រាជធានីភ្នំពេញ ៖ នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ចាប់តាំងពីឆ្នាំ២០២០មកម្ល៉េះ គេឃើញថាអាជីវកម្មតាមវិស័យមួយចំនួនបានជួបផលប៉ះពាល់ជាពិសេសអាជីវកម្មក្នុងវិស័យទេសចរណ៍ ដែលធ្វើឱ្យអ្នកប្រកបអាជីវកម្មនោះ ត្រូវងាកទៅរកអាជីវកម្មផ្សេងបន្ទាន់ ដើម្បីស្ដារហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ ក្នុងនោះ គេឃើញថាវិស័យអចលនទ្រព្យដែលមានការពុះដីឡូត៏នៅតែមានសកម្មភាពផុសផុលនិងទទួលបានវិនិយោគិនថ្មីៗពីវិស័យផ្សេងមកបណ្ដាក់ទុនវិនិយោគ ។

អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ការបណ្ដាក់ទុនវិនិយោគទៅលើវិស័យតែមួយក្នុងពេលតែមួយនឹងធ្វើឱ្យមានផលប៉ះពាល់នៅពេលអនាគត ជាពិសេសទៅលើទីផ្សារផ្ទាល់តែម្ដង ។
លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបានឱ្យដឹងថា វាមិនមែនជាការល្អនោះទេ ដែលវិនិយោគិនសម្រុកអភិវឌ្ឍទៅលើវិស័យអចលនទ្រព្យកាន់តែច្រើនក្នុងពេលតែមួយនេះ ។ សកម្មភាពបែបនេះ វានឹងជំរុញឱ្យតម្លៃអចលនទ្រព្យកើនឡើងឆាប់រហ័សហើយនឹងធ្វើឱ្យទីផ្សារជួបបញ្ហានៅពេលណាមួយព្រោះមានតែការលក់មិនចេញ ហើយតម្លៃខ្ពស់ពីទីផ្សារជាក់ស្ដែង ។

លោកបន្តថា នៅពេលមនុស្សម្នាក់វិស័យតែលើវិស័យមួយ ដូចជាផ្ដោតតែលើអចលនទ្រព្យ នៅពេលវិស័យនេះមានបញ្ហានឹងធ្វើឱ្យបុគ្គលនោះ វិនិយោគិនរូបនោះ នឹងទទួលរងផលប៉ះពាល់ដែលមិនអាចរកអ្វីមកទប់បាន តែបើសិនជាគាត់ឆ្លាត គាត់អាចវិនិយោគទៅលើវិស័យផ្សេងៗទៀត ដូច្នេះនៅពេលវិស័យមួយប៉ះពាល់ ឬក៏ដួលរំលំក៏មានវិស័យជាច្រើនទៀត ចាំទប់ដែរ ។
មិនខុសពីសេដ្ឋកិច្ចរបស់កម្ពុជា បើសិនជាកម្ពុជាពឹងលើតែវិស័យមួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច ដូចជាពឹងតែលើទេសចរណ៍ ឬក៏កាត់ដែរ នៅពេលវិស័យណាមួយមានភាពរង្គោះរង្គើ នោះនឹងទាញទម្លាក់សេដ្ឋកិច្ចកម្ពុជាបានយ៉ាងងាយស្រួលផងដែរ ។ កម្ពុជាបានធ្វើពិពិធកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីទប់ឥទ្ធិពលពីសម្ពាធខាងក្រៅ ជាក់ស្ដែងពីមុនគេថាកម្ពុជាពឹងលើវិស័យកាត់ដេរ តែនៅពេលវិស័យកាត់ដេររងឥទ្ធិពលពីសហគមន៍ដោយដកផ្នែកខ្លះនៃEBA ក៏នៅតែធ្វើសេដ្ឋកិច្ចកម្ពុជាអាចដំណើរការហើយវិស័យកាត់ដេរនៅតែអាចដំណើរការដោយសារតែកម្ពុជាបានធ្វើពិពិធកម្មទីផ្សារ ដោយមិនផ្ដោតតែលើទីផ្សារសហគមន៍អឺរ៉ុបមួយនោះទេ ។

លោកធួន ស៊ីណា ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានលើកឡើងថា នៅពេលវិស័យទេសចរណ៍បានរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ អ្នកប្រកបរបរក្នុងវិស័យនេះ ក៏ប៉ះពាល់ហើយអ្នកមានលុយក៏នាំគ្នាទៅបើកក្រុមហ៊ុនអចលនទ្រព្យ និងជាពិសេសពុះដីឡូត៏លក់ ។ ការនាំគ្នាទៅធ្វើតែវិស័យនេះមួយវាមិនល្អនោះទេ ពួកគេគួរសម្លឹងមើលទៅវិស័យណាដែលមានចីរភាពយូរអង្វែង ដូចជាវិស័យកសិកម្ម ព្រោះនៅលើពិភពលោកប្រទេសណាក៏ត្រូវហូប ត្រូវបំពេញក្រពះដែរ ដូច្នេះការធ្វើកសិកម្មស្របតាមស្ដង់ដារត្រឹមត្រូវនឹងធ្វើឱ្យវិស័យកសិកម្មកម្ពុជា មានសន្ទុះមួយកម្រិតទៀត ។
លោកបន្តថា អ្វីដែលរដ្ឋាភិបាលត្រូវធ្វើដែរនោះ គឺត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យកសិកម្មបន្ថែម ដូចជាសង់ប្រព័ន្ធធារាសាស្ត្របន្ថែមដើម្បីមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រោប សាងសង់ផ្លូវសម្រាប់ដឹកជញ្ជូនកសិផល និងជាពិសេសត្រូវរកទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា និងត្រូវធានាតម្លៃដល់កសិផលរបស់កសិករផងដែរ ៕
ចែករំលែកព័តមាននេះ