឱ្យ​មាន់​មាន​ជំងឺ ។

៣.​ការ​ផ្ដល់​ទឹក
ទឹក​សម្រាប់​មាន់​ត្រូវ​ដាក់​ជា​ប្រចាំ ។ នៅ​ខែវស្សា ត្រូវ​ដំ​មើម​ខ្ទឹមស ខ្ញី ដាក់​ត្រាំ​ក្នុង​ទឹក ចំណែក​ខែប្រាំង​ត្រូវ​ដំ​សម្បក​គ សម្បក​ស្ដៅ និង​គល់​ស្លឹកគ្រៃ ត្រាំ​ក្នុង​ស្នូក​ទឹក​ដាក់​ឱ្យ​មាន់​ផឹក​ជា​ប្រចាំ ។ ស្នូក​ទឹក​ក៏​ត្រូវ​លាង​សម្អាត​ជា​រៀងរាល់ថ្ងៃ ហើយ​១​ថ្ងៃ​ត្រូវ​ដូរ​ទឹក​ចេញ​ម្ដង ។ ធ្វើ​របៀប​នេះ មាន់​ឈ្នះ​ជំងឺ​មិនសូវ​ឈឺ ។

៤.​ការ​ថែទាំ និង​ធ្វើ​អនាម័យ
នៅ​ពេល​ដែល​មាន់​ជិត​ក្រាប​ពង ត្រូវ​រៀបចំ​សម្បុក​ឱ្យ​បាន​ល្អ ។ នៅ​រដូវវស្សា ត្រូវធ្វើ​សម្បុក​ឲ្យ​រាង​ក្រាស់​បន្តិច ដើម្បី​ឲ្យ​មាន​ភាព​កក់ក្ដៅ នៅ​រដូវប្រាំង សម្បុក​ត្រូវធ្វើ​ឲ្យ​ស្ដើង ដើម្បី​ការពារ​កុំ​ឲ្យ​មាន​កម្ដៅ​ខ្លាំង​ពេក ។ ដើម្បី​ការពារ​ស្រមើល គាត់​បាន​យក​ថ្នាំខ្លាំង​ដាក់​នៅ​បាត​សម្បុក ។

ជា​ទូទៅ មាន់​ក្រាប​ពង​ហើយ​ពងមាន់​ក៏​ញាស់​មិន​អស់ ដូច្នេះ​ដើម្បី​ជួយ​ពងមាន់​ឱ្យ​ញាស់​អស់ ត្រូវ​ឧស្សាហ៍​បង្វិល​ពងមាន់​ឱ្យ​បាន​២​ដង​ក្នុង​១​ថ្ងៃ ដើម្បី​ឱ្យ​ពងមាន់​មាន​កម្ដៅ​សព្វ ហើយ​ឆាប់​ញាស់ ។ នៅ​រដូវវស្សា ត្រូវ​ជួសជុល​ទ្រុង​សម្រាប់​មាន់​ដេក​ឱ្យ​ជិត​កុំឱ្យ​ធ្លុះធ្លាយ ដើម្បី​ការពារ​ទឹកភ្លៀង​ប៉ះពាល់​ដល់​សម្បុក ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​ពង​មិន​ញាស់ ។

៥.​ការពារ​ជំងឺ
ក្នុង​ការ​ចិញ្ចឹម​មាន់ គាត់​តែង​ជួប​ប្រទះ​ជំងឺ​សំកុក ឬ​រួញ​ក ដើម្បី​ការពារ​ជំងឺ​នេះ គាត់​បាន​យក​គ្រាប់​ក​ន្ធំ​ថេ​ត​បកសំបក​ចេញ​យក​ទៅ​បុក​ឱ្យ​ម៉ដ្ឋ លាយ​ជាមួយ​ទឹក​ខាប់​ៗ មិន​ឱ្យ​រាវ​ពេក​ប​ញ្ច្រា​ក​ឱ្យ​មាន់​ផឹក ១​ថ្ងៃ ២​ដង​ទៅ​៣​ដង (​មាន់​ទម្ងន់​២​ខាំ បញ្ច្រក​១​សេ​សេ​) ។

៦.​ចំណាប់អារម្មណ៍​របស់​លោកពូ​ក្រោយ​ការ​អនុវត្ត​បច្ចេកទេស​ថ្មី
ក្រោយ​ពី​បាន​សាកល្បង​បច្ចេកទេស​មក លោកពូ​សង្កេត​ឃើញ​ថា មាន់​មិន​មាន​កើត​ជំងឺ ឬ​ងាប់​ទេ ទោះជា​នៅ​រដូវប្រាំង​ដែល​មាន់​អ្នក​ជិតខាង​ងាប់​អស់​ក្ដី ។ ចំពោះ​ប្រាក់​ចំណូល​មានការ​កើនឡើង​ច្រើន កាលពី​មិន​ទាន់​បាន​អនុវត្ត​បច្ចេកទេស គាត់​ទទួល​បាន ១៧០.០០០​រៀល (​ឆ្នាំ​២០០៤) ក្នុង​១​ឆ្នាំ​ប៉ុណ្ណោះ (​ដាក់​ចំនួន​មាន់​ចិញ្ចឹម​មេ​៨​ក្បាល សរុប​៤៧​ក្បាល​ដូច​គ្នា​) ។ ក្រោយ​ពី​បាន​អនុវត្ត​តាម​បច្ចេកទេស​គោលការណ៍​ធម្មជាតិ​នេះ​មក ប្រាក់​ចំណូល​មានការ​កើនឡើង​ពី ២៥០.០០០​រៀល នៅ​ឆ្នាំ​ទី​១ ទី​២ កើន​ដល់ ៦២៤.២០០​រៀល នេះ​មិន​គិតដល់​ការ​ហូប​ចុក និង​ចែក​ឱ្យ​អ្នក​ជិតខាង​ខ្លះ​ផង ។ ក្រោយ​ពី​ចាប់​លក់​នៅ​ឆ្នាំ​ទី​២ គាត់​នៅ​សល់​មាន់​ចំនួន ៨៣​ក្បាល​។ ក្នុង​១​ឆ្នាំ​អាច​បាប់​លក់​បាន​២​ទៅ​៣​ដង ។

ទន្ទឹម​នឹង​នេះ លោកពូ​មាន​ពាក្យ​ផ្ដាំផ្ញើ​មួយ​ចំនួន​ថា ដើម្បី​អនុវត្ត​តាម​បច្ចេកទេស​នេះ​បាន ត្រូវ​មានការ​ឧស្សាហ៍​ព្យាយាម ជា​ពិសេស​ការ​ធ្វើ​អនាម័យ និង​ការ​ផ្ដល់​ចំណី​ឱ្យ​បាន​ទៀងទាត់ ៕