រាជធានីភ្នំពេញ ៖ ទន្ទឹមនឹងការអាណិតអាសូរជាថ្មីទៅលើអតីតអ្នកប្រដាល់ជៀស ស្រួច បន្ទាប់ពីមានដំណឹងថា តួសម្ដែងក្នុងបទចម្រៀង«បេះដូងអ្នកប្រដាល់»រូបនេះធ្លាក់ខ្លួនស៊ីឈ្នួលគេ និងដុនដាបខ្លាំងនោះ ក៏មានអ្នកបង្ហោះរិះគន់ផងដែរ ខណៈដែលសំឡេងរិះគន់នោះ ក៏ត្រូវគេមើលឃើញថា មានឥទ្ធិពល ។ អ្នករិះគន់ទាំងនោះ បានទាំងហៅ លោក ជៀស ស្រួច ថា ជាមនុស្សអត់កំណើតទៀតផង។
ផ្ទុយពីការអាណិតអាសូរ ក្រោយឮដំណឹងថា អតីតកីឡាករ ជៀស ស្រួច ធ្លាក់ខ្លួន មនុស្សមួយចំនួនដែលត្រូវគេស្គាល់ថា ធ្លាប់បានជួយលោកកន្លងមកផង បែរជាចេញមុខរិះគន់យ៉ាងចាស់ដៃតែម្ដង។ ម្ចាស់ហ្វេសប៊ុកដែលមានឈ្មោះថា Dada Neou បានសរសេរបង្ហោះភ្ជាប់នឹងដំណឹងធ្លាក់ខ្លួនរបស់ ជៀស ស្រួច ថា «កាលពីឆ្នាំ២០១៦ តាមចាំពេលនោះខ្ញុំបាននាំថវិកាតិចតួចជួយគាត់ដែរ ដោយទៅដល់ទីកន្លែងលោកគ្រូ អេ ភូថង នៅផ្លូវសុខហុក ហើយមានសប្បុរសជនជាច្រេីនបានជួយគាត់រួមទាំងតារាចម្រៀងខេមរសិរីមន្ត ។ តាមដឹងចំនួនថវិកាគេជួយពេលនោះច្រើន ដោយទិញបានរថយន្តមួយគ្រឿងផងដែរ។ ក្រោយការជួយរបស់គេយើងត្រូវជួយខ្លួនឯងផង។ ឱកាសមិនចេះតែមានទេ បើយើងមិនចេះបង្កើតឱកាស»។
ឆ្លើយតបនឹងការបង្ហោះនោះ ម្ចាស់ហ្វេសប៊ុកឈ្មោះ Sopheak Tha សរសេរថា គេជួយច្រើនដងនៅតែអត់កំណើត ។ ម្ចាស់ហ្វេសប៊ុក
ឈ្មោះ ដារ៉ូន ខ្លាធំ សរសេរថា«យើងអត់កំណើតខ្លួនឯងឱ្យពីណាជួយ អ្នកណាក៏មានការលំបាកដែរ គេជួយរាប់ពាន់ក្បាល និងម៉ឺនហ៊ឺហា ជំនាន់មុនម៉ូតូធំស្រីស្នេហ៍មិនចេះខ្វះ ទៅណាក៏មានស្រីស្នេហ៍ដែរ»។ ម្ចាស់ហ្វេសប៊ុកឈ្មោះ Sopheap Lim FC បានសរសេរថា «ល្បែងពេក សំខាន់ស្ដាយប្រពន្ធដើមណាស់»។ ម្ចាស់ហ្វេសប៊ុកឈ្មោះ Sam Chumneanh សរសេរថា «កាលនោះគេថែមទាំងជ្រោមជ្រែងឱ្យធ្វើអាជ្ញាកណ្ដាល ខ្ញុំក៏ទៅដែររួមដំណើរជាមួយ អ្នកនាង យុគ ចិន្តា និងលោក កែវ សាស្ត្រា»។
