ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីជាភរិយាអតីតយុទ្ធជនពិការម្នាក់ដែលបានស្លាប់កាលពីដើមខែមករា ២០១១នេះ បានលើកដៃសំពះអង្វរសុំសមត្ថកិច្ចពាក់ព័ន្ធជួយទាមទារប្រាក់ពលីនិងប្រាក់សមាគមរបស់ប្តីគាត់ផង ព្រោះអង្គភាពពាក់ព័ន្ធពិសេសមន្ទីរសង្គមកិច្ចខេត្តបានប្រាប់គាត់ថា ប្រាក់នេះត្រូវរង់ចាំ២ឆ្នាំទៀត ។
ស្ត្រីឈ្មោះហុយ ខន អាយុ៥៦ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ដែលត្រូវជាប្រពន្ធអតីតយុទ្ធជនពិការឈ្មោះគន សុខុម អាយុ៥៩ឆ្នាំ បានរៀបរាប់និងលើកសៀវភៅបើកប្រាក់ឧបត្ថម្ភរបស់មន្ទីរសង្គមកិច្ច ដែលចុះហត្ថលេខាដោយលោកចូ វណ្ណា ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនពលីពិការបង្ហាញផងដែរថា ប្តីគាត់បានពិការដោយជាន់មីនខ្មែរក្រហមនៅផ្លូវដែកក្តុល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៨៧ ។ កាលនោះប្តីគាត់មានឋានៈជាអនុសេនីយ៍ត្រី ប្រធាន គ នៅអង្គភាពវរសេនាតូចលេខ៥។ ចាប់តាំងពីពេលនោះមកប្តីគាត់បានទទួលប្រាក់ឧបត្ថម្ភទាំងប្រពន្ធកូនចំនួន១៣៩.៣៨០រៀល ប៉ុន្តែសល់តែ១៣៣.០០០រៀលប៉ុណ្ណោះ ដោយសារកាត់ប្រាក់ចូលសមាគមក្នុងអង្គភាពនេះ៥.០០០រៀល និងថ្លៃចំណាយផ្សេងៗទៀត ។ លុះនៅថ្ងៃទី៩ មករា ២០១១ ប្តីគាត់បានស្លាប់ហើយពេលគាត់ទៅបើកប្រាក់ឧបត្ថម្ភនោះស្រាប់តែគេមិនចង់បើកឱ្យ ដោយប្រាប់គាត់ថាប្តីគាត់ស្លាប់ហើយងើបមកផ្តិតមេដៃកើតទេ? ប៉ុន្តែដោយសារគាត់ទទូចសុំខ្លាំងពេកទើបគេអាណិតបើកឱ្យគាត់១ខែមករា ហើយបានប្រាប់គាត់ថា ចាប់ពីខែកុម្ភៈទៅ គ្មានប្រាក់បើកឱ្យទៀតទេ ។ គាត់បញ្ជាក់ថា ប្តីគាត់ស្លាប់ភ្លាមគេបិទប្រាក់ឧបត្ថម្ភនេះភ្លាម ឯប្រាក់ពលីដែលមានប្រមាណ១លានរៀល និងប្រាក់សមាគម១ខែកាត់លុយគាត់៥ពាន់រៀលយូរឆ្នាំហើយដែលត្រូវបើកបាន៤លានរៀលទៀតនោះគេថា ចាំ២ឆ្នាំទៀតទើបអាចបើកបាន ។
ស្ត្រីរូបនេះបានបញ្ជាក់ថា សព្វថ្ងៃគាត់បានប្តីពិការនេះជាអ្នករត់រទេះសេះចិញ្ចឹមគ្រួសារ លុះដល់ប្តីស្លាប់ទៅប្រាក់បានពីការបរទេះសេះក៏អត់ ប្រាក់ឧបត្ថម្ភក៏ត្រូវគេកាត់ផ្តាច់ទៀតតើឱ្យគ្រួសារគាត់រត់ដោយរបៀបណា ។ ពេលនេះគាត់គ្រាន់តែសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធមេត្តាជួយពិនិត្យមើលថា តើប្រាក់ពលីនិងប្រាក់សមាគមពិតជាត្រូវបើកដល់២ឆ្នាំក្រោយ មែនឬ ។
លោកចូ វណ្ណា ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន បានបកស្រាយប្រាប់សារព័ត៌មានកោះសន្តិភាពថា កាលលើកមុនប្តីរបស់គាត់ជាអតីតយុទ្ធជនពិការ ទទួលប្រាក់ឧបត្ថម្ភទាំងប្តី-ប្រពន្ធ និងកូនជាង១៣ម៉ឺនរៀលក្នុង១ខែ ប៉ុន្តែក្រោយពេលគាត់ស្លាប់កាលពីខែមករា ២០១១ មកមន្ទីរសង្គមកិច្ចកំពុងរៀបចំស្នើសុំទៅក្រសួងដាក់គ្រួសាររបស់គាត់ទៅជាគ្រួសារពលីវិញ ដែលត្រូវបើកប្រាក់ឧបត្ថម្ភប្រពន្ធ និងកូនបន្តទៀត ។ នៅពេលបានសេចក្តីសម្រេចដាក់គ្រួសារគាត់ជាគ្រួសារពលីហើយនឹងមានបើកប្រាក់១លើកទៀត គឺសម្រាប់ធ្វើបុណ្យសព ។ នេះគឺប្រាក់របស់រាជរដ្ឋាភិបាល ដែលពាក្យសាមញ្ញហៅថា ប្រាក់ពលី ។ ដោយឡែកប្រាក់សមាគមវិញដែលក្នុងខ្លឹមសារប្រើពាក្យ«ប្រាក់មរណៈសង្គ្រោះ»នេះមាន៤លានរៀល គឺត្រូវតែមាន ប៉ុន្តែទោះយ៉ាងណាក្តី មិនដល់២ឆ្នាំដូចការនិយាយនោះទេ ។
លោកពន្យល់ថា អតីតយុទ្ធជនពលីដែលបានស្លាប់គឺមានលេខរៀងរបស់វាហើយបើទូទាំងប្រទេសមានអ្នកស្លាប់តិចគឺឆាប់ បានបើកប៉ុន្តែបើមានអ្នកស្លាប់ច្រើនគឺយូរបន្តិចមែន ។ លោកបានបង្ហាញឈ្មោះអ្នកស្លាប់សម្រាប់បើកប្រាក់ខែមីនានោះដែលមានចំនួនដល់ទៅ៣០នាក់ទូទាំងប្រទេស ហើយក្នុងនោះខេត្តកំពង់ឆ្នាំង គឺមាន៣នាក់ដែរ ។ ប៉ុន្តែមិនមែនលេខរៀងដល់គ្រួសារនេះទេ ព្រោះគាត់ទើបស្លាប់ខែមករា ។ ទោះជាយ៉ាងណាក្តី គាត់បានទម្លាក់កំហុសលើការិ យាល័យសង្គមកិច្ចក្រុងប្រហែលជាប្រាប់គ្រួ សារនោះថា ពី១ដល់ទៅ២ឆ្នាំទើបបើកប្រាក់ទាំងនេះបាន ទើបគាត់ខ្វល់បែបនេះ ។ គាត់សន្យាផ្តល់ប្រាក់១លានរៀលជាប្រាក់មរណសង្គ្រោះមុនគេនៅសបា្តហ៍ក្រោយ ដើម្បីទប់ទល់ភាពខ្វះខាត៕
ចែករំលែកព័តមាននេះ