ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តព្រះសីហនុ ណែនាំឲ្យពង្រឹង​ការត្រួតពិនិត្យ និងហាមឃាត់ការចេញ-ចូល

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹក​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន​អញ្ជើញចុះសួរសុខទុក្ខកម្លាំងចម្រុះ​ ដែលឈរគោលដៅត្រួតពិនិត្យបំរាម…

ខេត្តព្រះសីហនុ៖ នៅព្រឹក​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន​អញ្ជើញចុះសួរសុខទុក្ខកម្លាំងចម្រុះ​ ដែលឈរគោលដៅត្រួតពិនិត្យបំរាម មនុស្ស​ចេញ-ចូលខេត្តព្រះសីហនុ នៅ​ព្រំប្រទល់ខេត្តព្រះសីហនុ-ខេត្តកំពត ស្ថិត​នៅ​ភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។

នៅថ្ងៃទី២២មីនានេះ ក្រសួងសុខាភិបាល បានប្រកាសថា នៅខេត្តព្រះសីហនុ មានអ្នកជំងឺឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣២នាក់ (ចិន ០៤នាក់ និងខ្មែរ២៨នាក់ )។ នៅខេត្តព្រះសីហនុ មកដល់ថ្ងៃទី២២មីនា​ មានអ្នកជាសះស្បើយ ០៩នាក់ និង​អ្នកនៅព្យាបាល ក្នុងមន្ទីរពេទ្យខេត្ត ៧០នាក់។

ក្នុងឱកាសចុះពិនិត្យ​កន្លែងដាក់កុងត្រូល បិទផ្លូវចេញចូលខេត្តព្រះសីហនុ​នោះ ឯកឧត្ដម គួច ចំរើន បាន​ណែនាំដល់គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ត្រូវពង្រឹងប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក នៅតាមផ្លូវជាតិលេខ៣ គឺមិនអនុញ្ញាតឱ្យធ្វើការចល័តចេញចូល ចំពោះការធ្វើដំណើរ ដែលមិនចាំបាច់។​ ដោយឡែក ចំពោះរថយន្តដឹកទំនិញ រថយន្តសង្រ្គោះ និងករណីបន្ទាន់ចាំបាច់ផ្សេងៗ គឺត្រូវបានអនុញ្ញាត ដោយតម្រូវឱ្យមានការត្រួតពិនិត្យហ្មត់ចត់ ត្រូវវាស់កំដៅ ចុះឈ្មោះ ក្នុងប្រព័ន្ធ Khmer quarantine app និងបាញ់ថ្នាំសម្លាប់មេរោគជាប់ជាប្រចាំ។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំអាជ្ញាធរសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ច្រកផ្សេងទៀត មានដូចជា ច្រកផ្លូវវាង និងផ្លូវរថភ្លើង ជាដើម ដើម្បីធ្វើយ៉ាងណា កុំឱ្យប្រជាពលរដ្ឋរបស់យើង ចល័តចេញ-ចូលពីខេត្តព្រះសីហនុ ទៅកាន់ខេត្តផ្សេង និងពីខេត្តផ្សេងចូលមកខេត្តព្រះសីហនុ។

ការរឹតបណ្តឹងការចេញចូលនេះ ដើម្បីការពារសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋ កុំឱ្យឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់ក្រុមគ្រួសារ និងសហគមន៍ ព្រោះជំងឺនេះ បាន និងកំពុងរាតត្បាតនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុរបស់យើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច នៅ​តាមប៉ុស្តិ៍ត្រួតពិនិត្យ​ចត្តាឡីស័កឱ្យបានខ្ជាប់ខ្ជួនទើបយើងអាចជៀសផុតពីជំងឺកូវីដទាំងអស់គ្នា។

ឯកឧត្តម គួច ចំរើន ក៏បានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច យកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ច ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានល្អ សូមបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីយកឈ្នះជំងឺឆ្លងកូវីដ-១៩ នាពេលខាងមុខ​។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានឧបត្ថម្ភភេសជ្ជៈ និងថវិកាចំនួន ១០លានរៀល ជូនដល់កម្លាំងគណ:បញ្ហាការឯកភាពស្រុកព្រៃនប់ ប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក នៅចំនុចស្ពានត្រពាំងរពៅ ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត។

សូមរម្លឹកថា ខេត្តព្រះសីហនុ បានបិទផ្លូវចេញចូល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ ចាប់ពីតាំងពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១​៕  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