ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ដី​ឡូត៍​ជាយ​រាជធានី​ភ្នំពេញ​ចាប់ផ្ដើម​កែប្រែ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំបន់​អភិវឌ្ឍន៍​ដី​ឡូ​ត៏​មួយ​ចំនួន​នៅ​ជាយ​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​ប៉ែក​ខាងលិច ឬ​តំបន់​ភ្នំ​រាប ភ្នំ​បា​សិទ្ធ​និង​ភ្នំ​ឧត្តុង្គ ចាប់ផ្ដើម​កែប្រែ​ពី​ការ​ពុះ​ដី​ឡូ​ត៏ ទៅ​ជា​តំបន់​អភិវឌ្ឍន៍​លំនៅ​ឋាន​បណ្ដើរ​ៗ​ហើយ នៅ​ពេល​បច្ចុប្បន្ន​នេះ ដោយ​មាន​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ជា​ច្រើន​ចាប់ផ្ដើម​សម្លឹង​មើល​ការ​វិនិយោគ​លើ​លំនៅ​ឋាន​ជា​បន្តបន្ទាប់​បើ​ទោះបី​កម្ពុជា​ជួប​ប្រទះ​នឹង​វិបត្តិ​ក្ដី…

រាជធានី​ភ្នំពេញ ៖ តំបន់​អភិវឌ្ឍន៍​ដី​ឡូ​ត៏​មួយ​ចំនួន​នៅ​ជាយ​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​ប៉ែក​ខាងលិច ឬ​តំបន់​ភ្នំ​រាប ភ្នំ​បា​សិទ្ធ​និង​ភ្នំ​ឧត្តុង្គ ចាប់ផ្ដើម​កែប្រែ​ពី​ការ​ពុះ​ដី​ឡូ​ត៏ ទៅ​ជា​តំបន់​អភិវឌ្ឍន៍​លំនៅ​ឋាន​បណ្ដើរ​ៗ​ហើយ នៅ​ពេល​បច្ចុប្បន្ន​នេះ ដោយ​មាន​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ជា​ច្រើន​ចាប់ផ្ដើម​សម្លឹង​មើល​ការ​វិនិយោគ​លើ​លំនៅ​ឋាន​ជា​បន្តបន្ទាប់​បើ​ទោះបី​កម្ពុជា​ជួប​ប្រទះ​នឹង​វិបត្តិ​ក្ដី ។

លោក​ហ៊ឹ​ម ស៊ុ​យ អ្នក​អភិវឌ្ឍន៍​ដី​ឡូ​ត៏​និង​លំនៅ​ឋាន​មួយ​រូប​នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ តំបន់​ដែល​ពី​មុន​ជា​ដី​ឡូ​ត៏​បាន​កែប្រែ​ទៅ​ជា​តំបន់​លំនៅ​ឋាន​បណ្ដើរ​ៗ​ហើយ ជា​ពិសេស​តំបន់​ជុំវិញ​រមណីយដ្ឋាន​ភ្នំពេញ​រាជ្យទ្រព្យ គេ​ឃើញ​មានការ​អភិវឌ្ឍ​ជា​បុរី​លំនៅ​ឋាន​ជា​បន្តបន្ទាប់​ដើម្បី​បំពេញតម្រូវការ​ពលរដ្ឋ ។

លោក​បន្ត​ថា ពេល​នេះ​ភ្នំ​ឧត្តុង្គ មិនមែន​ជា​តំបន់​ដែល​ឆ្លា​យ​ពី​ភ្នំពេញ​ទៀត​ឡើយ ព្រោះ​ពី​ភ្នំពេញ ទៅ​ភ្នំ​ឧត្តុង្គ មាន​ផ្លូវ​ស្រួល ខ្វាត់ខ្វែង ធ្វើ​ដំណើរ​មិនយូរ​ដូច​មុន​ទៀត​ឡើយ ហើយដោយ​បូក​រួម​នឹង​សក្ដានុពល​រមណីយដ្ឋាន​ភ្នំ​ឧត្តុង្គ​ឬ​ភ្នំ​ព្រះ​រាជ្យទ្រព្យ កាន់តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​សម្រាកលំហែ​នៅ​ថ្ងៃ​ឈប់​សម្រាក​ទៀត​នោះ បាន​ធ្វើ​ឱ្យ​អ្នក​អភិវឌ្ឍន៍​ក៏​ចាប់ផ្ដើម​អភិវឌ្ឍ​លំនៅ​ឋាន​នៅ​តំបន់​ជុំវិញ​នោះ ជា​ពិសេស​នៅ​ក្នុងស្រុក​ពញ្ញាឮ នៃ​ខេត្តកណ្ដាល​និង​ជំរុញ​ឱ្យ​សក្ដានុពល​នៃ​វិស័យ​ដី​ឡូ​ត៏​នៅ​តំបន់​នោះ កាន់តែ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ពលរដ្ឋ​បើ​ទោះបីជា​កម្ពុជា​ជួប​វិបត្តិ​កូ​វី​ដ​១៩​ក្ដី ។

