យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ ត្រូវបានប្រទះឃើញថែមទៀត នៅស្រុកគាស់ក្រឡ
- បាត់ដំបង
ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះ ប្រជាពលរដ្ឋរស់នៅភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានកាប់គាស់ដីចម្ការរបស់គាត់…
ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះ ប្រជាពលរដ្ឋរស់នៅភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានកាប់គាស់ដីចម្ការរបស់គាត់…
ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះ ប្រជាពលរដ្ឋរស់នៅភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានកាប់គាស់ដីចម្ការរបស់គាត់ ដើម្បីបង្កបង្កើនផល ដូចរៀងរាស់ឆ្នាំ។ តែឆ្នាំនេះ ពេលកំពុងគាស់កាយដី ក៏បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសេសសល់ពីសម័យសង្រ្គាមជាច្រើនគ្រាប់ ហើយភ្លាមៗ ប្រជាពលរដ្ឋជាម្ចាស់ចំការ បានរាយការណ៍ជូនសមត្ថកិច្ចនគរបាល នៅមូលដ្ឋាននោះ។
នៅពេលទទួលបានព័ត៌មាននេះ លោកវរសេនីយឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានរាយការណ៍ជូនលោកឧត្តមសេនីយទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីជូនជ្រាប និងទទួលបានមតិ ណែនាំពីលោកស្នងការ ភ្លាមនោះ លោកអធិការនគរបាលស្រុកបាន រាយការណ៍ជូនមន្រ្តីអង្គភាពកំចាត់មីនកម្ពុជា ខេត្តបាត់ដំបង ដើម្បីចុះទៅពិនិត្យ និងទទួលយកយុទ្ធភ័ណ្ឌទាំងនោះ ទៅរក្សាទុកដើម្បីបំផ្លាញចោល។
យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ គឺជាប្រភេទគ្រាប់កាំភ្លើង DK82 មានចំនួន ០៦គ្រាប់ ដែលស្ថានភាពគ្រាប់ទាំងនេះ មានសភាពច្រេះពុកផុយដោយអន្លើ បាត់បង់គុណភាពខ្លះហើយ។ តាមការពិនិត្យ យុទ្ធភ័ណ្ឌទាំងនេះ គឺជាយុទ្ធភ័ណ្ឌ ដែលសេសសល់តាំងពីសម័យសង្រ្គាមមកម្លេះ។
មន្រ្តីជំនាញផ្នែកស៊ីម៉ាក់ បានឱ្យដឹងថា បើទោះបីស្ថានភាពយុទ្ធភ័ណ្ឌទាំងនេះ បានបាត់បង់គុណភាពខ្លះហើយក្តី តែវានៅតែមានលទ្ធភាពបង្កមហន្តរាយដល់អាយុជីវិតមនុស្សបានគ្រប់ពេលវេលា បើយើងមានការធ្វេសប្រហែស។
មន្រ្តីជំនាញស៊ីម៉ាក់CMAC បានយកចេញពីចំណុចទីតាំងនោះ ទៅរក្សាទុក ដើម្បីធ្វើការបំផ្លាញចោលតាមលក្ខណៈជំនាញ និងបច្ចេកទេសរួចហើយ។
លោកអធិការស្រុក បានបង្ហាញថា កាលពីថ្ងៃទី២៣មីនា ក៏មានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវបានប្រទះឃើញដែរ ជាប្រភេទគ្រាប់កាំភ្លើង(PKF)ចំនួន ១៦កេស ស្មើនឹង ៤,០០០គ្រាប់ នៅចំណុចវត្តបុរាណនិវេសន៍(ហៅវត្តគាស់ក្រឡ) ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្នុងពេលព្រះសង្ឃគង់ក្នុងវត្ត បានជីកដី ដើម្បីដាក់លូធ្វើបង្គន់អនាម័យ ហើយក៏បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនេះ ហើយក៏បានប្រគល់ឲ្យមន្ត្រីស៊ីម៉ាករួចអស់ហើយដែរ៕ ដោយ៖ ហួត សុងហាក់
ចែករំលែកព័តមាននេះ