ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាសុវណ្ណភូមិ នៅក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរបិទជាបណ្តោះអាសន្ន ដោយសារគ្រួសារក្មេងស្រីម្នាក់ ជាប់សង្ស័យកូវីដ១៩

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ សាលារៀនសុវណ្ណភូមិ ចំនួន​ពីរ នៅក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរបិទ​ជាបណ្តោះអាសន្ន ដោយរង់ចាំលទ្ធផលធ្វើតេស្ត​លើគ្រួសារក្មេងស្រីម្នាក់ ដែល​ជាប់សង្ស័យកូវីដ១៩។ សាលាឯកជននោះ ត្រូវបានបិទទ្វារ នៅថ្ងៃទី១៨…

បន្ទាយមានជ័យ៖ សាលារៀនសុវណ្ណភូមិ ចំនួន​ពីរ នៅក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរបិទ​ជាបណ្តោះអាសន្ន ដោយរង់ចាំលទ្ធផលធ្វើតេស្ត​លើគ្រួសារក្មេងស្រីម្នាក់ ដែល​ជាប់សង្ស័យកូវីដ១៩។ សាលាឯកជននោះ ត្រូវបានបិទទ្វារ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅ​ភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអោយដឹងនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ថា​​ រដ្ឋបាលក្រុងប៉ោយប៉ែត បានសម្រេចបិទសាលាសុវណ្ណភូមិពីរ ក្រុងប៉ោយប៉ែតជាបណ្តោះអាសន្នសិន រង់ចាំលទ្ធផលធ្វើតេស្ត លើគ្រួសារក្មេងស្រីម្នាក់ ដែលជាប់សង្ស័យកូវីដ១៩។

លោកបានបញ្ជាក់ថា ក្មេងស្រីម្នាក់ ដែលបានសិក្សាក្នុងសាលាសុវណ្ណភូមិពីរ ដែលមានម្តាយ​រស់នៅក្រុងប៉ោយប៉ែត ហើយបាន​ទៅលេងភ្នំពេញ បានប៉ះផ្ទាល់នឹងមន្ត្រីនគរបាលម្នាក់ដែលមានវិជ្ជមានកូវីដ១៩។ នគរបាលម្នាក់នោះ ត្រូវក្រសួងសុខាភិបាល ប្រកាសលទ្ធផលជាផ្លូវការវិជ្ជមានកូវីដ១៩។

លោក គាត ហ៊ុល បានបញ្ជាក់ថា ​លទ្ធផលធ្វើតេស្តលើសំណាករបស់​គ្រួសារ និងក្មេងស្រី ដែលជាសិស្សសាលានោះ អវិជ្ជ​មានកូវីដ១៩ នោះរដ្ឋបាលក្រុង នឹងអនុញ្ញាត​ឲ្យសាលារៀន បើកដំណើរជាធម្មតាវិញ។ ក៏ប៉ុន្តែត្រូវអនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវបង្ការទបស្កាត់កូវីដ១៩ មិនអោយរីករាលដាលក្នុងសហគមន៍ឡើយ។

ប៉ុន្តែ​ក្នុងករណីនេះ ឪពុកម្តាយ រួម​ទាំងកូនស្រី ដែលជា​សិស្សសាលាសុវណ្ណភូមិ នៅប៉ោយប៉ែត ត្រូវធ្វើចត្តាឡីស័ក​ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល គ្រប់ ១៤ថ្ងៃ ហើយត្រូវធ្វើតេស្ត ជាលើកទី២។ បើសិន​ជាមិន​ធ្វើចត្តាឡីស័ក បន្ទាប់ពីការយកសំណាក ធ្វើតេស្តនៅលើកទី១ទេនោះ គឺជាអំពើល្មើសច្បាប់ ដែលច្បាប់ និងអនុក្រឹត្យ បានកំណត់​ពីការផាកពិន័យជាប្រាក់ និងផ្តន្ទាទោស ដាក់ពន្ធនាគារថែមទៀត បើសិនជា​កើតកូវីដ ហើយឆ្លងទៅអ្នកដទៃ៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