ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម ឃាត់ ៥នាក់ ដែលចែកចាយ និង​ប្រើប្រាស់គ្រឿងញៀ.នយ៉ាងសកម្ម ក្នុងស្រុកមង្គលបូរី

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ប៉េអឹម បានឃាត់ខ្លួនជនសង្ស័យ ៥នាក់ ដែលចែកចាយ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ក្នុង​ស្រុកមង្គលបូរី។ ជនទាំងនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់…

បន្ទាយមានជ័យ៖ ប៉េអឹម បានឃាត់ខ្លួនជនសង្ស័យ ៥នាក់ ដែលចែកចាយ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ក្នុង​ស្រុកមង្គលបូរី។ ជនទាំងនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរី បានប្រាប់ថា ជនសង្ស័យ ត្រូវឃាត់ខ្លួនទាំង ៥នាក់នេះ រួមមាន៖​ ១.ឈ្មោះ ឡេង ប៊ុនលី ភេទប្រុស អាយុ១៧ឆ្នាំ ២.ឈ្មោះ រឿន សុបិន ភេទប្រុស អាយុ ២១ឆ្នាំ ៣.ឈ្មោះ ស៊ីម ពៅ ភេទប្រុស អាយុ២៣ឆ្នាំ ៤.ឈ្មោះ កែវ វួយហួរ ភេទប្រុស អាយុ ២៣ឆ្នាំ ៥.ឈ្មោះ ម៉ៅ លី ភេទប្រុស អាយុ១៨ឆ្នាំ។ ជនសង្ស័យទាំង ៥នាក់ រស់នៅក្នុង​ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។

លោកបានបញ្ជាក់ថា នៅមុន​ពេលឃាត់ខ្លួនសង្ស័យ គឺកម្លាំងកងរាជអាវុធហត្ថស្រុកមង្គលបូរីទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋាន ថាមានបទល្មើសគ្រឿងញៀន ដែលកំពុងកើតមានបង្កអសន្តិសុខដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន នាំ​ឲ្យ​ភូមិ.ឃុំគ្មានសុវត្ថិភាព។ កម្លាំងកងរាជអាវុធហត្ថ បានធ្វើស្រាវជ្រាវ កំណត់មុខសញ្ញា សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ហៅ ខេទឹកកក ចំនួន ៤ថង់តូច ស្មើ ១,៧៥ក្រាម និងទូរសព្ទ ៣គ្រឿង មធ្យោបាយ ១គ្រឿង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចវាលស្រែ ស្ថិតក្នុង​ភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។

លោកវរៈសេនីយ៍ត្រី ចាន់ រដ្ឋា បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាង​គ្រឿងញៀន ត្រូវបានកម្លាំងជំនាញ នាំយកមក​សាកសួរ ហើយ​តាមចម្លើយសារភាពត្រូវ​បាន​កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់។ កម្លាំងជំនាញ ក៏​កំពុងស្រាវជ្រាវរកចាប់ខ្លួនឈ្មួញ ដែលកំពុងជួញដូរគ្រឿងញៀន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់​៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