កម្ពុជាកំពុងប្តូរពីការចិញ្ចឹមសត្វគោបម្រើវិស័យកសិកម្មទៅជាផលិតកម្មសាច់វិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សត្វគោ ក្របី លែងជាកម្លាំងអូសទាញនៅក្នុងវិស័យកសិកម្មនៅកម្ពុជាទៀតហើយ វាកំពុងបានជំនួសដោយគ្រឿងយន្ត ចំណែកការចិញ្ចឹមសត្វគោបានប្រែទៅជាផលិតកម្មយកសាច់ សម្រាប់អាហារវិញ ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា វិស័យផលិតកម្មសត្វគោ មានការវិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ឯកឧត្តមថា វិស័យគ្រឿងយន្តកសិកម្ម ធន់ស្រាល និងធន់ធ្ងន់ បានចូលមកបំពេញតួនាទីនៅក្នុងវិស័យផលិតកម្មដំណាំស្រូវ ដំណាំចម្ការ និងបន្លែ ជំនួសឲ្យកំលាំង គោ និងក្របី វិញ ។ ចំណែកកសិករម្ចាស់គោ-ក្របីបានបង្វែរទិសដៅពីការចិញ្ចឹមដើម្បីប្រើប្រាស់ជាកម្លាំង ទៅជាការចិញ្ចឹមបំប៉នក្នុងកសិដ្ឋានដើម្បីយកពូជ និងសាច់សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារ។

រដ្ឋមន្ត្រីកសិកម្មបានឲ្យដឹងថា បរិមាណនៃការបរិភោគសាច់គោ ចេះតែមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំស្របទៅតាមកំណើនប្រជាជន និងសេដ្ឋកិច្ច ។ និយាយពីសាច់សត្វ មានត្រី គោ មាន់ ជ្រូក ដែលអាហារប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរនោះសាច់គោមានតម្លៃខ្ពស់ ពោលក្នុងមួយគីឡូថ្លៃ ៤៥ ០០០រៀលខណៈសាច់មាន់ថ្លៃ ២៨ ០០០រៀល ។ ជាការផ្លាស់ប្តូរផលប្រយោជន៍សត្វគោនេះ គេត្រូវយកចិត្តទុកដាក់ និងផ្លាស់ប្តូររបៀបចិញ្ចឹមសត្វគោនៅកម្ពុជាផងដែរ ។ ការចិញ្ចឹមសត្វគោនៅពេលដើម្បីផលិតកម្មសាច់នេះ កសិករមិនត្រូវចិញ្ចឹមបែបបុរាណដូចពីអតីតកាល ដែលសត្វគោឲ្យដើររកស៊ីពាសវាលពាសកាល តាមវាលស្រែ ទីសាធារណ ជ្រោះជ្រងជ្រលងដងអូរ និងចិញ្ចើមផ្លូវ ទៀតនោះឡើយ ។ ដើម្បីបានគុណភាពសាច់ស្របតាមអនាម័យ កសិករត្រូវយកចិត្តទុកដាក់តាំងពិរបៀបចិញ្ចឹម ចំណីអាហារនិងពូជូរបស់គោឡើងទៅ ។

ឯកឧត្តម វេង សាខុន បានលើកឡើងថា ដើម្បីលើកកម្ពស់ផលិតកម្មសាច់គោ លោកបានផ្តល់អនុសាសន៍ឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវរៀបចំផែនការសកម្មភាពធ្វើការកែលម្អពូជគោ ដោយត្រូវជ្រើសរើសពូជគោ ល្អៗមកបង្កាត់ ធ្វើយ៉ាងណាឲ្យស្របតាមតម្រូវការសាច់ និងផលិតផលសាច់ ធានាបាននូវគុណភាព និងសុវត្ថិភាព ជាពិសេសត្រូវជ្រើសរើសពូជគោល្អៗដែលអាចធន់ទ្រាំបាន ឬអាចសម្របខ្លួន ឬរស់នៅបានក្នុងស្ថានភាពតំបន់ត្រូពិច និងជាពិសេសមានតម្លៃផ្នែកសេដ្ឋកិច្ចខ្ពស់ដើម្បីធ្វើ ការណែនាំ ឬបង្កាត់ពូជដល់កសិករ ប្រយោជន៍ធ្វើការកែលម្អផលិតកម្មគោនាពេលអនាគតដើម្បី ជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ។

បើតាមលោករដ្ឋមន្ត្រី អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននិងកំពុងអនុវត្តគម្រោងស្តីពី «ការបង្កាត់គោដោយសិប្បនិម្មិត» ដោយប្រើប្រាស់ទឹកមេជិវិតគោបង្កកនាំចូល និងផលិតក្នុងស្រុក ។ បច្ចុប្បន្ន គម្រោងនេះបានគ្របដណ្តប់លើខេត្តគោលដៅចំនួន ១២ មានខេត្ ត៖ ពោធិ៍សាត់ តាកែវ ព្រៃវែង កំពង់ចាម កំពង់ស្ពឺ បាត់ដំបង ឧត្តមានជ័យ កំពង់ឆ្នាំង សៀមរាប កំពង់ធំ បន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង ។

ជាក់ស្តែង គិតចាប់តាំងពីឆ្នាំ ២០ ១៩ មកដល់ខែមីនា ឆ្នាំ ២០២១ នេះគម្រោងសម្រេចបង្កាត់គោបានសរុបចំនួន ៧៤២៣ ក្បាល និងកូនកើតបានចំនួន ៤៨៣៣ ក្បាល ដោយប្រើប្រាស់មេជីវិតនាំចូល និងផលិតក្នុងស្រុក ។ ជាងនេះទៅទៀត គម្រោងបានផលិតទឹកមេជីវិតបង្កកបាន ៥៥៦០ ដើម ផលិតទឹកអាសូត និងចែក ចាយបាន ១០ ០០០ លីត្រ បានបណ្តុះបណ្តាល និងអនុវត្តបច្ចេកទេសជាក់ស្តែងអំពីបង្កាត់សិប្បនិម្មិតជូនដល់មន្ត្រីជំនាញនៃខេត្តគោលដៅសរុបចំនួន ២១ នាក់ នេះបើតាមការឲ្យដឹងពីឯកឧត្តរដ្ឋមន្ត្រី ៕

ចែករំលែកព័តមាននេះ