ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ដ្រ​ព្យាបាល​ការ​បាក់​ក​ឆ្អឹងភ្លៅ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទាក់ទិន​នឹង​វិធីសាស្ដ្រ​ព្យាបាល​ការ​បាក់​ក​ឆ្អឹងភ្លៅ លោក​វេជ្ជបណ្ឌិត ជា ហ៊ុយ ឯកទេស​វះកាត់​បែកបាក់​ឆ្អឹង​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បកស្រាយ​ឲ្យ​ដឹង​ថា​៖ ការ​បាក់​ក​ឆ្អឹងភ្លៅ គឺជា​ការ​បាក់​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ…

រាជធានី​ភ្នំពេញ ៖ ទាក់ទិន​នឹង​វិធីសាស្ដ្រ​ព្យាបាល​ការ​បាក់​ក​ឆ្អឹងភ្លៅ លោក​វេជ្ជបណ្ឌិត ជា ហ៊ុយ ឯកទេស​វះកាត់​បែកបាក់​ឆ្អឹង​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បកស្រាយ​ឲ្យ​ដឹង​ថា​៖ ការ​បាក់​ក​ឆ្អឹងភ្លៅ គឺជា​ការ​បាក់​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ជា​ពិសេស​បើសិនជា​អ្នកជំងឺ​មាន​វ័យចាស់​ជរា ដោយសារ​ផលវិបាក​របស់​វា អាច​បណ្តាល​ឱ្យ​មានការ​គំរាមកំហែង​ដល់​អាយុជីវិត ។

ប្រសិនជា​អ្នកជំងឺ​មាន​វ័យក្មេង វា​អាច​បណ្តាល​ឱ្យ​មានការ​ប៉ះពាល់​ដល់​មុខងារ​របស់​ជើង​ដែល​បាក់ ដោយសារ​ការ​វិវត្តន៍​ទៅ​រក​ការ​ខូច​ក្បាល​ឆ្អឹង ឬ​ការ​មិន​ត​ភ្ជាប់​នៃ​ឆ្អឹង​បាក់ ។ អ្នក​ដែល​មាន​វ័យចាស់​ជរា​ចាប់ពី​អាយុ​៦០​ឆ្នាំ មានការ​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​បាក់​ក​ឆ្អឹងភ្លៅ ពីព្រោះ​ឆ្អឹង​របស់​គាត់​មាន​និន្នាការ​ទៅ​រក​ភាព​ខ្សោយ ឬ​ស្ដើង (Osteoporosis) ដែល​ជា​ទូទៅ​គ្រាន់តែ​បណ្តាល​មក​ពី​ការ​ដើរ​ដួល ឬ​រអិល​ដួល ចំណែកឯ​អ្នក​ដែល​មាន​វ័យក្មេង បណ្តាល​មក​ពី​ការ​បុក​ទង្គិច​ខ្លាំងក្លា​ដូច​ជា គ្រោះថ្នាក់​ចរាចរណ៍ ឬ​ធ្លាក់​ពី​ទី​ខ្ពស់ ។

ក​-​តើ​សញ្ញា​អ្វីខ្លះ​ដែល​ត្រូវ​គិតដល់​ការ​បាក់​ក​ឆ្អឹងភ្លៅ ?

  • បើសិនជា​អ្នក​មានការ​បាក់​ក​ឆ្អឹងភ្លៅ អ្នក​នឹង​មានការ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង​នៅ​ផ្នែក​ខាងលើ​នៃ​ឆ្អឹងភ្លៅ ឬ​តំបន់​ក្រលៀន ជា​ពិសេស​អ្នក​មិន​អាច​ឈរ ឬ​ដើរ​បាន ។
  • ជើង​ដែល​បាក់​មើលទៅ​ខ្លី​ជាង ហើយ​ប្រអប់ជើង​ងាក​ចេញ​មក​ក្រៅ បើ​យើង​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​ជើង​ម្ខាង​ទៀត ។ បើសិនជា​អ្នកមាន​សញ្ញា​ទាំងនេះ​ត្រូវ​ប្រញាប់​មក​មន្ទីរពេទ្យ​ជា​បន្ទាន់​!

