ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ស្ទើរតែ​ស្រែកយំ​! ផ្លែ​ល្ពៅ​បន្ត​ចុះថ្លៃ​សល់​ត្រឹម​១០០​រៀល​ក្នុង​១​គីឡូក្រាម

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កសិករ​ដាំ​ល្ពៅ​នៅ​តាម​ចំការ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ កាន់តែ​ខកចិត្ត ខណៈ​ផ្លែ​ល្ពៅ​បន្ត​ធ្លាក់​ចុះ​រហូត​ត្រឹម​១០០​រៀល​ក្នុង​មួយ​គីឡូក្រាម ខុស​ពី​ប៉ុន្មាន​ថ្ងៃមុន​លក់​បាន​២៥០​រៀល ។ នេះ​ជា​ការ​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​២…

ខេត្តកំពង់ឆ្នាំង ៖ កសិករ​ដាំ​ល្ពៅ​នៅ​តាម​ចំការ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ កាន់តែ​ខកចិត្ត ខណៈ​ផ្លែ​ល្ពៅ​បន្ត​ធ្លាក់​ចុះ​រហូត​ត្រឹម​១០០​រៀល​ក្នុង​មួយ​គីឡូក្រាម ខុស​ពី​ប៉ុន្មាន​ថ្ងៃមុន​លក់​បាន​២៥០​រៀល ។ នេះ​ជា​ការ​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​មាត់​កំពង់ទឹក ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ។

បើ​តាម​លោក ម៉ែ រិ​ន អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ បាន​ឲ្យ​ដឹង​ថា គាត់​មាន​ដីចំការ​នៅ​ចំណុច​កោះ​ក្រមុំ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ចំនួន​១​ហិច​តា គាត់​បាន​ដាំ​ល្ពៅ​ជា​រៀង​រាល់​ឆ្នាំ​។ កាលពី​ឆ្នាំទៅ​មិ​ញ ល្ពៅ​គាត់​លក់​បាន​ពី​៧​ទៅ​៨​រយ​រៀល​ក្នុង​១​គីឡូ​ក្រាម​។ ប៉ុន្តែ​ក្នុងឆ្នាំនេះ បន្ទាប់​ពី​ធ្លាក់​ថ្លៃ​ត្រឹម​២៥០​រៀល​កាលពី​ប៉ុន្មាន​ថ្ងៃមុន លុះ​នៅ​ថ្ងៃនេះ ល្ពៅ​របស់​គាត់​បាន​ត្រឹម​១០០​រៀល​តែ​ប៉ុណ្ណោះ ក្នុង​១​គីឡូក្រាម ធ្វើ​ឲ្យ​គាត់​ខាតបង់​ជា​ខ្លាំង ។

លោក​បាន​បញ្ជា​កថា បើ​ផ្លែ​ល្ពៅ​ជាប់​លេខ គឺ​ក្នុង​មួយ​ផ្លែ​ទម្ងន់​ចាប់ពី​៥​គីឡូក្រាម​ឡើង​ទៅ អាច​លក់​បាន​២៥០​រៀល​ក្នុង​១​គីឡូក្រាម ប៉ុន្តែ​ទោះ​ជាប់​លេខ​ក៏​ដោយ បើ​មាន​របកសំបក ឬ​ស្នាម​កកិត​តែ​បន្តិច គេ​ទម្លាក់​ថ្លៃ​ត្រឹម​១០០​រៀល​ក្នុង​១​គីឡូក្រាម​ដូច​គ្នា ។ បើ​និយាយ​ពី​ថ្លៃ​ចំណាយ​វិញ សូ​ម្បី​តែ​គ្រាប់​ល្ពៅ​ទិញ​យក​មក​ដាំ ក្នុង​១​កញ្ចប់​២៤​ម៉ឺន (​ទម្ងន់​ត្រឹមតែ​២​ខាំ​) ហើយ​បើ​ដាំ​១​ហិ​កតា​ដូច​គាត់​ត្រូវ​ទិញ​គ្រាប់​២​កញ្ចប់​ស្មើនឹង​៤៨​ម៉ឺន​រៀល នេះ​និយាយ​ត្រឹម​គ្រាប់ពូជ​ទិញ​មក​ដាំ​ប៉ុណ្ណោះ នៅ​ថ្លៃ​ទិញ​ប្រេង​ភ្ជួរ​ពង្រាបដី ថ្លៃ​ទិញ​ប្រេង​បូមទឹក ថ្លៃ​ទិញ​ជី ថ្លៃ​ទិញ​ថ្នាំ​បាញ់​ស​ម្លា​.​ប់​សត្វល្អិត គឺ​ចំណាយ​ច្រើន​ណាស់​។

