ក្នុងសម័យកូវីដ ១៩ បច្ចេកវិទ្យាឌីជីថលបានផ្លាស់ប្តូរគ្រប់ផ្នែកទាំងអស់នៃជីវិតមនុស្សឱ្យដើរទាន់សម័យថ្មី ហើយវានឹងនៅតែបន្តរហូត និងក្នុងសម័យកូវីដនេះផងដែរ បច្ចេកវិទ្យាពិតជាមានឥទ្ធពលខ្លាំងណាស់ទៅលើជីវិតមនុស្សគ្រប់គ្នា ក៏ដូចជាអាជីវកម្មគ្រប់ប្រភេទផងដែរ ទូទាំងសកលលោក ។ មិនថាអាយុ ឬអត្តចរិករបស់យើងបែបណានោះទេ គ្រប់គ្នាត្រូវតែចេះឌីជីថល បើទោះបីមិនមានជំនាញតែក៏ត្រូវតែដឹងខ្លះៗផងដែរ ។ ខាងក្រោមនេះជាហេតុផលទាំង ៦ ដែលអ្នកត្រូវតែអនុវត្តភ្លាមក្នុងសម័យកូវីដ ១៩ ៖
ទី ១) ប្រើឌីជីថលមិនត្រឹមត្រូវអាចមានផលវិបាកទៅដល់អ្នក ៖
ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ មាននិយោជកបានបង្ហាញទស្សនៈរបស់ពួកគេថា ពូកគេបានបញ្ឈប់និយោជិកខ្លះៗផងដែរ ក៏ព្រោះតែនិយោជិកមិនមានការប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងអារម្មណ៍របស់ពួកគេ ដោយពួកគេបានយកបញ្ហាផ្ទាល់ខ្លួន បញ្ហាក្រុមហ៊ុន បញ្ហាមិនពេញចិត្តនរណាម្នាក់ ។ល។ មកនិយាយជាសាធារណៈលើបណ្តាញសង្គមរបស់ពួកគេ ដោយមិនមានការគិតពិចារណាមុនផុស ឬសរសេរអ្វីមួយឱ្យបានច្បាស់លាស់នោះទេ ។ មានអាជីវកម្មខ្លះ ឬក្រុមហ៊ុនខ្លះ មុនពេលគេទទួលយកបុគ្គលិកមកធ្វើការក្នុងក្រុមហ៊ុនរបស់គេ សំណួរដំបូងដែលគេសួរគឺ ថាតើអ្នកមានចំណេះដឹងផ្នែកឌីជីថលកម្រិតណា ទំនួលខុសត្រូវលើបណ្តាញសង្គមផ្ទាល់ខ្លួនកម្រិតណាដែរ ? (ត្រង់នេះមានន័យថា អ្នកធ្លាប់ជេប្រមាថ ឬដ្រាមានៅលើបណ្តាញសង្គមនោះបែបម៉េចដែរ) ។
អ្វីដែលល្អបំផុតសម្រាប់អ្នកមាន (ផេក ឬគណនេយ្យផ្ទាល់ខ្លួន) គឺអ្នកអាចរក្សារទុកនូវការប្រើប្រាស់ប្រព័ន្ធអុីនធើណេតជារៀងរាល់ថ្ងៃ ដើម្បីផ្ទៀងផ្ទាត់មើលទម្លាប់របស់អ្នក និងអ្នកដទៃ ប៉ុន្តែគ្រាន់តែអ្នកត្រូវចាំថា វិស័យឌីជីថលនេះប្រសិនជាអ្នកមានស្លាកស្នាមអាក្រក់ណាមួយហើយ ពិតណាស់វាអាចលុយចោលវិញបាន ប៉ុន្តែអ្នកដទៃក៏គេអាច Shoot-Screen ទុកបានដែរ ដូចនេះនៅពេលយើងសម្រេចចិត្តផុសឬសរសេរអ្វីមួយ ត្រូវប្រាកថា មិនប្រើអារម្មណ៍ដ្រាមា ឬជេរប្រមាថនរណាម្នាក់ដែលធ្វើឱ្យប៉ះពាល់កិត្តិយសរបស់អ្នកដទៃ ។ រឹតតែមិនត្រូវនោះ គឺអាជីវកម្មតាមអនឡាញក្តី តាមបណ្តាញសង្គមក្តី អ្នកមិនត្រូវយកផេករបស់អ្នកទៅធ្វើអ្វីមួយក្រៅតែពីការចង់បង្ហាញពីអាជីវកម្មរបស់អ្នកឡើយ ។
ទី ២) អ្នកត្រូវដឹងអំពីបច្ចុប្បន្នភាព នៃអាជីវកម្មឌីជីថល ៖
