ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល ​៣ ​ខែ​ដើមឆ្នាំនេះ កម្ពុជា​នាំ​ស្រូវ​​ទៅប្រទេស​វៀតណាម និង​ថៃ​កើនឡើង តែការ​នាំ​អង្គរ​ថយ​ចុះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខា​ប្រមាណ និង​នេសាទ​ បាន​បញ្ជាក់​ថា ក្នុង​រយៈពេល ​៣​ ខែ​ដើមឆ្នាំ​ ២០២១…

រាជធានី​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខា​ប្រមាណ និង​នេសាទ​ បាន​បញ្ជាក់​ថា ក្នុង​រយៈពេល ​៣​ ខែ​ដើមឆ្នាំ​ ២០២១ ​នេះ​កម្ពុជា​បាន​នាំ​ចេញ​ស្រូវ​ទៅ​កាន់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​មាន​ចំនួន​កើនឡើង ខណៈ​ការ​នាំ​អង្ករ​ថយ​ចុះ ​។ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​បាន​សរសេរ​លើបណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី ​១ ខែមេសា ឆ្នាំ​ ២០២១ ​ថា​ ផ្អែក​លើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) លទ្ធផល​នៃ​ការ​នាំ​ចេញ​ស្រូវក្នុង​រយៈពេល ​៣ ​ខែ​ឆ្នាំ ​២០២១​ នេះ ការ​នាំ​ចេញ​ស្រូវ​ទៅ​កាន់​ប្រទេស​វៀតណាម និង​ថៃ មាន​ចំនួន​សរុប ១ ៨៧៣ ៧៧៩ ​តោន កើនឡើង​ចំនួន ៩៩៨ ២៩៧​ តោនប្រៀប ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០២០ ដែល​មាន​តែ​ចំនួន ៨៧៥ ៤៨២ ​តោន​តែ​ប៉ុណ្ណោះ ដែល​ក្នុង​នេះ​ការ​នាំ​ចេញ​ផ្លូវការ​មាន​ចំនួន ៦៥៨ ៣៥០​ តោន កើនឡើង​ចំនួន ៦៣២ ២៥០ ​តោន (​ការ​នាំ​ចេញ​ស្រូវ​ផ្លូវការ​ឆ្នាំ​ ២០២០ មាន​ចំនួន ២៦ ១០០ ​តោន​) និង​ការ​នាំ​ចេញ​ស្រូវ​ក្រៅផ្លូវការ​មាន​ចំនួន ១ ២១៥ ៤២៩ ​តោន កើនឡើង​ចំនួន ៣៦៦ ០៤៧​ តោន​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០​ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ​ចំពោះ​លទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ បរិមាណ​អង្ករ​នាំ​ចេញ​ក្នុង​រយៈពេល ​៣ ​ខែ​ឆ្នាំ ​២០២១ មាន​ចំនួន ១៥៣ ៦៨៨​ តោន មានការ​ថយ​ចុះ​ចំនួន ៧៧ ២៦០ ​តោន (-៣៣,៤៥%) តិច​ជាង​បរិមាណ​នាំ​ចេញ​ក្នុង​រយៈពេល​ ៣ ខែ​ឆ្នាំ​ ២០២០ ដែល​មាន​ចំនួន ២៣០ ៩៤៨ ​តោន ​។ ឯកឧត្តម​បាន​បញ្ជាក់​ថា បើ​ប្រៀបធៀប​ការ​នាំ​ចេញ​អង្ករ​ក្នុង​ខែមីនា​ដូច​គ្នា​ឃើញ​ថា នៅ​ឆ្នាំ ​២០២១ មាន​ចំនួន ៧៧ ៤៦៦ ​តោន មានការ​ថយ​ចុះ​ចំនួន ១៦ ៩៨៣ ​តោន (-១៧,៩៨%) តិច​ជាង​បរិមាណ​នាំ​ចេញ​ក្នុង​ខែមីនា ឆ្នាំ​ ២០២០ ដែល​មាន​ចំនួន ៩៤ ៤៤៩ ​តោន ។

អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ១០៧ ៣៣៩ ​តោន ស្មើនឹង ៦៩,៨៤% និង​អង្ករ ស គ្រប់​ប្រ​ភេ ទ​មាន​ចំនួន ៤៣ ៧៧៧ ​តោន ស្មើនឹង ២៨,៤៩% និង​អង្ករ​ចំហុយ​មាន​ចំនួន ២ ៥៧២ ​តោន ស្មើនឹង ១,៦៧% ​។ ក្នុង​ចំណោម​អង្ករ​ក្រអូប​ទាំងនោះ អង្ករ​ផ្ការំដួល​/​ផ្កាម្លិះ​មាន​ចំនួន ៥៧ ៧១៤ ​តោន ស្មើនឹង ៣៧,៥៥% ​។

ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល ​៣ ​ខែ​ឆ្នាំ​២០២១​ នេះ មាន​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន ៥១ ​ក្រុមហ៊ុន បាន​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទិស​ដៅ​ចំនួន ៤១ ​ប្រទេស ក្នុង​នោះ​ប្រទេស​ចិន​ឈរ​លំដាប់​ទី​ ១ មាន​ចំនួន ៨៥ ៣៧០​ តោន ប្រទេស​បារាំង​ឈរ​លំដាប់​ទី ​២ មាន​ចំនួន ១៦ ០៦៦​ តោន ប្រទេស ម៉ា​ឡេ​ស៊ី​ឈរ​លំដាប់​ទី​ ៣ មាន​ចំនួន ១០ ៧៩៦ ​តោន ប្រទេស​ហ្គា​បុ​ង​ឈរ​លំដាប់​ទី ​៤ មាន​ចំនួន ៩ ០៥២ ​តោន ប្រទេស​ណេ​ដឺ​ឡែ​ន​ឈរ​លំដាប់​ទី​៥ មាន​ចំនួន ៤ ៤៦៧​ តោន ប្រទេស​អូស្ត្រាលី​ឈរ​លំដាប់​ទី ​៦ មាន​ចំនួន ៣ ០៣៤ ​តោន ចក្រភព​អង់គ្លេស​ឈរ​លំដាប់​ទី ​៧ មាន​ចំនួន ២ ៩៩៧​ តោន ប្រទេស​អេ​ស្ប៉ា​ញ​ឈរ​លំដាប់​ទី​ ៨ មាន​ចំនួន ២ ៦៩០ ​តោន ប្រទេស​អា​ល្លឺ​ម៉​ង់​ឈរ​លំដាប់​ទី ​៩ មាន​ចំនួន ២ ២២៥ ​តោន និង ប្រទេស​បែ​ល​ហ្ស៊ិ​ក​ឈរ​លំដាប់​ទី ​១០ មាន​ចំនួន ២ ០៨៧​ តោន ​។

បរិមាណ​អង្ករ​ដែល នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជា​ទិស​ដៅ​សហភាព​អឺរ៉ុប​ចំនួន ១៩ ​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៣៥ ៤៤២ ​តោន (២៣,០៦%) ទិស​ដៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ៨៥ ៣៧០ ​តោន (៥៥,៥៥%) ទិស​ដៅ​អាស៊ាន​ចំនួន ៣​ ប្រទេស មាន​បរិមាណ​សរុប​ចំនួន ១១ ៦៥៨ ​តោន (៧,៥៩%) និង​ទិស​ដៅ​ដទៃ​ទៀត​ចំនួន ​១៨ ​ប្រទេស មាន​បរិមាណ​សរុប ២១ ២១៨ ​តោន (១៣,៨%) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