ខេត្តព្រៃវែង ៖ កាលពីរសៀលថ្ងៃទី២៥ មិនានេះ ក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ បានចេញសេចក្តីប្រកាស ដោយបង្ហាញពីលទ្ធផលនៃការធ្វើតេស្តសំណាក លើកំហាកសត្វស្លាបនៅទួលពាន់តាឡីហើយ គឺមូលហេតុដែលបណ្តាលអោយសត្វទាំងអស់នោះ ងា.ប់ជាបន្តបន្ទាប់រហូតដល់ជាង១ពាន់ក្បាលនោះ គឺដោយសារនៅតំបន់ទួលពាន់តាឡី ផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី A/H5N1។
ជាមួយគ្នានោះដែរ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏បានធ្វើលិខិតមួយដាក់ទៅក្រសួងបរិស្ថាន ដោយស្នើសុំកិច្ចសហការអនុវត្តវិធានបច្ចេកទេស ក្នុងការពង្រឹងការទប់ស្កាត់ ការឆ្លងរាលដាលជម្ងឺផ្តាសាយបក្សី ក្នុងអនុក្រម A/H5N1 នៅតំបន់បឹងស្នេហ៌ ក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយក្នុងនោះបានដាក់ចេញនូវវិធានការបន្ទាន់ចំនួន៣ធំៗរួមមានទី១ ត្រូវបំផ្លាញចោលចំពោះបក្សីដែលសង្ស័យមានជំងឺ សាកស.ពបក្សី និងផលិតផលបក្សីក្នុងតំបន់ផ្ទុះជំងឺតាមវិធានបច្ចេកទេសបសុពេទ្យ។ ទី២ ផ្អាកជាបណ្តោះអាសន្នលើការចេញចូលឬ ឆ្លងកាត់ក្នុងរង្វង់កាំប្រវែង៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជម្ងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យនិងតាមដាន។ និងទី៣ សិក្សាស្រាវជ្រាវប្រភពជម្ងឺផ្តាសាយបក្សីក្នុងរយៈពេល៣០ថ្ងៃ និងត្រួតពិនិត្យឃ្លាំមើលចលនាបក្សីជាប្រចាំ ក្នុងរង្វង់ដែលមានកាំប្រវែង១០គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជម្ងឺ។
ដោយឡែកលោក ពុធ បូ ប្រធានសហគមន៌អភិរក្សសត្វស្លាបទួលពាន់តាឡី បឹងស្នេហ៌ បានអោយដឹងនៅរសៀលថ្ងៃទី២៥ មិនានេះថា រហូតមកដល់ពេលនេះ ស្ថានភាពរបស់សត្វស្លាបទាំងអស់នៅក្នុងតំបន់ទួលពាន់តាឡី នៅមិនទាន់បានធូរស្បើយនៅឡើយទេ ដោយសត្វស្លាបជាច្រើន នៅតែបន្តងា.ប់ជារៀងរាល់ថ្ងៃ ខណៈដែលខាងសហគមន៌ ក៏ដូចជាខាងមន្ត្រីជំនាញពាក់ពន្ធ័ នៅមិនទាន់មានវិធានការដ៏មានប្រសិទ្ធិភាពណាមួយ ដែលអាចបញ្ឈប់ការងាប់របស់សត្វទាំងនេះបានភ្លាមៗនៅឡើយទេ។
លោក ពុធ បូ ប្រធានសហគមន៌អភិរក្សសត្វស្លាបទួលពាន់តាឡី បានបន្តទៀតថា នៅចំពោះមុខខាងសហគមន៌របស់លោក អាចធ្វើបានត្រឹមតែដើរប្រមូលយកសាកសពសត្វ នៅតាមមាត់ទឹក និងនៅតាមមាត់ព្រៃ យកទៅដុតបំផ្លាញចោលប៉ុណ្ណោះ ប៉ុន្តែនៅកណ្តាលព្រៃគឺមិនអាចចូលទៅប្រមូលបានទេ ដោយសារព្រៃក្រាស់ពិបាកចូល និងមានក្លិនស្អុយខ្លាំងពេក។
លោកប្រធានសហគមន៌បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះខាងសហគមន៌របស់លោក បានធ្វើការផ្សព្វផ្សាយដល់ពលរដ្ឋនៅជុំវិញបឹងស្នេហ៌ មិនអោយរើសយកឬចាប់យក សត្វដែលឈឺឬងាប់ពីក្នុងតំបន់ទួលពាន់តាឡីនេះ យកទៅបរិភោគនោះទេ ដើម្បីការពារកុំអោយមានការឆ្លងជម្ងឺផ្តាសាយបក្សីនេះ ពីសត្វទៅសត្វ ពីសត្វទៅមនុស្ស ហើយឃើញថាប្រជាពលរដ្ឋទាំងអស់ ក៏ធ្វើតាមការណែនាំផ្សព្វផ្សាយនេះបានយ៉ាងល្អ ប៉ុន្តែលោកនៅតែព្រួយបារម្ភ ដោយសារតែសត្វទាំងនោះ បានហើរបំលាស់ទីទៅកន្លែងផ្សេងៗឆ្ងាយៗ ដែលពលរដ្ឋមិនបានដឹង ហើយអាចនិងត្រូវគេចាប់យកទៅទទួលទាន បណ្តាលអោយឆ្លងជម្ងឺ ដែលបញ្ហានេះលោកមិនដឹងថា គួរត្រូវធ្វើយ៉ាងណានោះទេ៕
ចែករំលែកព័តមាននេះ