ខ​-​តើ​យើង​ត្រូវ​ធ្វើការ​ព្យាបាល​ការ​បាក់​ក​ឆ្អឹងភ្លៅ​យ៉ាងដូចម្ដេច ?
គោលបំណង​នៃ​ការ​ព្យាបាល​មាន​២​សំខាន់​៖
១-​បំបាត់​ការ​ឈឺ​ចុកចាប់
២-​ធ្វើ​យ៉ាងណា​ឱ្យ​អ្នកជំងឺ​ឆាប់​ធ្វើ​ចលនា​ឡើង​វិញ​បាន និង​អាច​មាន​លទ្ធភាព​ធ្វើ​សកម្មភាព​ការងារ​ប្រហាក់ប្រហែល ឬ​ដូច​កាលពី​មិន​ទាន់​បាក់ ។

  • ការ​ឈឺ​ចុកចាប់​ខ្លាំង​បណ្តាល​ឱ្យ​អ្នកជំងឺ​នៅ​ស្ងៀម​មិន​អាច​ធ្វើ​ចលនា ឬ​កម្រើក​បាន ។
  • ការ​នៅ​ស្ងៀម​មិន​កម្រើក​យូរ​អាច​បណ្តាល​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​ដល់​បញ្ហា​សុខភាព​ទូទៅ និង​អាយុជីវិត ជា​ពិសេស​ចំពោះ​អ្នកជំងឺ​ដែល​មាន​វ័យចាស់​ជរា ។
  • ភាគច្រើន​នៃ​អ្នកជំងឺ​បាក់​ក​ឆ្អឹងភ្លៅ ចាំបាច់​ត្រូវ​ធ្វើការ​វះកាត់​ដើម្បី​ត​ភ្ជាប់​ឆ្អឹង​ដែល​បាក់ ឬ​ក៏​ធ្វើការ​ផ្លាស់​ប្តូរ​ក្បាល​ឆ្អឹង​សិប្បនិម្មិត ដើម្បី​ជៀសវាង​នូវ​ផលវិបាក ។

គ​-​តើ​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​ជៀសវាង​ការ​បាក់​ក​ឆ្អឹងភ្លៅ ?
យើង​មាន​ហេតុផល​ជា​ច្រើន​ដែល​អាច​ជៀសវាង​ការ​បាក់​ក​ឆ្អឹងភ្លៅ​បាន ។ ហេតុផល​ដ៏​សំខាន់​មួយ​ជា​ចាំបាច់ គឺ​ជៀសវាង​ការ​ពុក​ឆ្អឹង (Osteoporosis) ។ ដើម្បី​រក្សា​ឆ្អឹង​ឱ្យ​មាន​ភាពរឹងមាំ​យើង​ត្រូវ ៖

  • ពិសារ​ជាតិ​កាល់ស្យូម និង​វីតាមីន​ដេ ឱ្យ​បាន​គ្រប់គ្រាន់
  • ជៀសវាង​ការ​ពិសារ​បារី និង​ជាតិ​អាល់កុល​ច្រើន
  • ត្រូវធ្វើ​លំ​ហាត់ប្រាណ ជា​ពិសេស​ការ​ដើរ​ជា​ជម្រើស​មួយ​ដ៏​ល្អ ។

លោក​វេជ្ជបណ្ឌិត ជា ហ៊ុយ ឯកទេស​វះកាត់​បែកបាក់​ឆ្អឹង​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា​៖ បើសិនជា​បងប្អូន​មាន​បញ្ហា​ដូច​រៀបរាប់​ខាងលើ សូម​អញ្ជើញ​មក​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ទទួល​ការ​ការពារ និង​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព ជាមួយ​ក្រុម​គ្រូពេទ្យ​ដែល​មាន​បទ​ពិសោធ​ន៏​ខ្ពស់​ច្រើន​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