អ្នកលេងហ្វេសប៊ុកបផ្សេងទៀតសរសេរថា «គ្រប់គ្នាចង់ឃើញគាត់ងើបឡើងវិញ តែចុងក្រោយមកឆ្កុយសំយុងចុះក្រោម»។ ជាមួយនឹងការរិះគន់ ក៏មានអ្នកផ្សេងបញ្ចេញយោបល់ផងដែរថា បើចង់ឱ្យទេវតាជួយ ទាល់តែលោកជួយខ្លួនឯង ។ ការរិះគន់នេះ គឺកើតឡើងពីសន្ទុះចែកចាយពីការលំបាករបស់លោកត្រូវបានគេធ្វើឡើងខ្លាំងក្លាក្នុងប៉ុន្មានថ្ងៃចុងក្រោយ។
យោងតាមការបង្ហោះពីអ្នកលេងក្នុងសង្គមហ្វេសប៊ុកនៅក្នុងពេលនេះ គឺលោកមហាលំបាកតែម្ដង ស្របពេលដែលកូវីដ-១៩ធ្វើឱ្យលោកពិបាកតស៊ូប្រឆាំងផង ។ អ្នកលេងហ្វេសប៊ុកមិនតិចទេ បានចែកចាយ និងសរសេរថា សូមបងប្អូនប្រិយមិត្តដែលធ្លាប់គាំទ្រ និងអាណិតស្រឡាញ់អតីតកីឡាករ ជៀស ស្រួច និងធ្លាប់ជាតារាសម្តែងម្នាក់ផងនោះ ជួយប្រោសឱ្យលោក និងភរិយាកូនតូចមានសង្ឃឹមផង ។ លោក
កំពុងតែជួបសភាពយ៉ាប់យ៊ឺន ហើយកាន់តែអាណិតគឺកូនង៉ែតទើបកើត ក៏ខ្វះអាហារបម្រុងមើលហើយខ្លោចផ្សារណាស់ ។ លោកត្រូវគេដឹងថា កំពុងធ្វើជាកម្មករយ៉ាងកម្សត់នៅតាមចម្ការក្នុងខេត្តរតនៈគីរី ដោយតាំងពីកូវីដ-១៩ផ្ទុះខ្លាំងមក គឺអាចនិយាយបានថា មហាវេទនាតែម្ដង ដោយសារតែការដ្ឋានដែលលោកបម្រើការបានបិទចោល ហើយតម្រូវឱ្យលោកពិបាកលុយកាក់។ ស្របពេលដែលលោកក៏មានភរិយា ហើយទើបតែសម្រាលកូនខ្ចីផង ទើបធ្វើឱ្យលោក និងគ្រួសារ កាន់តែយ៉ាប់យ៉ឺនខ្លាំង។
លោកត្រូវគេឱ្យរស់នៅក្នុងខ្ទមរខេករខាក គ្មានសូម្បីតែអង្ករហូបចុកគ្រប់គ្រាន់ ដោយក្នុងពេលខ្លះ គឺបានពីមេការ និងកម្មករដូចគ្នាជួយឧបត្ថម្ភ។ លោកធ្លាក់ខ្លួនដល់ថ្នាក់ដើរសុំគេហូបចំអែតក្រពះក៏មាន ដោយសារតែទៅរកការងារនៅឯណា ក៏គេថាផ្អាកសិន ។ រាល់ថ្ងៃក្រៅពីលំបាកនៅក្នុងខ្ទមកម្សត់ លោកក៏មិនហ៊ានចូលពេទ្យមើលជំងឺដែលរមែងធ្វើទុក្ខលោកទៀត។ លោកមិនមានសូម្បីតែលទ្ធភាពលើកដៃស្នើសុំជំនួយ ពោលគឺបានអ្នកស្គាល់មួយចំនួន គេឃើញគេជួប ហើយគេឱ្យអង្ករហូបចុកបណ្ដោះទ័លជួយបង្ហោះនោះទេ ទើបលោកត្រូវបានគេដឹងពីការលំបាក ដែលកំពុងតែជួបប្រទះនៅក្នុងពេលនេះ ។ អតីតកីឡាករ ជៀស ស្រួច មិនត្រឹមតែធ្លាក់ខ្លួនយ៉ាងលំបាកក្នុងនាមជាកម្មករ
សុីឈ្នូលគេប៉ុណ្ណោះទេ ឯរូបរាងវិញក៏ខុសពីមុនឆ្ងាយផងដែរ ៕
ចែករំលែកព័តមាននេះ