ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​រត​ភ្ជាប់​ទៅ​កាន់​ទីផ្សារ និង​ការ​ផ្តល់​បច្ចេកទេស​កសិកម្មទំនើប ​កាត់​បន្ថយ​ការ​រុករាន​ដី​ព្រៃ

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ យោង​តាម​ការ​ចេញផ្សាយ​របស់គម្រោង USAID ព្រៃ​ឡង់​បៃតង​ថ្មី​ៗ កសិករ​ម្នាក់​ដែល​ស្នាក់​នៅ​ជិត​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ខេត្តកំពង់ធំ នៃ​ប្រទេស​កម្ពុជា បាន​រៀន​ពី​របៀប​ធ្វើស្រែ​ចម្ការពី​ឪពុក​របស់​គាត់ និង​បច្ចុប្បន្នគាត់​ក៏​បាន​បង្រៀន​កូន​ៗ​របស់​គាត់បន្ត​ទៀត​ឱ្យ​ចេះ​ដាំ​ដុះ​ដំណាំ​សរីរាង្គ…

ខេត្តកំពង់ធំ ៖ យោង​តាម​ការ​ចេញផ្សាយ​របស់គម្រោង USAID ព្រៃ​ឡង់​បៃតង​ថ្មី​ៗ កសិករ​ម្នាក់​ដែល​ស្នាក់​នៅ​ជិត​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ខេត្តកំពង់ធំ នៃ​ប្រទេស​កម្ពុជា បាន​រៀន​ពី​របៀប​ធ្វើស្រែ​ចម្ការពី​ឪពុក​របស់​គាត់ និង​បច្ចុប្បន្នគាត់​ក៏​បាន​បង្រៀន​កូន​ៗ​របស់​គាត់បន្ត​ទៀត​ឱ្យ​ចេះ​ដាំ​ដុះ​ដំណាំ​សរីរាង្គ ជា​ច្រើន​ប្រភេទ​ផង​ដែរ ​។ ពេញ​មួយ​ឆ្នាំចម្ការ​របស់​គាត់​ពោរពេញ​ទៅ​ដោយ​ដំណាំ​ហូប​ផ្លែ​ដូច​ជា ធុ​រេ​ន សាវម៉ាវ ពោត ត្រសក់ ល្ហុង ព្រមទាំង​ផ្លែ​ឈើ និង​បន្លែ​ជា​ច្រើន​ទៀត ​។

អ្នក​មីង ហឿ​ន ឃុន គឺជា​កសិករ​ម្នាក់​ដែល​បាន​ប្រែក្លាយ​ព្រៃ​ក្បែរ​ផ្ទះ​របស់​គាត់ ឱ្យទៅ​ជា​ចម្ការ​កៅស៊ូ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​។ តាម​គម្រោង USAID ដើម្បី​ទទួល​បាន​ដី​ថ្មី កសិករ​ត្រូវធ្វើ​ដំណើរ​ហួស​ចម្ការ​កៅស៊ូ​ទៅ​កាន់​ព្រៃ​ឡង់​ ។ នៅ​ទីនោះ ដី​ព្រៃ​ជា​ញឹកញាប់ ត្រូវ​បាន​បំ​លែង​ទៅ​ជា​ដីចម្ការ ។

រូបភាព ៖ គម្រោង USAID ព្រៃ​ឡង់​បៃតង

ជាមួយ​គ្នា​នេះ​ដែរ គម្រោង USAID បាន​នឹង​កំពុងធ្វើការ​ជាមួយ​អ្នក​មីង ហឿ​ន ឃុន និង​សហគមន៍​កសិកម្ម ដែល​គាត់​ដឹកនាំ ដើម្បី​ផ្តល់​ជម្រើស​ផ្សេង​ទៀត ក្រៅពី​ការ​បំ​លែង​ដី​ព្រៃ​ឱ្យ​ក្លាយជា​ដីចម្ការ ​។ បច្ចេកទេស​ពីរ​ត្រូវ​បាន​អនុវត្ត ​។ ទី​មួយ គឺ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទិន្នផល​កសិកម្ម និង​គុណភាព​ដំណាំ តាម​រយៈ​ការ​អនុវត្តន៍​ការ​ធ្វើ​កសិកម្ម​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​ ។ ទី​ពីរ​នោះ គឺ​កា​រត​ភ្ជាប់​កសិករ​ទៅ​កាន់​អ្នកទិញ​ក្នុង​វិស័យ​ឯកជន​ ។ អ្នកទិញ​ទាំងនេះ និង​អតិថិជន​របស់​ពួក​គេ​ប្ដេជ្ញា​ចិត្ត ទិញ​ផលិតផល​ដែល​មិន​ដាំ​ដុះ​នៅ​លើ​ដី​ដែល​បំ​លែង មក​ពី​ដី​ព្រៃ​នោះ​ទេ ​។

