យោងតាមក្បួនតម្រាបង្ហាញថា ខែកំណើតទាំង១២អាចបញ្ជាក់អំពីភាពកំសោយនិងភាពខ្លាំងក្នុងដំណើរជីវិតរបស់អ្នក ។ តើខែកំណើតរបស់អ្នកបានបញ្ជាក់អ្វីខ្លះអំពីអ្នក ? សូមចូលអានអត្ថន័យតាមខែនីមួយៗដូចតទៅ៖
អ្នកកើតក្នុងខែមករា ជាមនុស្សដែលមានភាពស្មោះត្រង់ដាក់នៅពីមុខជានិច្ច មិនចូលចិត្តឱ្យមានអ្នកមកបង្គាប់បញ្ជាពីលើឡើយ ស្រឡាញ់សេរីភាព តស៊ូនិងឧបសគ្គចំពោះមុខមិនរាថយឬចុះចាញ់ងាយៗឡើយ និងមានគំនិតរីកចម្រើនទៅមុខជានិច្ច ពិសេសមានវោហារក្បោះក្បាយ ប្រសព្វដោះស្រាយបញ្ហា ប៉ុន្តែពូកែរអ៊ូរបន្តិចហើយ ។
អ្នកកើតក្នុងខែកុម្ភៈ អ្នកកើតខែនេះច្រើនជាមនុស្សដែលមានអត្តចរិកស្លូតបូត ស្រឡាញ់សិល្បៈតន្ត្រី តែឆាប់ខឹង មានគោលការណ៍និងរៀបចំផ្លូវជីវិតច្បាស់លាស់ ។ មិនចំណាយពេលឱ្យអសារបង់ជាមួយនឹងរឿងឥតប្រយោជន៍ឡើយ ចេះស្គាល់ខ្ពស់ទាប ពិសេសទុកចិត្តលើខ្លួនឯងជាងនរណាទាំងអស់ ។
ខែមីនា ជាមនុស្សមានចរិតចាស់ទុំ អៀនច្រើននិងមានភាស្ងប់ស្ងាត់មិនសូវចេះនិយាយច្រើន មានចិត្តស្រឡាញ់និងគំនិតវិជ្ជមានចំពោះមនុស្សគ្រប់គ្នាជានិច្ច ។ ចំពោះការងារទោះបីជាមិនសូវមានភាពរហ័សរហួនតែមានទំនួលខុសត្រូវខ្ពស់ ពិសេសគឺមិនចូលចិត្តអ្នកបញ្ជោរឬអែបអបឡើយ ។
អ្នកកើតក្នុងខែមេសា ជាមនុស្សមានគំនិតច្នៃប្រឌិតខ្ពស់ មិនងាយអ្នកណាបោកប្រាស់បានទេ រៀងឆេវឆាវបន្តិចតែមិនចូលចិត្តនិយាយច្រើនឬឡូឡានោះឡើយ ពិសេសគឺយកចិត្តទុកដាក់ជាមួយមនុស្សក្បែរខ្លួនជាងខ្លួនឯងទៅទៀត ។ ចំពោះរឿងស្នេហាវិញមានចិត្តហួងហែងនិងខ្វល់ខ្វាយពីដៃគូជាខ្លាំង ចូលចិត្តឱ្យគូស្នេហ៍និយាយប្រាប់តាមត្រង់មិនចូលចិត្តឱ្យកុហក ឬបញ្ចើចបញ្ជោរឡើយ ។
ខែឧសភា ជាមនុស្សដែលមានភាពម៉ឺងម៉ាត់ ឆ្លាតវៃ ប្រាជ្ញាភ្លឺថ្លា មានមន្តស្នេហ៍ ប៉ុន្តែមានភាពឆេវឆាវ មិនសូវចេះអត់ធ្មត់និងចិត្តក្តៅបន្តិច ។ ស្រឡាញ់និងរាប់អានមិត្តភ័ក្តិដោយភាពស្មោះត្រង់ មិនចូលចិត្តមនុស្សណាដែលតែងតែក្រឡាលើឡើយ ក្លាហាន ហ៊ានស៊ីហ៊ានសង ពិសេសមិនចេះបន្លំកេងប្រវ័ញ្ច ឬកឹបកេងបោកប្រាស់អ្នកដទៃទេ ។
អ្នកកើតក្នុងខែមិថុនា ជាមនុស្សបើកចំហ មានសុទិដ្ឋិនិយម មានការពិចារណាបានដិតដល់មុននឹងសម្រេចចិត្តធ្វើរឿងអ្វីមួយ។ មានចិត្តត្រជាក់ ចូលចិត្តដោះស្រាយបញ្ហាដោយសន្តិវិធី ពិសេសក្នុងខួរក្បាលមិនសូវគិតពីរឿងស្នេហាឡើយ គឺគិតរកតែវិធីដែលជួយឱ្យគ្រួសារមានភាពស្រណុកសុខស្រួលប្រកបដោយសុភមង្គលនិងទ្រព្យសម្បត្តិស្តុកស្តម្ភ ។
