២០២១​ វិស័យ​ចិញ្ចឹមសត្វ​មាន​និន្នាការ​ធម្មតា​តែ​២០២២​រំពឹង​ថា ​មាន​កំណើន​ស្ថិត​ក្នុង​រង្វង់​០,៨% – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

២០២១​ វិស័យ​ចិញ្ចឹមសត្វ​មាន​និន្នាការ​ធម្មតា​តែ​២០២២​រំពឹង​ថា ​មាន​កំណើន​ស្ថិត​ក្នុង​រង្វង់​០,៨%

5 ថ្ងៃ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ​៖ អនុ​វិស័យ​ចិញ្ចឹមសត្វ ត្រូវ​បាន ព្យាករណ៍​ថា​នឹង​មាន​កំណើន​ថមថយ មក​និន្នាការ​ធម្មតា​វិញ ក្នុង​រង្វង់ ០,៦%​ក្នុង​ឆ្នាំ​២០២១​និង​០,៨%​ក្នុង​ឆ្នាំ​២០២២ ដោយសារ​ការ​រំពឹង​ទុក​នូវ​កំណើន​ថមថយ​មក​វិញ​នៃ​ផលិតកម្ម ជ្រូក​បន្ទាប់​ពី​មាន​សន្ទុះ​ខ្លាំង​ក្នុង​ឆ្នាំ​២០២០ ខណៈ​ផលិតកម្ម​បក្សី…

រាជធានី​ភ្នំពេញ​៖ អនុ​វិស័យ​ចិញ្ចឹមសត្វ ត្រូវ​បាន ព្យាករណ៍​ថា​នឹង​មាន​កំណើន​ថមថយ មក​និន្នាការ​ធម្មតា​វិញ ក្នុង​រង្វង់ ០,៦%​ក្នុង​ឆ្នាំ​២០២១​និង​០,៨%​ក្នុង​ឆ្នាំ​២០២២ ដោយសារ​ការ​រំពឹង​ទុក​នូវ​កំណើន​ថមថយ​មក​វិញ​នៃ​ផលិតកម្ម ជ្រូក​បន្ទាប់​ពី​មាន​សន្ទុះ​ខ្លាំង​ក្នុង​ឆ្នាំ​២០២០ ខណៈ​ផលិតកម្ម​បក្សី នៅ​បន្ត​កំណើន​ល្អ ។​ នេះ​បើ​យោង​តាម​សេចក្តី​ព្រាង​ក្រប​ខណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២២​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

Picture

ការ​ព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ច សង្កត់ធ្ងន់​ថា​« ក្នុង​នោះ ផលិតកម្ម ជ្រូក​បែប​ពាណិជ្ជកម្ម អាច​នឹង​មាន​កំណើន​ថមថយ​បន្តិច ដែល​បណ្តាល​មក​ពី​ការ​កើនឡើង​នូវ​ការ​នាំ​ចូល​ជ្រូក បន្ទាប់​ពី​ស្ថានភាព​ជំងឺ​ប៉េ​ស្ត្រ​ជ្រូក​អាហ្វ្រិក នៅ​ប្រទេស​ជិតខាង មាន​ភាព​ធូ​ស្រាល​។ យ៉ាងណាមិញ ការ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​នឹង​មាន​កំណើន​ល្អ​ឡើង​វិញ​ជា​បណ្តើរ​ៗ ដោយសារ​ភាព​ធូ​ស្រាល​នៃ​ជំងឺ​ប៉េ​ស្ត្រ​ជ្រូក​អាហ្វ្រិក គួប​ផ្សំ​នឹង​អន្តរាគមន៍​របស់ រាជរដ្ឋាភិបាល និង​ការ​អនុវត្ត​គម្រោង​របស់​ដៃគូ​អភិវឌ្ឍន៍​នានា ។​ទន្ទឹម​នេះ ផលិតកម្ម បក្សី​នឹង​បន្ត​មាន​កំណើន​ល្អ ដោយសារ​តែ​ការ​រំពឹង​ទុក​នូវ​ការ​កើនឡើង​តម្រូវការ​ក្នុងស្រុក​»​។

Picture

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ៦​មេ​សា​នេះ​ថា​នៅ​ក្នុង​វិស័យ​ចិញ្ចឹមសត្វ​បច្ចុប្បន្ន​នេះ​មានការ​ចិញ្ចឹម​ជ្រូក​នោះ​ទេ​ដែល​មិន​ប៉ះពាល់​ហើយ​នៅ​មានការ​រីក​ចម្រើន តែ​ដោយឡែក​សម្រាប់​ការ​ចិញ្ចឹម​មាន់ ទា ត្រី ហើយ​ពងមាន់ ពង​ទា​កក​ស្ទុះ​សល់​ច្រើន ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ខាតបង់​ប្រាក់ ព្រោះ​ការ​ផលិត​មាន​ច្រើន​លើស​ពី​តម្រូវការ​ទីផ្សារ​។

Picture

បើ​តាម​លោក ស្រ៊ុ​ន ពៅ ការ​នាំ​ចូល​ជ្រូក​សព្វថ្ងៃ​មក​កម្ពុជា​នៅ​មាន​ចំនួន​តិច តែ​អ្នក​ចិញ្ចឹម​ជ្រូក​បែប​លក្ខណៈ​ឧស្សាហកម្ម​ក្នុងស្រុក​មានការ​កើនឡើង​។ តែ​ទោះជា​យ៉ាងណា​អ្នក​ចិញ្ចឹម​ជ្រូក​សព្វ​ថ្ងៃនេះ​នូវ​តែ​មានការ​ព្រួយបារម្ភ​ទៅ​លើ​ជំងឺ​ប៉េ​ស្ត្រ​ជ្រូក​អ​ហ្វ្រិ​ក ដែល​កន្លង​មក​កម្ពុជា​តែងតែ​ចាប់​បាន​ជ្រូក​នាំ​ចូល​ខុសច្បាប់​មាន​ផ្ទុក​នៅ​ជំងឺ​ប៉េ​ស្ត្រ​ជ្រូក​អាហ្វ្រិក ហើយ​បើ​ការ​នាំ​ចូល​លក្ខណៈ​រាយ​ប៉ាយ​មាននៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ទៀត​ហើយ​។​តែបើ​បិទ​មិន​ឱ្យ​មាន​ជំងឺ​នេះ​ឆ្លង​ដែន​ចូល​បាន នៅ​កម្ពុជា​យើង​អាច​និង​មាន​ស្ថិរភាព ហើយ​អាច​និង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចិញ្ចឹម​ផង​ដែរ​។

លោក​ស្រ៊ុ​ន ពៅ គូសបញ្ជាក់​ថា «​កាលពីមុន​ទីផ្សារ​មាន​តម្រូវការ​ជ្រូក​រស់​ក្នុង​មួយ​ថ្ងៃ​ពី​៧.០០០​ទៅ​៨.០០០​ក្បាល តែ​មក​ដល់​សព្វ​ថ្ងៃនេះ​បាន​ធ្លាក់​មក​នៅ​តែ​៥.០០០​ទៅ​៦.០០០​ក្បាល ហើយ​ក្នុង​នោះ​ជ្រូក​នាំ​ចូល​មាន​ជាង​១.០០០​ក្បាល​ទៅ​២.០០០​ក្បាល​។​ដោយឡែក​ចំពោះ​តម្លៃ​ជ្រូក​រស់នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ពី​១៣.០០០​រៀល​ទៅ​ជាង​១៤.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ជ្រូក​ចិញ្ចឹម​នៅ​កសិដ្ឋាន​និង​ក្រុមហ៊ុន​»៕