ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​សម្រេច​ផ្តល់​ជំនួយ​បន្ថែម​ដល់​កម្ពុជា​សម្រាប់​ឆ្លើយ​តប​នឹង​គ្រោះអាសន្ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក​ហៅ​កាត់​ថា USAID បាន ប្រកាស​នៅ​ថ្ងៃ​ទី ១​ខែមេសា ឆ្នាំ ២០២១​នេះ​ដោយ ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ចំនួន​ជិត​ជិត…

រាជធានី​ភ្នំពេញ ៖ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក​ហៅ​កាត់​ថា USAID បាន ប្រកាស​នៅ​ថ្ងៃ​ទី ១​ខែមេសា ឆ្នាំ ២០២១​នេះ​ដោយ ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ចំនួន​ជិត​ជិត ៩០​ម៉ឺន ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៅ​លើ​ជំនួយ​មនុស្សធម៌​របស់​ខ្លួន​ដើម្បី​ពង្រឹង​លទ្ធភាព​ត្រៀម​បង្ការ និង ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​វិបត្តិ​នានា​នៅ​កម្ពុជា ។

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​មាន ប្រសាសន៍​ថា ការ​បំផ្លិចបំផ្លាញ​បង្ក​ឡើង​ដោយ​ទឹកជំនន់​ឆ្នាំ​មុន​បាន​បង្ហាញ​ពី​ភាព​ចាំបាច់​ក្នុង ការ​ត្រៀមខ្លួន​ដោះស្រាយ​ទៅ​លើ​ផល​ប៉ះពាល់​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ ។ លោក​ថា ៖« យើង​មាន​មោទនភាព​ក្នុង​ការ​ចូលរួម​ចំណែក​កែ​លម្អ​ប្រព័ន្ធ​ឆ្លើយ​តប​នឹង​វិបត្តិ​ទាំងនេះ​នៅ​កម្ពុជា​» ។ លោក​បន្ត​ថា ថវិកា​ដែល​ទទួល​បាន​ពី​ការិយាល័យ​ជំនួយ​មនុស្សធម៌​របស់​ទីភ្នាក់ងារ USAID នេះ​នឹង​ផ្ដល់​លទ្ធភាព​ឱ្យ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ (WFP) ពង្រឹង​បន្ថែម​ទៅ​លើ​គម្រោង​ស្ដី​ពី ការ​ច្នៃប្រឌិត​ថ្មី​ដើម្បី​ត្រៀម​បង្ការ និង​ឆ្លើយ​តប​ទៅ​នឹង គ្រោះអាសន្ន ដោយ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ដែល​ទីភ្នាក់ងារ USAID បាន​គាំទ្រ​តាំ ង​ពី​ឆ្នាំ ២០១៩ រហូត​ដល់​ខែមីនា ឆ្នាំ ២០២២ ។

លោកស្រី Claire CONAN តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក មាន​ប្រសាសន៍ ថា ជំនួយ​នេះ​នឹង​ជួយ​ដល់​ដៃគូ​រដ្ឋាភិបាល​និង​ភាគី​អនុវត្ត​កិច្ចការ​មនុស្សធម៌​នៅ​ថ្នាក់​ជាតិ និង ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ត្រៀមខ្លួន​និង​ឆ្លើយ​តប​ចំពោះ​វិបត្តិ​ទាំងនេះ ដោយ​ប្រើប្រាស់​ព័ត៌មាន ដើម្បី​ចាត់​សកម្មភាព និង​បង្កើន​កិច្ច​សម្របសម្រួល​ការងារ​មនុស្សធម៌​បាន​ទាន់​ពេលវេលា ។ កាលពី​ឆ្នាំ​មុន សហរដ្ឋអាមេរិក​បាន​បរិច្ចាគ​ថវិកា​ចំនួន ៧០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដល់​កម្ម​វិ ធី​ស្បៀងអាហារ​ពិភពលោក ដើម្បី​ជួយ​ដល់​សហគមន៍​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​កម្ពុជា​។ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នឹង​ប្រើ​ជំនួយ​បន្ថែម​នេះ​ដើម្បី​ពង្រឹងសមត្ថភាព​ដៃគូ​រដ្ឋាភិបាល និង​ភាគី​អនុវត្ត​កិច្ចការ​មនុស្សធម៌​តាម​រយៈ​វិធីសាស្ត្រ ការ​សម្របសម្រួល បច្ចេកវិទ្យា និង ឧបករណ៍​នានា​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ ។

ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដៃគូ​អង្គការ មិនមែន​រដ្ឋាភិបាល និង​ដៃគូ​ស្រាវជ្រាវ​និង​វិទ្យាសាស្ត្រ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នឹង ពង្រឹង​ប្រព័ន្ធ​ព័ត៌មាន​សម្រាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​ដែល​មាន​ស្រាប់ ដែល​មានឈ្មោះ ថា ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍ និង​អង្កេត​តាមដាន​ស្ថានការណ៍​គ្រោះ​មហន្តរាយ (​ឬ​ហៅ កាត់​ថា PRISM) ដោយ​កែ​លម្អ​សមត្ថភាព​តាមដាន​គ្រោះ​វិបត្តិ​អាកាសធាតុ ប៉ាន់ស្មាន​ផល​ប៉ះ ពាល់​ទៅ​លើ​ប្រជាជន និង​កំណត់​គោលដៅ​ផ្ដល់​ជំនួយ​បន្ទាន់​ដល់​កន្លែង​ដែល​ត្រូវការ​ជំនួយបំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