រាជធានីភ្នំពេញ ៖ បុរស២នាក់បើករថយន្តព្រូសក្នុងល្បឿនលឿន ក៏ទៅបុកគូទរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង បណ្តាលឱ្យក្រឡាប់ផ្ងារជើងឡើងលើម្ខាង ធ្វើឱ្យបុរសទាំង២នាក់រងរបួស ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាសុផារ៉ា នៅចំណុចមុខក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរស២នាក់បើករថយន្តបង្កមួយគ្រឿងម៉ាក TOYOTA ព្រូស ស៊េរី២០១០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA0495 បើកបរតាមបណ្តោយផ្លូវជាសុផារ៉ា ក្នុងទិសដៅពីត្បូងទៅជើង ខណៈពលបើកមកដល់ចំណុចកើតហេតុខាងលើនេះដោយសារតែរថយន្តបង្កបើកក្នុងស្ថានភាពល្បឿន គឺល្បឿនលឿនដូចហោះ រួចហើយមិនបានប្រុងប្រយ័ត្ននោះទេ ក៏ជិះទៅបុកគូទរថយន្តកូរ៉េដឹកទឹកកពីក្រោយ បណ្តាលអោយខ្ទាតរថយន្តកូរ៉េបោកផ្ទប់នឹងទ្រូងផ្លូវ ហើយដាច់កន្ទុយពីក្រោយខូចខាតយ៉ាងដំណំ ។
ចំណែកឯរថយន្ត TOYOTA ព្រូសវិញ គឺខ្ទាតអូសជាង២០ទៅ៣០ម៉ែត្រផងដែរ បណ្តាលអោយក្រឡាប់ផ្ងារជើងឡើងលើ ខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខ និងខ្ទេចអស់មួយចំហៀងខាងឆ្វេងចំទ្វារខាងក្រោយ របួស២នាក់ទាំងតៃកុងរថយន្ត និងអ្នកបើកបរ។
ភ្លាមៗនោះដែរ ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកយកជនរងគ្រោះយកទៅព្យាបាលបាត់ទៅ ។ ក្រោយពេលកើតហេតុនេះ រថយន្តភាគីទាំងសងខាងក៏ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយទៀត ៕
ចែករំលែកព័តមាននេះ