លោក​បន្ថែម​ថា​មិនយូរ​ប៉ុន្មាន សក្ដានុពល​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅ​ជុំវិញ​ភ្នំ​ព្រះ​រាជ្យទ្រព្យ​នឹង​កាន់តែ​មាន​សន្ទុះ នៅ​ពេល​វិបត្តិ​កូ​វី​ដ​១៩​ត្រូវ​បាន​ដោះស្រាយ​ចប់ ហើយ​ពលរដ្ឋ​ដែល​ត្រូ​ការ​ដី​សម្រាប់​សង់​លំនៅ​ឋាន និង​អ្នក​ត្រូវការ​លំនៅ​ឋាន​ស្រាប់​នឹង​ចាប់ផ្ដើម​សម្លឹង​មើល​តំបន់​ណា​ដែល​មាន​សក្ដានុពល សម្រាប់​ការ​តាំងទី​លំនៅ ។

លោក​បញ្ជាក់​ថា បើ​ទោះបី ជា​ពេល​នេះ កម្ពុជា​ជួប​ប្រទះ​នឹង​វិបត្តិ​កូ​វី​ដ​១៩​ក្ដី តែ​ការ​ទិញ​លក់​ដី​ឡូ​ត៏​នៅ​តំបន់​ជុំវិញ​ភ្នំ​ព្រះ​រាជ្យទ្រព្យ ជា​ពិសេស​នៅ​ក្នុងស្រុក​ពញ្ញាឮ​នៃ​ខេត្តកណ្ដាល​នឹង​ទទួល​បាន​សកម្មភាព​ទិញ​លក់​ជា​បន្តបន្ទាប់ ហើយ​តម្លៃ​វិញ​ក៏​មិន​មានការ​ធ្លាក់​ចុះ​នោះ​ដែរ​ជាក់ស្ដែង​ទីផ្សារ​ដី​ឡូ​ត៏​ចន្លោះ​ពី​៧៨០០​ដុល្លារ​ទៅ ១២០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឡូ​ត៏ ។

ដោយឡែក​លោក ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​បានឱ្យ​ដឹង​ថា​ទីណា​មានការ​អភិវឌ្ឍ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវ មាន​ភ្លើង​អ្នក​វិនិយោគ នឹង​ទៅ​កាន់​ទីនោះ​ដើម្បី​អភិវឌ្ឍ​ហើយ​ពលរដ្ឋ​ជា​អ្នកទិញ​អចលនទ្រព្យ​ក៏​ត្រូវការ​តំបន់​ណា​ដែល​ងាយស្រួល​ក្នុង​ការ​រស់នៅ​ប្រកប​អាជីវកម្ម​និង​ងាយស្រួល​ក្នុង​ការ​ចេញ​រាជធានី​ភ្នំពេញ ។

លោក​បណ្ឌិត​គី​ម ហ៊ា​ង ប្រធាន​ក្រុមហ៊ុន KW Cambodia បាន​ថ្លែង​ថា ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ កាន់តែ​មានការ​រីកសាយ​ទៅ​កាន់​តំបន់​ជាយ​ៗ​ក្រុង ដោយសារ​កត្តា​តម្លៃ​ដី​នៅ​តំបន់​ជាយក្រុង​នៅ​មាន​កម្រិត​នៅឡើយ ហើយ​អ្នក​ដែល​មាន​ជីវភាព​ក្រោម​មធ្យម ឬ​មធ្យម ដែល​ចង់បាន​ផ្ទះ​ឬ​បាន​ដី​សម្រាប់​សង់ផ្ទះ ត្រូវការ​ទៅ​រក​តំបន់​ណា​ដែល​នៅ​ជាយក្រុង ព្រោះ​ពួក​គេ​មិន​អាច​ទិញ​ដី​នៅ​តំបន់​កណ្ដាល​ក្រុង​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