អ៊ុយក្រែន ៖ យោងតាមរបាយការណ៍ពីគេហទំព័រ The Sun បានឱ្យដឹងថា ទារកអាយុ៥ខែម្នាក់បានស្លា.ប់យ៉ាងអាណោចអាធ័មបំផុត ដោយសារមិនអាចទ្រាំនឹងសីតុណ្ហភាពត្រជាក់ខ្លាំង -៤អង្សាសេ បន្ទាប់ពីត្រូវម្តាយទុកចោលក្នុងផ្ទះ ខណៈដែលនាងបានចេញទៅរកសេវាកម្មលាបពណ៌សក់។

ហេតុការណ៍នេះកើតឡើងក្នុងទីក្រុង Kamianka-Dniprovska ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ ម្តាយទារករងគ្រោះត្រូវបានស្គាល់ឈ្មោះថា Yulia អាយុ២៨ឆ្នាំ បាននិយាយថា នាងរន្ធត់យ៉ាងខ្លាំង បន្ទាប់ពីត្រឡប់មកផ្ទះវិញ ឃើញកូនប្រុសតូចស្លា.ប់នៅលើគ្រែ។ ភ្លាមៗនោះ នាងបានហៅរថយន្តសង្គ្រោះបន្ទាន់ ។ ហើយតាមការពិនិត្យពីគ្រូពេទ្យជំនាញបានសន្និដ្ឋានថា ទារកបានស្លា.ប់នាប៉ុន្មានម៉ោងមុន។

ពួកគេបានរាយការណ៍ករណីនេះទៅប៉ូលីស។ ខណៈដែលមន្ត្រីប៉ូលីសរកឃើញថា Yulia បានទុកកូនប្រុស និងកូនស្រីអាយុ ២ឆ្នាំម្នាក់ទៀតនៅក្នុងផ្ទះស្ថិតក្នុងសីតុណ្ហភាព -៤អង្សាសេ។

យោងតាមសម្តីម្តាយទារករងគ្រោះបានប្រាប់ប៉ូលីសថា នាងមិនបានប្រើចង្ក្រានឈើដើម្បីដុតកំដៅក្នុងផ្ទះ មុនពេលទៅជួបមិត្តភក្តិស្រីឈ្មោះថា Olena ដែលរស់នៅក្បែរនោះ ដើម្បីចេញទៅលាបពណ៌សក់។ ហើយនាងក៏បានសារភាពថា បានផឹកស៊ីនៅឯផ្ទះរបស់មិត្តភក្តិស្រីម្នាក់នោះផងដែរ។

បច្ចុប្បន្នអាជ្ញាធរប្រចាំតំបន់កំពុងស៊ើបអង្កេតលើករណីនេះ។ ហើយតាមសម្តីអ្នកនាំពាក្យប៉ូលីសគឺលោកស្រី Olga Zinchenko បាននិយាយថា ម្តាយរួមនិងកូនទាំង ២នាក់ខាងលើរស់នៅក្នុងស្ថានភាពកខ្វក់បំផុត ដោយគ្មានប្រព័ន្ធកំដៅ និងអគ្គិសនី។
យ៉ាងណាមិញ ម្តាយទារករងគ្រោះកំពុងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ប្រសិនបើអាជ្ញាធររកឃើញថា នាងពិតជាបានបង្កកំហុសប្រាកដមែន៕

ចែករំលែកព័តមាននេះ