ក្នុងវិស័យអាជីវកម្មទាំងអស់ បច្ចុប្បន្នត្រូវតែបំលែងខ្លួនឱ្យទៅជាអាជីវកម្មឌីជីថលទាំងអស់ ។ ហើយការងារនាពេលអនាគតទាំងអស់សុទ្ធតែ ទាមទារឱ្យមនុស្សគ្រប់គ្នាចេះពីរជំនាញ នោះគឺជំនាញគោល (រៀនពីសាលា) និងត្រូវជំនាញ ឬចេះបច្ចេកវិទ្យា ។ ត្រង់ចំណុចនេះប្រសិនជាអ្នកជាម្ចាស់អាជីវកម្មក្តី ទាំងម្ចាស់ទាំងបុគ្គលិកត្រូវតែចេះឌីជីថលដូចគ្នា ។ ប្រសិនជាអ្នកក្រឡែកទៅមើលការងារឬការសិក្សានៅក្នុងសហរដ្ឋអាមេរិកវិញ វាគឺពិតជាមានការប្រកួតប្រជែងខ្លាំងណាស់ទៅលើឌីជីថល វាបានទាមទារឱ្យមនុស្សគ្រប់គ្នាចេះនូវឌីជីថល មិនត្រឹមតែប៉ុណ្ណោះទេ គឺត្រូវចេះឌីជីថលសម័យទំនើបចុងក្រោយបង្អស់ទៀតផង ។ ហេតុអ្វីបានជាគេត្រូវការឱ្យចេះនូវឌីជីថលសម័យទំនើបចុងក្រោយបង្អស់ ក៏ព្រោះថាមនុស្សគ្រប់រូបនៅក្នុងទឹកដីនោះ គឺគេទទួលយកនិងប្រើប្រាស់តែឌីជីថលទំនើបចុងក្រោយនោះទេ ហើយប្រសិនជាអ្នកមិនចេះមានន័យថា អ្នកកំពុងតែគេងលក់រាប់រយឆ្នាំហើយ ហើយប្រសិនជាអ្នកធ្វើអាជីវកម្មវិញអាចនឹងបិទមុនគេ ។ សម្រាប់អ្នកដាក់ការងារនៅកន្លែងណាមួយវិញ ប្រហែលជាអតិភាពរបស់អ្នកនៅចុងក្រោយអ្នកដែលគេ ចេះឌីជីថលហើយ ។
ទី ៣) ដើម្បីមានប្រសិទ្ធភាពក្នុងការទំនាក់ទំនង ទាមទារឱ្យអ្នកយល់ពីការរំពឹងទុករបស់អតិថិជន ៖
មុនពេលអ្នកចង់និយាយ ឬពិភាក្សាអ្វីមួយជាមួយអតិថិជន អ្នកគួរតែផ្ញើសារ ឬឆាតទៅពួកគេមុន ដើម្បីសួរពួកគេថា មានពេលសម្រាប់និយាយជាមួយយើង ឬអត់ ? ។ ហើយបច្ចុប្បន្នមានវិធីជាច្រើនដែលអ្នកអាចធ្វើការទំនាក់ទំនងជាមួយអតិថិជនរបស់អ្នកបាន តាមរយៈការផ្ញើសារតាមទូរស័ព្ទ និយាយតាមទូរស័ព្ទ អុីម៉ែល កម្មវិធីស្លេក (Slack) បណ្តាញសង្គម ឬតាមអនឡាញនានាផងដែរ វិធីទាំងអស់នេះសុទ្ធសឹងតែអតិថិជនគ្រប់រូបត្រូវការ ។ ហើយតាមរយៈទាំងអស់នេះ មនុស្សជាច្រើនស្គាល់អ្នក និងអាជីវកម្មរបស់អ្នកផងដែរ ។
ប្រសិនជាអ្នកអាជីវកម្មទើបតែបំលែងខ្លួនទៅជាឌីជីថល មានន័យថា អ្នកកំពុងចូលទៅក្នុងបរិស្ថានថ្មីនៃឌីជីថល (ឌីជីថលទំនើបចុងក្រោយ) អ្នកចំណាយពេលមួយឬពីរសប្តាហ៍ ដើម្បីរៀន និងស្រាវជ្រាវ ពីវប្បធម៌របស់ប្រជាជន (ទម្លាប់ និងអរិយាបទពួកគេចូលចិត្តអ្វី ។ល។) ។ អ្នកត្រូវរៀងសង្កេតនូវអ្វីដែលប្រជាជនធ្លាប់ធ្វើ និងអ្នកអាជីវកម្មមុនៗ ដែលគេបានធ្វើរួចមកហើយនោះ រៀនពីការធ្វើសកម្មភាពរបស់អ្នកដែលធ្លាប់បានដើរមុនយើង ។ ហើយអ្នកគួរចងចាំថា អ្នកត្រូវបន្ទាបខ្លួន ហើយបើកចំហចំពោះការកែតម្រូវ និងមតិយោបល់នានានៅលើបណ្តាញសង្គមរបស់អ្នក ។ អ្នកត្រូវរមានភាពកំប្លុកកំប្លែងខ្លះដើម្បីកុំឱ្យអតិថិជនអផ្សុក (ករណីអ្នកឡាយលក់ជាដើម ឬការសរសេរខេបសិន) និងត្រូវរក្សាទឹកចិត្តរីករាយរហូតទាល់ តែអ្នកយល់ពីពិភពរបស់អតិថិជនអ្នក ។
