ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ទេសចរណ៍​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​កំណើន​សេដ្ឋកិច្ចជាតិ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជំរុញ​ឲ្យ​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ ស្ថាប័នរដ្ឋ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ឲ្យ​យល់​ច្បាស់​អំពី​តួនាទី និង​អត្ថប្រយោជន៍​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជំរុញ​ឲ្យ​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ ស្ថាប័នរដ្ឋ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ឲ្យ​យល់​ច្បាស់​អំពី​តួនាទី និង​អត្ថប្រយោជន៍​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច ហើយ​អះអាង​ថា វិស័យ​នេះ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិរក្ស​សម្បត្តិ​វប្បធម៌ ការ​ការពារ​បរិស្ថាន ធនធានធម្មជាតិ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ។

ការ​អំពាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​ឡើង​ក្នុង​ឱកាស​នៃ​ការ​អបអរសាទរ​នៃ​ទិវា​ទេសចរណ៍​ពិភពលោក នៅ​ថ្ងៃ​ទី​២៧   ខែកញ្ញា ខាង​មុខ​នេះ ក្រោម​ប្រធានបទ​« មួយ​ពាន់ លាន​ទេសចរ​-​មួយ​ពាន់​លាន​កាលានុវត្តភាព » ដែល​ធ្វើ​ឡើងជា​ផ្លូវការ​នូវ​ប្រទេស​បួ​គី​ណា​ហ្វា​សូ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ « ទិវា​ទេសចរណ៍​ពិភពលោក​នេះ ដើរតួ​យ៉ាង​ចម្បង​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាតិ និង​អន្តរជាតិ ដោយ​ផ្សារ​ភ្ចា​ប់​វិស័យ​ទេសចរណ៍​ទៅ​នឹង​វិស័យ​នានា ។ ទេសចរណ៍​ពិភពលោក​បាន​និង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។ ជាក់ស្តែង​ភ្ញៀវ​ទេសចរ​ពិភពលោក​មានការ​កើនឡើង​លើស​ពី​ការ​រំពឹង​ទុក​ដែល​នៅ​ឆ្នាំ​២០១៣ មាន​ចំនួន ១.០៨៧​លាន​នាក់ នៅ​ឆ្នាំ​២០១៤​មាន​ចំនួន ១.១៣៨​លាន​នាក់ ក្នុង​នោះ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ប្រមាណ​៤,២​លាន​នាក់​នៅ​ឆ្នាំ​២០១៣ និង​ចំនួន​៤,៥​លាន​នាក់​នៅ​ឆ្នាំ​២០១៤ » ។

យោង​តាម​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ទិវា​ទេសចរណ៍​ពិភពលោក​ក្រោម​ប្រធានបទ «​មួយ​ពាន់​លាន​ទេសចរ​-​មួយ​ពាន់​លាន​កាលានុវត្តភាព » បាន​បង្ហាញ​ថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ដែល​ជា​ទេសចរណ៍វប្បធម៌​និង​ធម្មជាតិ បាន​និង​កំពុង​បោះ​ជំហាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​ជា​លំដាប់ ដោយ​រក្សា​បាន​នូវ​ស្ថិរភាព​កំណើន​ជា​រៀង​រាល់​ឆ្នាំ និង​បាន​រួមចំណែក​ប្រមាណ​ជាង​១០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប ។

សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា​វិស័យ​អាទិភាព​ដោយសារ​វិស័យ​នេះ​មិន​ត្រឹមតែ​បង្កើត​នូវ​កាលានុវត្តភាព​ការងារ លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​បង្កើន​ចំណូល​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​រូបិយប័ណ្ណ​អន្តរជាតិ ដែល​ជា​កត្តា​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កាត់​បន្ថយ​ភាព​ក្រីក្រ​។ នេះ​បើ​យោង​តាម​យោង​តាម​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។
លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ Tours & Travel មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​ថា ក្នុង​នាម​ជា​ក្រុមហ៊ុន នៅ​ក្នុង​វិស័យ​ឯកជន​លោក​មាន​គោលនយោបាយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ដំណើរ​កម្សាន្ត​ផ្សេង​ៗ ជាមួយនឹង​កញ្ចប់​ទស្សនកិច្ច​ដែល​មាន​តម្លៃ​សមរម្យ ផ្តល់​ឱកាស​ដល់​និស្សិត​ដែល​សិក្សា​លើ​ជំនាញ​ទេសចរណ៍​ដើម្បី​ឲ្យ​ពួក​គាត់​ស្វែង​យល់​ពី​ការ​ទាក់ទាញ​នូវ​ផលិតផល​ទេសចរណ៍​ពិតប្រាកដ​មួយ និង​ការ​ផ្សព្វ​ផ្សា​ទេសចរណ៍​រួម​គ្នា​រវាង​ក្រុមហ៊ុន​ទេសចរណ៍ និង​ក្រុមហ៊ុន​ទេសចរណ៍​ផ្សេង​ៗ​ទៀត​នៅ​ក្រៅប្រទេស​ដើម្បី​ឲ្យ​មាន​ទេសចរណ៍​ដើរ​នៅ​ក្នុង​តំបន់។

លោក ហូ វ​ណ្ឌី មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ « វា​[​វិស័យ​ទេសចរណ៍​]​ស្រូប​យក​នូវ​កម្លាំង​ពលកម្ម​ច្រើន​មែនទែន ទាំង​ប្រយោល​និង​ត្រង់ ហើយ​វា​ជា​វិស័យ​ទី​២ បន្ទាប់​ពី​កសិកម្ម ដូច​យើង​ឃើញ​ហើយ​ការ​ស្រូប​យក​នូវ​កម្លាំង​ពលកម្ម​ជិត​១​លាន​នាក់ ទាំង​ប្រយោល​និង​ដោយ​ត្រង់ អាច​ចូល​ជា​លាន​នាក់​ក៏​ថា​បាន កន្លង​មក​ទេសចរណ៍​នាំមុខ​វិនិយោគ » ។

លោក លូ ម៉េ​ង សហ​ប្រធាន​ក្រុមការងារ​វិស័យ​ទេសចរណ៍​ឯកជន​-​រាជរដ្ឋាភិបាល​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​ថា វិស័យ​ឯកជន​និង​ផ្នែក​រដ្ឋ ធ្វើការ​រួម​គ្នា​ក្នុង​ការ​ផ្សព្វផ្សាយ​ទៅ លើ​វិស័យ​ទេសចរណ៍​ដើម្បី​ទាក់ទាញ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។ លោក​ថា វិស័យ​ឯកជន​បាន​ស្នើ​សុំ​ឲ្យ​មានកម្ម​វិធី​ប្រចាំខែ​សម្រាប់​ឆ្នាំ​២០១៦ ដូច​ជា បុណ្យ​ទន្លេ ឬ​បុណ្យ​សមុទ្រ ជាដើម ឬ​ហៅ​ថា​កម្មវិធី​ក្នុងស្រុក ហៅ​ថា​(Dmestic Event) ហើយ​ឆ្នាំ​២០១៦-២០១៧​ខាង​មុខ ខាង​ផ្នែក​វិស័យ​ទេសចរណ៍​ឯកជន​និង​រដ្ឋ​ស្នើ​សុំ​ឲ្យ​មាន​ជា​កម្មវិធី​ប្រចាំខែ​មួយ បាន​ន័យ​ថា​ក្នុង​មួយ​ខែ​មានកម្ម​វិធី​មួយ​សម្រាប់​បរទេស​មក​កម្សាន្ត​នៅ​កម្ពុជា​វិញ ដែល​ហៅ​ថា ប្រ​ម៉ូ​សិន​អុ​ី​វី​ន (Promotion Event) ដើម្បី​ស្រូប​យក​ភ្ញៀវ​បរទេស​មក​កម្ពុជា ។

