ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប្ប​វិនាស​ដោយ​ភ្លើង​

2 ឆ្នាំ មុន

កាលបើ​លោកធាតុ ឬ​ចក្កវាឡ​ទាំង​១​សែន​កោដិ​មាន​អាយុ​គ្រប់​មួយ​កប្ប​ហើយក៏ត្រូវ​ភ្លើង​ឆេះ​កម្ទេច​លោកធាតុ​ទាំងនោះអស់គ្មានសេសសល់ ។ ការឆេះបែបនេះលោកឱ្យឈ្មោះថា ភ្លើងឆេះកប្ប​ ឬហៅមួយបែបទៀតថា ចក្កវាឡអន្តរ​ធាន ។ តែមុន​នឹង​ភ្លើង​ឆេះ​នោះ មាន​ភ្លៀង​ធំ​ធ្លាក់​ចុះ​ក្នុង​លោក​ទាំង​១​សែន​កោដិ…

កាលបើ​លោកធាតុ ឬ​ចក្កវាឡ​ទាំង​១​សែន​កោដិ​មាន​អាយុ​គ្រប់​មួយ​កប្ប​ហើយក៏ត្រូវ​ភ្លើង​ឆេះ​កម្ទេច​លោកធាតុ​ទាំងនោះអស់គ្មានសេសសល់ ។ ការឆេះបែបនេះលោកឱ្យឈ្មោះថា ភ្លើងឆេះកប្ប​ ឬហៅមួយបែបទៀតថា ចក្កវាឡអន្តរ​ធាន ។ តែមុន​នឹង​ភ្លើង​ឆេះ​នោះ មាន​ភ្លៀង​ធំ​ធ្លាក់​ចុះ​ក្នុង​លោក​ទាំង​១​សែន​កោដិ មនុស្ស​ទាំងឡាយ​នាំ​គ្នា​ត្រេកអរ​សាបព្រោះ​បណ្ដុះ​ពូជ​ធញ្ញជាតិ​ផ្សេង​ៗ កាលបើ​ដុះ​ល្មម​បរិភោគ​បាន​ហើយ ភ្លៀង​ក៏​រាំង​លែង​ធ្លាក់​ចុះ​មក​ទៀត​អស់​សែន​ឆ្នាំ​ជា​ច្រើន ។

សត្វ​ដែល​មានកម្ម​ស្រាល​ៗ ក៏​ស្លា​.​ប់​មុន​សត្វ​ដែល​មានកម្ម​អាក្រក់ បាន​ទៅ​កើត​ក្នុង​ព្រហ្មលោក​ទាំងអស់ ។ លុះ​កាល​កន្លង​យូរ​ទៅ​ទឹក​ដែល​ដក់​នៅ​ក្នុង​ទីនោះ​ៗ​ក៏​រីង​អស់​ទៅ ពួក​សត្វ​ទាំងឡាយ​មាន​ត្រី​នឹង​អណ្ដើក​ជាដើម​ក៏​ស្លាប់​អស់​ទៅ ។ សត្វ​នរក​ក្ដី តិរច្ឆាន​ក្ដី មនុស្ស​ក្ដី ស្លា​.​ប់​ទៅ​បាន​ទៅ​កើត​ក្នុង​ស្ថានសួគ៌ ខំ​ចម្រើន​ឈាន​ក្នុង​ស្ថានសួគ៌​បាន​ទៅ​កើត​ក្នុង​ព្រហ្មលោក​ទាំងអស់ ។

ត្បិត​មុន​ដែល​ភ្លើង​នឹង​ឆេះ​ចំនួន​មួយ​សែន​ឆ្នាំ មាន​ទេវតា​មួយ​អង្គ​ឈ្មោះ​លោក​ព្យូ​ហា​ចុះ​អំពី​ទេវតា​មក ក្លែងភេទ​ជា​មនុស្ស​ស្លៀកសំពត់​ក្រហម​រំសាយសក់ មានមុខ​ទទឹក​ជោគ​ដោយ​ទឹកភ្នែក ជូ​ក​ទឹកភ្នែក​ហើយ​ដើរទៅ​តាម​ផ្លូវ​មនុស្ស ប្រកាសប្រាប់​ថា​អ្នក​ទាំងឡាយ​នៅ​មួយ​សែន​ឆ្នាំ​ទៀត​កប្ប​នឹង​វិនាស លោក​នឹង​វិនាស ទឹកសមុទ្រ​នឹង​រីង​ខះ ផែនដី​ភ្នំ​សុមេរុ ទេវលោក ព្រហ្មលោក​នឹង​វិនាស អ្នក​ទាំងឡាយ​ចូល​ចម្រើន​មេត្តាភាវនា​និង​ខំ​បម្រើមាតាបិតា​ដោយ​គោរព ។

ក្នុង​ពេល​នោះ​មនុស្ស​ទាំងឡាយ​ជា​សប្បុរស​បាន​ស្ដាប់​ពាក្យ​ទេវតា​នោះ​ហើយ ក៏​កើត​ស​វេ​ក​តក់ស្លុត​មុនគេ ប្រញាប់ប្រញាល់​ធ្វើបុណ្យ​ទាន​បម្រើមាតាបិតា​មិន​មាន​សេចក្ដី​ប្រមាទ លុះដល់​ស្លាប់​ទៅ​បាន​កើត​ក្នុង​ទេវលោក ខំ​ចម្រើន​ឈាន​ក្នុង​ទេវលោក បាន​សម្រេច​ឈាន​ក៏​បាន​ទៅ​កើត​ក្នុង​ព្រហ្មលោក​ទៅ មិន​បាន​ទៅ​រង​ទុក្ខវេទនា​យូរ​ដូច​ជន​អសប្បុរស​ឡើយ ។