លោ​កប​បន្ត​ថា ដោយសារ​ល្ពៅ​ថោក​ពេក មិន​ហ៊ាន​ជួល​គេ​បេះ​ល្ពៅ​ទេ សុខចិត្ត​បេះ​យក​មក​លក់​ខ្លួនឯង ក៏​ជួប​ការ​លំបាក​ដែរ ។ មនុស្ស​ស្រី​បេះ​ទូល​ពី​ខ្នង​ចំការ មក​ដាក់​កាណូត​បាន​តែ​២​ផ្លែ​ទេ ហើយ​បើ​ខ្លាំង​អាច​កណ្តៀត​នៅ​ចង្កេះ​១​ទៀត បាន​៣​ផ្លែ​ក្នុង​១​ជើង​ដែល​មាន​ចម្ងាយ​ដី​៥​ទៅ​៦​រយ​ម៉ែត្រ តែបើ​មនុស្ស​ប្រុស​រែក​បាន​៦​ផ្លែ (​ម្ខាង​៣​ផ្លែ​) គឺ​ពិតជា​មានការ​លំបាក​ណាស់​។ លុះដល់​ពេល​យក​មក​លក់ មួយ​ជើង​បាន​ត្រឹម​ជាង​១០​ម៉ឺន​រៀល ក្នុង​១​កាណូត​បា​ឡា​ស្មាច់ ហើយ​បើ​តាម​ការប្រមាណ​ល្ពៅ​គាត់ ១​ហិ​កតា​លក់​បាន​យ៉ាងច្រើន​ប្រហែល​១​លាន​រៀល ខណៈ​ការ​ចំណាយ​ជាង​២​លាន​រៀល​ទៅ​ហើយ​។

ស្រប​ពេល​នោះ​ផង​ដែរ កសិករ​ទាំងអស់ ក៏​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ជួយ​រក​ទីផ្សារ​ឱ្យ​ពួក​គាត់​បាន​ថ្លៃ​ជាង​នេះ​ផង ។

ជាមួយ​គ្នា​នោះ ស្ត្រី​ឈ្មោះ ជុំ អាត អាយុ​៤៨​ឆ្នាំ ជា​អាជីវករ​ចាំ​ទិញ​ផ្លែ​ល្ពៅ​នៅ​មាត់​កំពង់ទឹក​ឆ្នុកទ្រូ​ទ្រូង បាន​ឲ្យ​ដឹង​ថា ផ្លែ​ល្ពៅ​ពិតជា​ថោក​ជាង​ថ្ងៃមុន​មែន បើ​ផ្លែ​ល្ពៅ​ជាប់​លេខ (​ទម្ងន់​៥​គីឡូ​ឡើង​) គាត់​ទិញ​២៥០​រៀល ក្នុង​១​គីឡូក្រាម ទម្ងន់​ក្រោម​ហ្នឹង ទិញ​តែ​១០០​រៀល​ទេ​ក្នុង​១​គីឡូ​ក្រាម​។ គាត់​លក់​បន្ត​ទៅ​ឱ្យ​ឈ្មួញ​ដឹក​ឡាន​យក​ទៅ​លក់​នៅ​ខេត្តកំពង់ចាម និង​បណ្តា​ខេត្ត​នានា​។ ចំពោះ​មូលហេតុ ល្ពៅ​ធ្លាក់​ចុះ គឺ​បណ្តាល​មក​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កួ​វី​ដ -១៩ ។ ក្រោយ​កើត​ជំងឺ​នេះ គេ​បិទ​ច្រកចេញ ប្រទេស​ជិត​ខាងគេ​ឈប់​ទិញ​ដែរ ម្ល៉ោះហើយ ល្ពៅ​លក់​តែ​ក្នុង​ស្រុក​​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ដែរ​ថា បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ល្ពៅ​ចុះថោក ក៏​មាន​សប្បុរសជន​មួយ​ចំនួន​ចុះ​ទៅ​ទិញ​ល្ពៅ​ដាក់​តាម​មណ្ឌលកុមារ​កំព្រា និង​ដាក់​​តាម​ផ្ទះបាយ​របស់​កង​យោធពលខេមរភូមិន្ទ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