រាជធានីភ្នំពេញ ៖ កំណើននៅលើវិស័យដឹកជញ្ជូននិងគមនាគមន៍ក្នុងឆ្នាំ២០២១នេះ រំពឹងថាមានកំណើនជាង៤%និងជិត៦%នៅឆ្នាំ២០២២ ទោះបីកម្ពុជានៅបន្តប្រឈមនិងវិបត្តិនៃជំងឺកូវីដ១៩ក្តី។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា អនុវិស័យដឹកជញ្ជូននិងគមនាគមន៍ ត្រូវបានព្យាករណ៍ថានឹងមានកំណើន ៤,៥% ក្នុងឆ្នាំ២០២១ និង៥,៩% ក្នុងឆ្នាំ២០២២ ដោយសារការរំពឹងទុកការងើបឡើងវិញ នៃអនុវិស័យគាំំទ្រសំខាន់ៗរួមាន អនុវិស័យកាត់ដេរ, សំណង់និងសណ្ឋាគារនិងភោជនីយដ្ឋាន និងការងើបឡើងវិញនៃការប្រើប្រាស់ប្រពន្ធ័អ៊ិនធឺណិត ដោយសារការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅ, ការធ្វើអាជីវកម្ម និងការបំពេញការងារជាដើម។
បើតាមរបាយការណ៍ដដែលសង្កត់ធ្ងន់ថា «ទោះបីជាយ៉ាងនេះក្តី អនុវិស័យនេះ នៅបន្តប្រឈមនឹងបញ្ហាមួយចំនួនដូចជា ភាពទន់ខ្សោយនៃប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក ខណៈការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយនៃវិស័យនេះ មិនទាន់បានបញ្ជប់នៅឡើយ »។
របាយការណ៍លើកឡើងថា ជាមួយគ្នានេះដែរ សេវាអ៊ិនធឺណិត នៅមានថ្លៃខ្ពស់ខណៈគុណភាពសេវា និងបណ្តាញគ្របដណ្តប់នៅមានកម្រិត ។ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការពន្លឿនការរៀបចំនិងដាក់ចេញនូវ ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និងឡូជីស្ទិក ២០២១ -២០៣០ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល កម្ពុជា២០២១-២០៣៥ ព្រមទាំងជំរុញការអនុវត្តយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីគាំំទ្រអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។
លោក ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានឱ្យដឹងនៅថ្ងៃទី៣០មីនានេះថាកាលពីខែមករា២០២១ នៅពេលមានការស្ងប់ស្ងាត់ជំងឺកូវីដ១៩នេះការដឹកជញ្ជូនមានសភាពរើបឡើងវិញបន្តិច ប៉ុន្តែនៅពេលមានព្រឹត្តិការណ៍២០កុម្ភៈរហូតមកដល់សព្វថ្ងៃនេះមិនមានការកើនឡើងទេ មានតែថមថយទៅវិញ ព្រោះតម្រូវការមុខទំនិញនាំចេញ នាំចូលមួយចំនួនបានជួបបញ្ហា ហើយការបញ្ជាទិញមួយចំនួនទៀតត្រូវបានលុបចោល បើយើងមើលទៅលើសេវាឡូជីស្ទីករបស់យើង។ជាងនេះថ្មីៗនេះ មានកប៉ាល់មួយបានគឿងនៅព្រែកជីកស៊ុយអេ ធ្វើឱ្យកប៉ាល់ចេញចូលទាំងពីអាស៊ីឆ្ពោះទៅអឺរ៉ុបជាប់គាំងប្រមាណ៤០០កប៉ាល់ ។បន្ថែមលើសពីនេះ តម្លៃដឹកជញ្ជនតាមកប៉ាល់នៅតែមិនថមថយនៅតែមានការកើនឡើង។
លោកឧកញ៉ា គូសបញ្ជាក់ថា«នៅត្រីមាសទី១ដើមឆ្នាំ២០២១នេះ ចំពោះឡូជីស្ទិកនិងការដឹកជញ្ជូនមិនទាន់អាចងើបឡើងវិញបានទេ ក្រែងឡូនៅពាក់កណ្តាលឆ្នាំសភាពការងើបឡើងវិញប្រហែលជាអាច។ចំពោះឡូជីស្ទិកនិងដឹកជញ្ជូន មិនអាចងើបឡើងរួចនោះទេ ជាក់ស្តែងនៅក្រុមហ៊ុនរបស់ខ្ញុំផ្ទាល់ មានការធ្លាក់ចុះចំពោះការបញ្ជាទិញ និងការនាំចេញ នាំចូលមានការកាន់តែលំបាក មិនទាន់ដឹងថាងើបឡើងវិញនៅពេលណាវិញបាន បើសិននៅតែធ្លាក់ចុះរហូតដល់ដាច់ឆ្នាំនេះ អាចធ្វើឱ្យក្រុមហ៊ុនខ្លះក្ស័យធន់»។
បើតាមលោកឧកញ៉ា ស៊ិនចន្ធី ចំពោះការព្យាករណ៍របស់ក្រសួងអាចធ្វើឱ្យអនុវិស័យខ្លះអាចកើនឡើង តែសម្រាប់សេវាឡូជីស្ទិកនិងដឹកជញ្ជូននេះមិនទាន់អាចងើបឡើងរួចទេ ជាក់ស្តែនៅត្រីមាសទី១នេះ មានការធ្លាក់ចុះ៕
ចែករំលែកព័តមាននេះ