ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Oxley Worldbridge ប្រកាស​លក់​គម្រោង​ទី​2​បន្ទាប់​ពី​គម្រោង The Bridge លក់​អស់​100%

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Oxley Worldbridge (Cambodia) Co.,Ltd វិនិយោគ​ទឹកប្រាក់​ប្រមាណ​៥៨០​លាន​ដុល្លារ​ក្នុង​ការ​សាង​សាង់​អគារ​ខុន​ដូ​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា គម្រោង​The Peak

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Oxley Worldbridge (Cambodia) Co.,Ltd វិនិយោគ​ទឹកប្រាក់​ប្រមាណ​៥៨០​លាន​ដុល្លារ​ក្នុង​ការ​សាង​សាង់​អគារ​ខុន​ដូ​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា គម្រោង​The Peak បន្ទាប់​ពី​ខ្លួន​ទទួល​បាន​ជោគជ័យ​១០០%​លើ​គម្រោង​ខុន​ដូ The Bridge ។

លោក សៀ រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន Oxley Worldbridge (Cambodia ) Co.,Ltd បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ២០១៥ ថា គម្រោង​ថ្មី​ដែល​ប្រកាស​លក់​នា​ពេល​នេះ ជា​គម្រោង​ទី​២ បន្ទាប់​ពី​គម្រោង​ទី​១ The Bridge បាន​ទទួល​ជោគជ័យ ហើយ​គម្រោង​The Peak​នេះ​នឹង​ត្រូវ​សាងសង់​លើ​ផ្ទៃដី ១,៣​ហិ​កតា ជិត​គម្រោង​ទី​១ The Bridge ខាងលិច​ទីក្រុង​កោះ​ពេជ្រ​ដែរ ។

លោក​បាន​មាន​ប្រសាសន៍​ថា ៖ «​ឥឡូវនេះ យើង​នឹង​ធ្វើការ​ផ្សព្វផ្សាយ​លក់​របស់​គម្រោង The Peak ឲ្យ​អតិថិជន​របស់​យើង​បាន​ស្គាល់​និង​បានដឹង​ពី​គម្រោង​ទី​២ The Peak នេះ ដែល​មាន​អ្វី​ប្លែក​ៗ​ពី​គម្រោង​ទី​១ » ។

លោក​បន្ត​ថា លោក​ចង់​ឲ្យ​មាន​អ្វី​ប្លែក​សម្រាប់​អតិថិជន ជាក់ស្ដែង​គម្រោង​ថ្មី The Peak បាន​អភិវឌ្ឍន៍​ឲ្យ​ប្លែក​ពី​គម្រោង​ទី​១The Bridge ដោយ​គម្រោង​ថ្មី មាន​សណ្ឋាគារ មាន​ការិយាល័យ​ធំ​ៗ​ជាង​គម្រោង​ទី​១ ។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ៖ « ក្នុង​ក្រុមហ៊ុន​របស់​យើង​ចង់​ធ្វើ​អ្វី​ឲ្យ​មានការ​ផ្លាស់​ប្តូរ​រសជាតិ​ខ្លះ ។ ក្នុង​គម្រោង​ទី​១ The Bridge​របស់​យើង​ដែល​យើង​ធ្វើ វា​ជា​ការ​ពិត​ហើយ ជា​គម្រោង​ដែល​កសាង​ឡើង​រួម​បញ្ចូល​មាន​ការិយាល័យ ការ​ស្នាក់​នៅ និង​ផ្សារ​ទំនើប ប៉ុន្តែ​ការិយាល័យ​ដែល​កសាង​នៅ​ក្នុង​គម្រោង​The Bridge ជា​ការិយា​ល័យ​ប្រភេទ​ធុន​តូច ចំណែកឯ​គម្រោង​The Peak ប្លែក​ពី​គម្រោង​The Bridge ដោយសារ​តែ​គម្រោង​The Peak មាន​បី​អគារ ដោយ​ពីរ​អគារ​ជា​ខុន​ដូ និង​១​អគារ​ជា​សណ្ឋាគារ​ផ្កាយ​ប្រាំ ឈ្មោះ​ថា Shangri-La និង​មាន​ការិយាល័យ​ផង​ដែរ តែ​ជា​ការិយាល័យ​ខ្នាត​ធំ ។ ក្នុង​គម្រោង The Peak នេះ​ដែរ ក៏​មាន​ផ្សារ​ទំនើប​ដូច​គម្រោង​ទី​១​ដែរ » ។

