ភ្នំពេញ៖ អនុក្រឹត្យ ស្តីពី វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានកំណត់ពីបម្រាមគោចរ ដែលបានហាមឃាត់ការធ្វើដំណើរចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក។ អនុក្រឹត្យថ្មីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខា កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
មាត្រា៨ ស្តីពី បម្រាមគោចរ កំណត់ថា «រាល់ការធ្វើដំណើរ ដែលត្រូវបានអនុញ្ញាត ដូចមានចែងក្នុងមាត្រា៤ នៃអនុក្រឹត្យនេះ មិនត្រូវធ្វើឡើងនៅចន្លោះពីម៉ោង ២០ ( ម្ភៃ ) ដល់ម៉ោង ៥ ( ប្រាំ ) លើកលែងចំពោះការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់ និងបន្ទាន់ក្នុងគ្រួសារ ការដឹកជញ្ជូនទំនិញ ការបំពេញកាតព្វកិច្ច ដែលបម្រើផលប្រយោជន៍សាធារណៈ ការធ្វើដំណើរទៅទីកន្លែងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន ឬទីតាំងអាជីវកម្ម ដែលត្រូវបានលើកលែងឲ្យបើកដំណើរការដូចមានចែងក្នុងកថាខណ្ឌខាងក្រោមនេះ និងករណីចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»។
បម្រាមគោចរដដែល កំណត់ថា «រាល់គ្រឹះស្ថានសាធារណៈ សហគ្រាស ឬគ្រឹះស្ថានឯកជន ឬទីតាំងអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឲ្យនៅបើកដំណើរការស្របតាមមាត្រា៦ នៃអនុក្រឹត្យនេះ ត្រូវផ្អាកប្រតិបត្តិការរបស់ខ្លួនចាប់ពីម៉ោង ២០ ( ម្ភៃ ) ដល់ម៉ោង ៥ ( ប្រាំ ) សម្រាប់ទទួលអតិថិជនដោយផ្ទាល់ លើកលែងចំពោះសេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល ឱសថស្ថាន ស្ថានីយ៍ប្រេងឥន្ធនៈ និងសេវាសាធារណៈចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»។
អនុក្រឹត្យ ស្តីពី វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានកំណត់ពីវិធានការនានា ចាំបាច់ ដែលត្រូវអនុវត្ត មានជាអាទិ៍៖ ១-ការរឹតត្បិត ឬការហាមឃាត់ការធ្វើដំណើរ ២-ការរឹតត្បិត ឬការហាមឃាត់ការជួបជុំ និងការប្រមូលផ្តុំមនុស្ស ដែលសកម្មភាពនេះ អាចបណ្តាលឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ៣-ការហាមឃាត់ ឬការកម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរ ដែលជាហានិភ័យ ឬជាប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ៤-ការរឹតត្បិត ឬហាមឃាត់ការធ្វើចរាចរណ៍ចេញ-ចូលតំបន់ ឬទីកន្លែង ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ៥-បម្រាមគោចរ ៦-ការបិទខ្ទប់តំបន់ ឬទីកន្លែង ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ៧-ការរឹតត្បិត ឬការហាមឃាត់ការធ្វើពាណិជ្ជកម្មលើទំនិញ ដែលជាហានិភ័យ ឬជាប្រភេទ នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងវិធានការរដ្ឋបាលផ្សេងទៀត ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតប និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
អនុក្រឹត្យនេះ ក៏បានកំណត់ថា «គណៈអភិបាលរាជធានីខេត្ត ត្រូវបានប្រគល់សមត្ថកិច្ច ក្នុងការសម្រេចដាក់ចេញវិធានការរដ្ឋបាលណាមួយ ដែលមានវិសាលភាពអនុវត្ត សម្រាប់ផ្នែកខ្លះ ឬទីកន្លែងខ្លះ ក្នុងដែនដីនៃរាជធានីខេត្ត ឬមានវិសាលភាពអនុវត្តទូទាំងរាជធានី ឬខេត្តរបស់ខ្លួន ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩»។
ចំពោះការដាក់ចេញវិធានការបិទខ្ទប់រាជធានីខេត្ត និងការដាក់ចេញវិធានការរដ្ឋបាលផ្សេងទៀត ដែលមានវិសាលភាពអនុវត្តលើសពីដែនដីនៃរាជធានី ឬខេត្តមួយ ឬមានវិសាលភាពអនុវត្តនៅទូទាំងប្រទេស ត្រូវធ្វើឡើង តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល៕






ចែករំលែកព័តមាននេះ