សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ប្រកាសនាថ្ងៃទី១៦តុលាថា លោកនឹងជួបជាមួយសមភាគីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនជាថ្មីម្ដងទៀតនៅហុងគ្រី បន្ទាប់ពីកិច្ចប្រជុំមួយរបស់ទីប្រឹក្សាជាន់ខ្ពស់រុស្ស៊ី និងអាមេរិក ដែលនឹងប្រព្រឹត្តទៅនាសប្ដាហ៍ខាងមុខនេះ។
ការប្រកាសនោះរបស់លោកត្រាំធ្វើឡើងបន្ទាប់ពីការជួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោកពូទីន។ លោកត្រាំប្រកាសថាលោកនឹងជួបជាមួយលោកពូទីនជាថ្មីនៅទីក្រុងប៊ូដាប៉េស្ត។ ការជួបគ្នាកំពូលនេះគឹបន្ទាប់ពីកិច្ចប្រជុំរបស់ទីប្រឹក្សាជាន់ខ្ពស់របស់ប្រទេសទាំង២ ដែលនឹងប្រព្រឹត្តទៅនាសប្ដាហ៍ខាងមុខនេះ។ កិច្ចប្រជុំដំបូងនោះខាងអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោកម៉ាកូរូប៊ីយ៉ូ ដោយរួមសហការជាមួយមនុស្សផ្សេងៗទៀតដែលចាត់តាំង។ ទីកន្លែងប្រជុំនេះនៅមិនទាន់បញ្ជាក់នៅឡើយ។
តាមលោកត្រាំថា ទិសដៅនៃការជួបគ្នាកំពូលជាយថាហេតុនោះរវាងមេដឹកនាំប្រទេសទាំង២ គឺពិនិត្យមើលថាតើយើងអាចបញ្ចប់សង្គ្រាមដ៏អាក្រក់រវាងរុស្ស៊ី និងអ៊ុយក្រែនបានទេ។ ប្រធានាធិបតីទាំង២ជួបគ្នាលើកទីមួយនៅអាឡាស្កាកាលពីថ្ងៃទី១៥សីហាកន្លងទៅ។ ក្នុងសារមួយផ្សាយតាមបណ្ដាញសង្គមTRUTH SOCIAL របស់លោក ប្រធានាធិបតីអាមេរិក ចាត់ទុកការសន្ទនាគ្នាតាមទូរស័ពលើកនេះជាមួយលោកពូទីនថា មានលក្ខណៈវិជ្ជមានបំផុត។ លោកថាលោកពូទីន បានសរសើរលោកដែលបំពេញបានសន្តិភាព នៅមជ្ឈឹមបូព៌ាដែលជាក្ដីស្រមៃមួយចាប់តាំងពីច្រើនសតវត្សមកហើយ។
លោកពូទីនវាយតម្លៃថា កិច្ចពមព្រៀងសន្តិភាពនោះ អាចរួមចំណែកជួយក្នុងការចរចារបស់យើងដែលសំដៅបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីពេលនេះបានមកកាន់ក្រុងវ៉ាស៊ីនតោនជួបជាមួយលោកត្រាំនៅសេតវិមាននាថ្ងៃទី១៧តុលា ដោយទិសដៅនៃការជួបគ្នានោះផ្ដោតជាពិសេសលើលទ្ធភាព នៃការផ្ដល់មីសីុលរយៈឆ្ងាយធុនTOMAHAWK ដល់ក្រុងគៀវ៕
ចែករំលែកព័តមាននេះ