លោក លូ ម៉េ​ង មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ « វា​ជា​ចំណុច​សំខាន់​ណាស់​ដែល​យើង​ចង់បាន​ភ្ញៀវ​ចូលរួម​វិនិយោគ​នៅ​ស្រុក​យើង ជើង​ទី​មួយ​គាត់​មក​គឺ​ទេសចរណ៍​ហ្នឹង ហើយ​កាលណា​សេវា​ល្អ​គាត់​មក​វិញ គាត់​វិនិយោគ​បន្ត ហើយ​បើកាលណា​គាត់​ចាប់ផ្តើម​វិនិយោគ គាត់​បង្កើត​ការងារ​ឲ្យ​ច្រើន អុ​ី​ចឹ​ង​ទេសចរណ៍​ជា​មុខមាត់​របស់​ប្រទេស​ជាតិ យើង​ឃើញ​ថា​ទេសចរណ៍​ល្អ ប្រទេស​យើង​ក៏​មានមុខមាត់​ល្អ​ដែរ » ។

ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​ធនធានមនុស្ស​ក្នុង​ផ្នែក​មួយ​នេះ​នៅ​តែ​ជា​ចំណោទបញ្ហា​ទាំង​វិស័យ​ឯកជន និង​រដ្ឋ ។

សហ​ប្រធាន​ក្រុមការងារ​វិស័យ​ទេសចរ​បាន​លើក​ឡើង​ថា ធនធានមនុស្ស​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​មិន​ទាន់​គ្រាន់​ទេ កម្ពុជា​ត្រូវការ​ធនធានមនុស្ស​បន្ថែម​ទៀត ខណៈ​ពេល​ដែល​សណ្ឋាគារ​បើក​ថ្មី​ចូល​ប្រមាណ​ជា​៦០ ភោជនីយដ្ឋាន​ចូល​ជិត​២០០​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទូ​ទាំង​ប្រទេស ។

ដោយឡែក លោក ហូ វ​ណ្ឌី ក៏​បាន​លើក ឡើង​ពី​កង្វះខាត​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ដែរ​ថា ធនធានមនុស្ស​កន្លែង​មួយ​ចំនួន​នៅ​តែ​ខ្វះខាត ដូច​ជា​មានការ​ទាញ​យក​បុគ្គលិក​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​មានការ​ដេញថ្លៃ ជាដើម ។ មួយវិញទៀត ដោយសារ​តែ​បញ្ហា​ចំណាកស្រុក​ទៅ​បរទេស​ច្រើន ដូច​ជា​ថៃ ម៉ា​ឡេ​ស៊ី កូរ៉េ ស​ង្ហិ​បុរី ដែល​ជា​ប្រទេស​ស្រូប​យក​កម្លាំង​ពលកម្ម​របស់​យើង​ច្រើន ។

លោក​វ​ណ្ឌី មាន​ប្រសាសន៍​ថា ៖ « កាល​ខ្ញុំ នៅ​ជា​អតីត​ប្រធាន​ក្រុមការងារ​ទេសចរណ៍ ខ្ញុំ​បាន​ស្នើ​សុំ​ឲ្យ​មានការ​បណ្តុះបណ្តាល​នៅ​សាកលវិទ្យាល័យ និង​បណ្តុះបណ្តាល​នូវ​វិជ្ជាជីវៈ​ទេសចរណ៍​តែ​មួយ​ឲ្យ​វា​សម​មូល​នៅ​ក្នុង​ស្តង់ដា​អាស៊ាន » ។

តាម​របាយការណ៍​ពី​ក្រសួងទេសចរណ៍​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៥​នេះ ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កម្ពុជា​ប្រមាណ​ជាង​៣​លាន​នាក់​។ ដោយឡែក​ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០១៥​នេះ គ្រាន់តែ​ខេត្ត​ព្រះ​សីហ​នុ​ទទួលភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជា​១​លាន​នាក់ កើនឡើង​១៣,៣៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤៕