ខេត្តកំពង់ឆ្នាំង ៖ ប្រជាកសិករធ្វើចំការលើខ្នងកោះ ជាប់មាត់ទន្លេ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ បានសម្តែងការខកចិត្តជាខ្លាំងព្រោះតែផ្លែល្ពៅឆ្នាំនេះ មានតម្លៃធ្លាក់ចុះស្ទើរដល់កំរិតសូន្យធ្វើឱ្យការចំណាយរបស់ពួកគាត់ត្រូវខាតបង់ ។

ចំណែកអ្នកទទួលទិញពីកសិករក៏បានបញ្ជាក់ដូចជា គ្នាថា តម្លៃផ្លែល្ពៅពិតជាចុះថោកមែន ហើយបើគាត់មិនទិញថោកតាមតម្លៃទីផ្សារទេ គាត់ដែលជាឈ្មួញចាំទិញបោះដុំ គឺជាអ្នកខាតបង់ ។

បងស្រី ស៊ឹម ឆែម អាយុ៤៧ឆ្នាំ បានឱ្យដឹងថា ៖ គាត់មានទីលំនៅភូមិទួលធ្លក ឃុំមេលំ ឯណោះទេ ប៉ុន្តែគាត់មានដីចំការជាង១ហិកតា នៅជាប់មានទន្លេក្នុងភូមិយុគន្ឋ ឃុំឆ្នុកទ្រូ ។ ឱ្យតែដល់ខែទឹកស្រកគាត់តែងមករស់នៅធ្វើចំការនៅមាត់ទន្លេ រហូតខែវស្សាពេលទឹកទន្លេឡើងលិចខ្នងកោះ ទើបគាត់ត្រឡប់ទៅផ្ទះវិញ ។
នៅចំការគាត់ដាំដំណាំច្រើនប្រភេទ និងផ្លាស់ប្តួរហូតទៅតាមបន្លែមានទីផ្សារខ្ពស់ ។ ក៏ប៉ុន្តែឆ្នាំនេះគាត់បានខាតបង់ច្រើនណាស់ ដោយសារតែផ្លែល្ពៅមានតម្លៃថោកពេកដោយបច្ចុប្បន្នតម្លៃផ្លែល្ពៅត្រឹម២០០ទៅ២៥០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម គឺស្មើនឹង២០ម៉ឺនទៅ២៥ម៉ឺនរៀល ក្នុង១តោន គឺខុសគ្នាច្រើនណាស់ពីឆ្នាំចាស់ ។

កាលឆ្នាំចាស់គាត់លក់បានពី៨០០ទៅ១០០០រៀលក្នុង១គីឡូក្រាម ដោយសារតែកាលណោះបានថ្លៃដូចច្នេះហើយទើបគាត់ដាំឆ្នាំនេះ ។ គាត់មិនដឹងថា តម្លៃល្ពៅចុះថ្លៃខ្លាំងបែបនេះដោយសារ កូវីត ឬយ៉ាងណានោះទេ ។ ប៉ុន្តែដឹងត្រឹមថា បើគាត់ឬ កសិករឯទៀតមិនបេះលក់មានតែទុកចោល ព្រោះនៅតែប៉ុន្មានថ្ងៃទៀតធ្លាក់ភ្លៀងទឹកទន្លេក៏ឡើង ម្លោះហើយត្រូវតែបេះយកមកលក់ ។ បើទូរទាត់ទៅលើការចំណាយទន់ក្នុងការទិញប្រេងបូមទឹក ថ្លៃជី ថ្លៃពូជ និងកម្លាំងពលកម្ម គឺខាតច្រើនណាស់ ។ យ៉ាងនេះក្តីក៏ឆ្នាំក្រោយគាត់នៅតែធ្វើចំការដដែល ដែរព្រោះជីវិតអ្នកចំការតែប៉ុណ្ណឹង ឆ្នាំនឹងដាំល្ពៅថោក ឆ្នាំក្រោយដាំអ្វីផ្សេងវិញ ។

ដោយឡែក លោក វ៉ាន់ ធៀប ដែលជាឈ្មួញចាំទិញពីកសិករផ្ទាល់ និងលក់ដុំឱ្យឈ្មួយយកទៅលក់បន្តបានបញ្ជាក់ថា ៖ គាត់ទិញពីកសិករ ២០០ទៅ២៥០រៀល ក្នុង១គីឡូក្រាម ពេលគាត់លក់បន្តឱ្យឈ្មួញយកលក់តាមបណ្តាខេត្ត បានត្រឹម៣០០ទៅ៣៥០រៀលក្នុង១គីឡូក្រាម គឺចំណេញត្រឹម៥០រៀល ហើយបើគិតទៅ១ថ្ងៃ គាត់ទិញលក់បាន២តោនគាត់អាចចំណេញត្រឹម១០ម៉ឺនរៀលប៉ុណ្ណោះ នេះមិនទាន់គិតថ្លៃឈ្នួលលីសែងនោះទេ ។

គាត់ឃើញកសិករយកល្ពៅមកលក់ខ្លះ១ទូកបានលុយតែជាង១០ម៉ឺនរៀល ។គាត់ក៏អាណិតដែរ តែធ្វើម៉េច បើតម្លៃទីផ្សារប៉ុណ្ណឹងហើយ ។ ប្រជាកសិករ បានសំណូមពរដល់មន្ទីរក្រសួងពាក់ព័ន្ធមេត្តាជួយរកទីផ្សារឱ្យពួកគាត់បានថ្លៃជាងនេះផង បើមិនបានតម្លៃឆ្នាំមុន ក៏ប្រហាក់ប្រហែលក៏បានដែរ ៕
ចែករំលែកព័តមាននេះ