ក្នុង​គម្ពីរ​វុ​សុទ្ធិ​មគ្គ​ប្រាប់​ថា រាប់​តាំង​អំពី​កាលដែល​រាំងភ្លៀង កន្លង​កាល​ជា​យូរអង្វែង មាន​ព្រះអាទិត្យ​ទី ២ កើតឡើង​ប្រាកដ​។ កាល​ព្រះអាទិត្យ​ពីរ​មាន​ក្នុង​លោក​ហើយ យប់​នឹង​ថ្ងៃ​មិន​ប្រាកដ​។ ព្រះអាទិត្យ​មួយ​រះ​ឡើង មួយ​លិចទៅ ក្នុង​លោក​មាន​កម្ដៅ​ព​ព្រះអាទិត្យ​ជាប់​ជា​និច្ច​រាល់វេលា​។ ក្នុង​កាល​មុន​អំពី​កាលដែល​ព្រះអាទិត្យ​ញ៉ាំង​កប្ប​ឲ្យ​វិនាស​នោះ​សុរិយ​ទេវបុត្រ​តែង​មាន​ក្នុង​សុរិយ​វិមាន ដល់​មក​ក្នុង​ពេល​ដែល​ព្រះអាទិត្យ​ញ៉ាំង​កប្ប​ឲ្យ​វិនាស​នោះ សុរិយ​វិមាន មិន​មាន​ទេវបុត្រ​ឡើយ​។ សុរិយមណ្ឌល​ដែល​កើត​ថ្មី​មាន​កម្លៅ​ក្លាហាន​ណាស់ ពពក​នឹង​អ័ព្ទ​ក្នុង​អាកាស​បាត់​អស់ ជា​អាកាស​ប្រាសចាក​មន្ទិល ។

កាលបើ​ព្រះអាទិត្យ​២​កើតឡើង​ក្នុង​លោក ហើយ​ទឹក​ក្នុង​ស្ទឹងតូច​ៗ​រីង​ខះ​អស់​ឥត​សល់​។ លុះ​កន្លង​កាល​យូរ​ទៅ​ព្រះអាទិត្យ​ទី​៣​កើតឡើង ទឹក​ក្នុង​ស្ទឹងធំ​ទាំង​៥​ក៏​រីង​ខះ​អស់​ទៀត​។ លុះ​កាល​កន្លង​យូរ​ទៅ ព្រះអាទិត្យ​ទី​៤​កើតឡើង ទឹក​ក្នុង​ស្រះ​ធំ​ទាំង​៧ មាន​ស្រះ​អនោតត្ត​ជាដើម​ក៏​រីង​ខះ​អស់​ទៀត​។ លុះ​កាល​កន្លង​យូរ​ទៅ ព្រះអាទិត្យ​ទី​៥​កើតឡើង ទឹក​ក្នុង​សមុទ្រ​ក៏​រីង​ខះ​អស់​ទៀត ក្នុង​លោក​ទាំងមូល​គ្មាន​ទឹក​មួយ​ដំណក់​ឡើយ ។

លុះ​កន្លង​កាល​យូរ​ទៅ​ព្រះអាទិត្យ​ទី​៦​កើង​ឡើង ចក្កវាឡ​ទាំង​មួយ​សែន​កោដិ​មាន​ផ្សែងហុយ​ទ្រលោម​ឡើង មាន​ជ័រ​ហូរ​អំពី​ផែនដី​។ លុះ​កន្លង​កាល​យូរ​ទៅ ព្រះអាទិត្យ​ទី​៧​កើតឡើង ចក្កវាឡ​ទាំង​មួយ​សិន​កោដិ មាន​អណ្ដាតភ្លើង​ឆេះ​ស​ន្ធោ​​សន្ធៅ ឆេះ​រលាយ​ភ្នំ​កម្ពស់​មួយ​យោជន៍​ៗ​ជាដើម​ដរាប​ដល់​ភ្នំ​សិនេរុ បណ្ដាល​ឲ្យ​វិនាស​សាបសូន្យ​ទៅ​។ អណ្ដាតភ្លើង​ដែល​ឆេះ​នោះ​ក៏​កួច​ទៅ​ឆេះ​ក្នុង​ស្ថាន​ចា​តុ​មហា​រា​ជិ​កា ឆេះ​ស្ថាន​តាវត្តិង្ស ស្ថាន​យាមា ស្ថាន​តុសិត ស្ថាន​និម្មានរតី ស្ថាន​បរ​និម្មិត​វសវតី និង​ឆេះ​នូវ​ស្ថាន​ព្រហ្ម​ជាន់​ខាងក្រោម​ទៅ​ទល់​ត្រឹម​ស្ថាន​អាភស្សរៈ​ ។

អណ្ដាតភ្លើង​នោះ បើ​របស់​ដែល​ឆេះ​នោះ​មិន​ទាន់​អស់ ក៏​មិន​ទាន់​រលត់ ឆេះ​ដរាប​ដល់​អស់​មិន​ឲ្យ​សល់​ផេះ ទើប​រលត់​ទៅ ឧបមា​ដូច​ជា​ភ្លើង​ឆេះ​ប្រេង​ដូច្នោះ​ដែរ ទី​ខាងក្រោម​ជា​អាកាស​ទទេ ខាងលើ​ក៏​ជា​អាកាស​ទទេ​ដូច​គ្នា​ទាំងអស់​មាន​ងងឹត​ធំ​តែ​មួយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