ទី ៤) ទាំងអ្នកធ្វើអាជីវកម្ម និងអ្នកធម្មតា ធ្វើយ៉ាងណាត្រូវរក្សាសុវត្ថិភាពលើអុីនធឺណិត ៖
ត្រង់នេះមានមនុស្សមិនតិចនោះទេ ដែលត្រូវគេបានបោកប្រាក់អស់លុយសន្ធឹកសន្ធាប់ ហើយក៏ចង់សំដៅទាំងអ្នកធ្វើអាជីវកម្មឬមនុស្សធម្មតាទូទៅផងដែរ ។ មានអ្នកខ្លះធ្វើអាជីវកម្មតាមអនឡាញដើម្បីបោកប្រាស់គេ ហើយក៏មានអាជីវកម្មខ្លះចាញ់បោកគេផងដែរ (ស្មើដៃគ្នា) ដូចនេះវាពិតជាទាមទារឱ្យអ្នកទាំងអស់គ្នាប្រើប្រាស់ដោយមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ។ ប្រសិនជាអ្នកមានអាជីវកម្មធំៗឬច្រើន អ្នកគួរតែមានជំនាញខាងតិចនូឡូជី ឬខាងសុវត្ថិភាពឌីជីថល ដើម្បីប្រាកដថាការធ្វើអាជីវកម្មតាមអនឡាញរបស់អ្នក មិនត្រូវបានគេលួចបន្លំ ទិន្នន័យនានារបស់ក្រុមហ៊ុន (HACK)ឡើយ ។
ការលួចបន្លំតាមអនឡាញបច្ចុប្បន្នហាក់មើលទៅដូចជាធម្មតា មិនសូវមានមនុស្សចាប់អារម្មណ៍ប៉ុន្មានទេ រហូតក្លាយជាវប្បធម៌ទៅហើយ ។ មានអ្នកបោកប្រាស់ខ្លះ បានយកឈ្មោះក្រុមហ៊ុននេះក្រុមហ៊ុននោះ ទៅបោកប្រាក់ប្រជាជនយ៉ាងច្រើនផងដែរ ។
ទី ៥) ជំនាញឌីជីថលនឹងក្លាយជាតម្រូវការធំបំផុត ដើម្បីជួយកែតម្រូវឧបសគ្គខ្លះៗ ៖
ជំនាញឌីជីថលគឺដូចជាឧបករណ៍ផ្សេងទៀតដែរ – វាអាចប្រើសម្រាប់ន័យល្អ និងអាក្រក់ ។ នៅពេលដែលអុីនធឺណេត ឬបណ្តាញសង្គមរបស់អ្នក មានការលួចបន្លំប្រើប្រាស់ ខូច ឬមានបញ្ហាអ្វីមួយ នោះប្រាកដណាស់ថា វាទាមទារឱ្យអ្នកត្រូវតែមានជំនាញឌីជីថលដើម្បីប៉ះប៊ូវវាឡើងវិញ ត្រង់នេះមានន័យថា ពិសបង្ក្រាបពិស ។ មិនត្រឹមតែប៉ុណ្ណោះប្រសិនជាអ្នកជាម្ចាស់អាជីវកម្មឌីជីថលទើបបើកដំបូង មតិខ្លះគឺពិតជាជួយអ្នកបានច្រើន ។ អ្នកត្រូវចងចាំថា អ្នកត្រូវព្យាយាមអនុវត្តគោលការណ៍ណែនាំ ក្នុងបណ្តាញសង្គមទំនាក់ទំនងនៃឌីជីថល វាពិតជាសំខាន់សម្រាប់អ្នកធ្វើអាជីវកម្ម ។ ហើយសម្រាប់ម្ចាស់អាជីវកម្មវិញ នៅក្នុងបណ្តាញសង្គមអស់ទាំងនេះ ប្រសិនជាអាចអ្នកគួរគិតពិចារណា ទៅលើការផុសការសរសេរបើទោះបីជាគណនេយ្យផ្ទាល់ខ្លួនក្តី ព្រោះវាជាកន្លែងដែលអាចកំណត់អត្តចរិតរបស់អ្នក មនុស្សគ្រប់រូបអាចវាយតំលៃអ្នក ទៅលើតាមបណ្តាញសង្គមផ្ទាល់ខ្លួនរបស់អ្នកបាន ដែលវាអាចប៉ះពាល់ដល់ការធ្វើអាជីវកម្មរបស់អ្នកផងដែរ ។ ហើយប្រសិនជាអ្នកធ្វើត្រូវវាអាចជួយដល់អាជីវកម្មរបស់អ្នករីកចម្រើនបានយ៉ាងលឿនផងដែរ ៕ ប្រភព ៖ lifehack
ចែករំលែកព័តមាននេះ