ខែកក្កដា ជាមនុស្សមិនចេះនិយាយស្តីឥតប្រយោជន៍ច្រើន និយាយតិចតែធ្វើច្រើន ស្រឡាញ់សេរីភាព ហ៊ាននិយាយហ៊ានធ្វើ មានគំនិតជឿនលឿន ស្រឡាញ់ភាពយុត្តិធម៌ ។ ពិសេសជាមនុស្សដែលមានឆន្ទៈមោះមុត គ្មានល្បិចកិច្ចកលចំពោះអ្នកក្បែរខ្លួនឡើយ បន្ថែមពីលើនេះទៀតគឺ មានចិត្តទៀងត្រង់ស្គាល់ខ្ពស់ទាប និងមានចិត្តមេត្តា សន្តោសដល់អ្នកដទៃជានិច្ច ។
អ្នកកើតក្នុងខែសីហា ជាប្រភេទមនុស្សដែលមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន មានចរិកសុភាពរាបសា រម្យទម បើដាក់ចិត្តធ្វើអ្វីមួយហើយគឺត្រូវតែធ្វើឱ្យបាន មិនបោះបង់ឡើយទោះបីជាត្រូវជួបការលំបាកប៉ុណ្ណាក៏ដោយ ។ លើសពីនេះជាមនុស្សដែលមានចិត្តទូលាយចំពោះមនុស្សគ្រប់គ្នា មានភាពស្វាហាប់ មានចរិកចចេះរឹងរូសបន្តិច ឆាប់ស្រឡាញ់ឆាប់ណាយ តែតែងស្តាប់ហេតុផលជានិច្ចមុននឹងខឹងក្រោធ ។
ខែកញ្ញា ជាមនុស្សដែលមានគំនិតអភិវឌ្ឍន៍ជានិច្ច មានគំនិតចាស់ទុំ និយាយស្តីទន់ភ្លន់ មានផែនការនិងរៀបចំផ្លូវជីវិតបានច្បាស់លាស់ ។ ពិសេសមានចិត្តបរិសុទ្ធ ស្មោះស ស្អាតស្អំ មាននិស្ស័យរួសរាយគួរឱ្យចង់រាប់អាន ប៉ុន្តែមានអារម្មណ៍ខ្លាចរអានឹងការបរាជ័យដែលធ្លាប់បានជួបកាលពីពេលកន្លងមក ។
ខែតុលា ជាមនុស្សដែលចេះយកអារម្មណ៍របស់គេមកដាក់ក្នុងចិត្តរបស់ខ្លួនឯង មានចិត្តបុណ្យ ប្រសព្វយកចិត្តយកថ្លើម ជាមនុស្សដែលមានភាពឯករាជ្យ ចូលចិត្តប្រើគំនិតជាងកម្លាំង មានចិត្តសន្តោសប្រណីចំពោះមនុស្សគ្រប់គ្នានិងស្រឡាញ់សេរីភាព មានទំនុកចិត្តលើខ្លួនឯងបំផុតតែឆាប់ខឹងបន្តិចនិងមានគំនិតវិជ្ជមានចំពោះមនុស្សគ្រប់គ្នា ។
ខែវិច្ឆិកា ជាមនុស្សដែលមានអារម្មណ៍ចូលចិត្តនិងដិតដាមខ្លាំងខាងផ្នែកសិល្បៈ តែងតែបារម្ភពីឳពុកម្តាយ បងប្អូន សាច់ញាតិ មិត្តភក្តិគ្រប់ៗគ្នា ។ មានចរិកសុភាពរាបសា ចេះគោរពចាស់ទុំ ដឹងខុសដឹងត្រូវ ស្ងៀមស្ងាត់ ពូកែសន្សំលុយកាក់ និងមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនេង ។
អ្នកកើតក្នុងខែធ្នូ មនុស្សកើតខែធ្នូភាគច្រើនជាប្រភេទមនុស្សដែលមានការគិតគូរដិតដល់ មានការពិចារណាខ្ពស់មុននឹងសម្រេចចិត្តធ្វើរឿងអ្វីមួយ ពិសេសគឺជាមនុស្សរឹងមាំដែលចូលចិត្តពឹងលើសមត្ថភាពខ្លួនឯងជាងពឹងពាក់អ្នកដទៃ ។ មានអត្តចរិតរឹងរូស និងឆ្មើងបន្តិច ប៉ុន្តែមានចិត្តទៀងត្រង់ ចូលចិត្តដឹកនាំអ្នកដទៃ ស្រឡាញ់សេរីភាព និងកិត្តិយសបំផុត ៕ សាន សារិន
ចែករំលែកព័តមាននេះ