លោក អិុន ស៊ី​ថា អគ្គនាយករង​ក្រុមហ៊ុន​វើ​ល​ត្រាស​អីុ​ស្ទេ​ត ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា តំបន់​ទន្លេ​សា​បាក់ ជា​ពិសេស​កោះ​ពេជ្រ វា​ជា​តំបន់​ដែល​មាន​សក្ដានុពល​វិស័យ​លំនៅ​ឋាន ហើយ​ក៏​ជា​តំបន់​ដែល​មាន​ផ្លូវ​ធ្វើ​ដំណើរ​ងាយស្រួល ដោយ​មាន​ទេសភាព​ល្អ​ៗ​ដូច​ជា មាន​ទន្លេ​ហ៊ុម​ព័ទ្ធ​ជុំវិញ និង​ជា​តំបន់​ពាណិជ្ជកម្ម សាលារៀន ឬ​មជ្ឈ​មណ្ឌល​​ពាណិជ្ជកម្ម​សំខាន់​ៗ​ផង​ដែរ ។

លោក​បន្ត​ថា « បើ​យើង​វិភាគ និង​ប្រៀបធៀប​ជាមួយ​តំបន់​ដែល​មាន​សក្ដានុពល​ខាង វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​លំនៅ​ឋាន តំបន់​កោះ​ពេជ្រ ជា​តំបន់​លំនៅ​ឋាន​លេខ​១ ។ ចំណែក​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ជា​ពិសេស​ក្នុង​សង្កាត់​បឹង​កេងកង ជា​តំបន់​ពាណិជ្ជកម្ម​ដែល​អាច​ខ្លាំង​ជា​តំបន់​កោះ​ពេជ្រ » ។

លោក សៀ រឹ​ទ្ធី បន្ថែម​ថា គម្រោង The Peak ដែល​ជា​គម្រោង​ទី​២ មាន​កម្ពស់​៥៥​ជាន់ ហើយ​យើង​នឹង​ចាប់ផ្ដើម​សាងសង់​នៅ​អំឡុង​ចុងឆ្នាំ​២០១៥​នេះ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២០ ។ លោក​ថ្លែង​ថា ៖ « យើង​នឹង​ព្យាយាម​ឲ្យ​បាន​បញ្ចប់​មុន​នោះ ព្រោះ​យើង​មិន​ចង់​កំណត់ពេល​លឿន តែ​ជាក់ស្ដែង​ធ្វើ​យឺត​នោះ​ទេ​។ ដោយឡែក​ទឹកប្រាក់​វិនិយោគ​នេះ​មាន​ចំនួន​៥៨០​លាន​ដុល្លារ​អា​មេ​រិ​ក ជា​ទឹកប្រាក់​រួម​បញ្ចូល​គ្នា​របស់​អ្នក​វិនិយោគ​ក្រៅប្រទេស​ផង​ដែរ » ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ទីតាំង​ដែល​គម្រោង The Bridge និង The Peak កំពុង​អភិវឌ្ឍន៍​ជាទី​តាំង​ដែល​ល្អ​បំផុត វា​ជា​តំបន់​លំនៅ​ឋាន​និង​ពាណិជ្ជកម្ម ព្រមទាំង​ជា​តំបន់​ដែល​មាន​ទេសភាព​ល្អ​ស្អាត នៅ​មាត់ទន្លេ​ថែម​ទៀត​ផង ។

លោក​បញ្ជាក់​បន្ថែម​ថា ៖ « របត់​នៃ​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា ខ្ញុំ​សង្ឃឹមថា នឹង​ផ្លាស់​ប្តូរ​ដូច​នៅ​ប្រទេស​ថៃ ។ នៅ​ប្រទេស​ថៃ កាលពីមុន​អ្នក​ស្នាក់​នៅ​ក្នុង​ខុន​ដូ​ភាគច្រើន​ជា​ជនបរទេស តែ​ក្រោយមក អ្នក​ស្នាក់​នៅ​ក្នុង​ខុន​ដូ​ក្នុង​ប្រទេស​ថៃ​ភាគច្រើន​ជា​ជនជាតិ​ថៃ ដែល​ទិញ​ខុន​ដូ​ពី​ជនបរទេស​វិញ វា​មិន​ខុស​អី​ពី​កម្ពុជា​ពេល​នេះ​ទេ ដែល​ភាគច្រើន​ជា​ជនបរទេស​ជា​អ្នក​ស្នាក់​នៅ​ក្នុង​ខុន​ដូ តែ​នៅ​ពេល​ខាង​មុខ​ទៀត អ្នក​ស្នាក់​នៅ​ខុន​ដូ អាច​ជា​ប្រជាជន​កម្ពុជា​យើង​ច្រើន​ជាង​ជនបរទេស​វិញ​ក៏​ថា​បាន » ៕