ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផាកពិន័យ​បុគ្គល​មិន​ពាក់​ម៉ាស និង​រក្សា​គម្លាត​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២១ លោក គង់ សោ​ភណ្ឌ អភិបាល​ខេត្តកណ្តាល បាន​បញ្ជារ​អោយ​បណ្តា​ក្រុង​ស្រុក​ផាកពិន័យ​អន្ដរការណ៍​លើ​បុគ្គល​ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស…

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២១ លោក គង់ សោ​ភណ្ឌ អភិបាល​ខេត្តកណ្តាល បាន​បញ្ជារ​អោយ​បណ្តា​ក្រុង​ស្រុក​ផាកពិន័យ​អន្ដរការណ៍​លើ​បុគ្គល​ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ក្នុងភូមិ​សាស្ត្រ ខេត្តកណ្តាល ។

បើ​យោង​តាម​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកណ្តាល​មាន​ខ្លឹមសារ ៖ ស្តី​ពី​ការ​ផាកពិន័យ​អន្តរការណ៍​លើ​បុគ្គល​ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ។ ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត អនុក្រឹត្យ​លេខ ៣៧ អន​ក្រ .​បក ចុះ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២១ ស្តី​ពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ប្រកាស​អន្តរក្រសួង​លេខ ១៧៨ សហ​វ​.​ប្រក ចុះ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងសុខាភិបាល ប្រកាស​លេខ​០៨១ ស​.​នក​.​ប្រក ចុះ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១ របស់​ក្រសួងសុខាភិបាល ។

លិខិត​លេខ ០៨៨ សុខ​ល ចុះ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១ របស់​ក្រសួងសុខាភិបាល – លិខិត​លេខ ៨៣៣ ស​ជ​ណ ចុះ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២១ របស់​ក្រសួងមហាផ្ទៃ ។ សេចក្តី​ដូច​មាន​ចែង​ក្នុង​កម្មវត្ថុ និង​យោង​ខាងលើ ខ្ញុំ​សូម​ជម្រាប​ជូន​លោក អភិបាល​នៃ​គណៈ​អភិបាល ក្រុង ស្រុក និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ស្រុក​ជ្រាប​ថា ក្រសួងសុខាភិបាល​បាន​កំណត់​យក​ខេត្តកណ្តាល​ជា​ភូមិសាស្ត្រ​ដែល​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង « ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​» ដែល​តម្រូវ​ឱ្យ​មានការ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​ចូលរួម​សហការ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​កាត់​ផ្តាច់​នូវ​ខ្សែចម្លង​ក្នុង​សហគមន៍ ។ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​នេះ រដ្ឋបាល​ខេត្ត សូម​ណែនាំ​ដល់ លោក អភិបាល​នៃ​គណៈ​អភិបាល ក្រុង ស្រុក និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ដូច​ខាងក្រោម ៖ ១. ត្រូវ​រៀបចំ​ផ្សព្វផ្សាយ​អប់រំ​តាម​គ្រប់​មធ្យោបាយ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន ដែល​កំពុង​ស្នាក់​នៅ ប្រកប​អាជីវកម្ម និង​ធ្វើ​ដំណើរ​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តកណ្តាល ឱ្យ​ចូលរួម​អនុវត្ត កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ក្នុងអំឡុងពេល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ និង​ទោសពិន័យ​ដែល​មាន​ចែង​ក្នុង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ។

២.​ត្រូវ​ចូលរួម​សហការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​មន្ត្រី​សុខាភិបាល​ក្នុង​ការ​អនុវត្ត​ការ​ផាកពិន័យ​អន្តរការណ៍​លើ​បុគ្គល ឬ​នីតិបុគ្គល​ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ។

៣.​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ជូន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​អំពី​ការ​លំបាក ឬ​បញ្ហា​ប្រឈម​ណាមួយ​ក្នុង​ពេល​ចាត់ចែង​អនុវត្ត​ការងារ​ជាក់ស្តែង ដើម្បី​ផ្តល់​ការ​អន្តរាគមន៍​គាំទ្រ និង​ចាត់វិធានការ​ដោះស្រាយ​បាន​ទាន់​ពេលវេលា ។ ទទួល​បាន​សេចក្តីជូនដំណឹង​នេះ សូម លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ជ្រាប និង​ចាត់ចែង​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ខ្លឹមសារ​ខាងលើ ប្រកបដោយ​ស្មារតី​ម្ចាស់​ការ និង​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