រូបភាព ៖ គម្រោង USAID ព្រៃ​ឡង់​បៃតង

តាម​រយៈ​គម្រោង USAID ព្រៃ​ឡង់​បៃតង មីង ហឿ​ន ឃុន បាន​និយាយ​ថា ​៖ «ព្រៃឈើ គឺជា​អ្វី​ៗ​គ្រប់យ៉ាង​សម្រាប់​ទ្រ​ទ្រ​ង​ដល់​ជីវិត​របស់​យើង​ទាំងអស់​គ្នា ហើយ​ខ្ញុំ​ប្តេជ្ញា​ចិត្ត​ថា ​នឹង​មិន​កាប់​ឆ្ការ​ដី​ព្រៃ​សម្រាប់​ការ​ធ្វើ​កសិកម្ម​នោះ​ទេ ​។ ខ្ញុំ​នឹង​មិន​អាច​លក់​ផលដំណាំ​របស់ខ្ញុំ​បាន​ទេ ប្រសិនបើ​អ្នកបញ្ជា​ទិញ​បាន​រក​ឃើញ​ថា​យើង​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​កាប់​ព្រៃឈើ ​។ តាម​រយៈ​លទ្ធភាព​ទាំងនេះ ខ្ញុំ​អាច​ចូលរួម​ក្នុង​សហគមន៍​កសិកម្ម​ដើម្បី​រៀន​ពី​របៀប​ធ្វើ​កសិកម្ម​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​» ​។

យោង​តាម​រយៈ​គម្រោង USAID បាន​បន្ត​ថា នៅ​ពេល​ដែល​ទិន្នផល​កើនឡើង ជាមួយនឹង​គុណភាព​ល្អ អ្នកទិញ និង​កសិករ​នឹង​អាច​ចុះ​កិច្ចសន្យា ​។ កិច្ចសន្យា​នឹង​រក្សា​តម្លៃ​មិន​ឱ្យ​ធ្លាក់​ចុះ ធានា​ការ​លក់​នា​ពេល​អនាគត ព្រមទាំង​អនុញ្ញាត​ឱ្យ​កសិករ និង​អ្នកទិញ​ធ្វើ​ផែនការ​រយៈពេល​វែង​ ។ កិច្ចសន្យា​ក៏​នឹង ការពារ​ព្រៃ​ឡង់​ដោយ​ផ្តល់​ឱ្យ​កសិករ​នូវ​អត្ថប្រយោជន៍​ដែល​បាន​មក​ពី​ទីផ្សារ​ជំនួស​វិញ ដើម្បី​ចៀសវាង​ការ​កាប់​ឆ្ការ​ព្រៃឈើ ​។

រូបភាព ៖ គម្រោង USAID ព្រៃ​ឡង់​បៃតង

អ្នក​មីង ហឿ​ន ឃុន និង​អ្នក​ជិតខាង​មួយ​ចំនួន​ទៀត ត្រូវ​បាន​ជ្រើសរើស​ដោយ​សហគមន៍​កសិកម្ម​របស់​ពួក​គាត់ ដើម្បី​ធ្វើ​ជា​កសិករ​គំរូ​ ។ ចម្ការ​របស់​ពួក​គាត់​មាន​តួនាទី​ជា​ចម្ការគំរូ ដែល​កសិករ​ផ្សេង​ទៀត​អាច​រៀនសូត្រ​ពី​របៀប​ដាំ​ដំណាំ​ចម្រុះ ហើយ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ដែល​មាន​ភាព​ប្រសើរ​ជាង​មុន ​។

រូបភាព ៖ គម្រោង USAID ព្រៃ​ឡង់​បៃតង

អ្នក​មីង ហឿ​ន ឃុន បាន​បន្ថែម​ថា ៖ «​ចម្ការគំរូ​អាច​ចូលរួម​ចំណែក​បង្កើន​ផលិតភាព​ព្រមទាំង​ធ្វើ​ឱ្យ​ជីវភាព​កសិករ ក៏​ដូច​ជា​បរិស្ថាន​កាន់តែ​ល្អ​ប្រសើរ​ឡើង នៅ​ពេល​ដែល​យើង​ប្តូរ​ពី​ការ​អនុវត្ត​បែប​ប្រពៃណី ទៅ​ជា​ការ​អនុវត្ត​តាម​បច្ចេកវិទ្យា​ទំនើប​ ។ បច្ចេកទេស​ថ្មី និង​ឧបករណ៍​កសិកម្ម​ទំនើប​ក៏​នឹង​ជួយ​ឱ្យ​យើង​ដាំ​ដំណាំ​បាន​ល្អ កាត់​បន្ថយ​ថ្លៃដើម បង្កើន​ថ្លៃ​លក់ ព្រមទាំង​ជួយ​ឱ្យ​យើង​មិន​ត្រូវការ​ជីគីមី​ថែម​ទៀត​ផង​ ។ ខ្ញុំ​រីករាយ​ដែល​បាន​ធ្វើ​ជា​គំរូ​ដល់​សហគមន៍​របស់ខ្ញុំ​» ៕

អត្ថបទសរសេរ ដោយ