ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តកណ្ដាល ឧបត្ថម្ភសម្ភារៈសម្រាប់បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១

3 ឆ្នាំ មុន
  • កណ្តាល

កណ្ដាល៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភសម្ភារៈសម្រាប់បង្ការ ការពារ…

កណ្ដាល៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភសម្ភារៈសម្រាប់បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគ​មួយចំនួន ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ ក្នុងខេត្តកណ្ដាល។

សម្ភារៈសម្រាប់​បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគ​មួយចំនួន ដែលបានឧបត្ថម្ភដល់រដ្ឋបាលក្រុង-ស្រុក ទាំង ១១ រួមមាន៖ ម៉ាស់ចំនួន ១១៦កេស ស្មើនឹង៥៨០០ប្រអប់ ទឹកសម្លាប់មេរោគចំនួន ៤៨កេស ជែលសម្អាតដៃចំនួន ២៤កេស មីជាតិ ចំនួន ១៧៥០កេស មាន់ ៥០០ក្បាល ទឹកសុទ្ធដបតូច ចំនួន ១៧៥០កេស ទឹកសុទ្ធដបធំ ចំនួន ១២០កេស និងអាល់កុល ចំនួន ៦០កាន។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាល​ក្រុង-ស្រុកទាំងអស់ ត្រូវខិតខំស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ជាងនេះទៅទៀត ត្រូវផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន យល់ច្បាស់ពីវិធីបង្ការការការពារជំងឺកូវីដ-១៩ ដល់អនុវត្តបាននូវ​វិធានការ ៣ការពារ ៣កុំ។

លោកបន្តថា សម្ភារៈទាំងអស់នេះ ត្រូវចាត់ចែងឱ្យចំគោលដៅ ដោយផ្ដោតលើ​ទីប្រជុំជន ផ្សារ ពិសេសប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ។

លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សា​អនាម័យឱ្យបានល្អជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឱ្យ​បាននូវវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ ៣កុំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់​ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្នុងករណីមិនចាំបាច់ សូមបងប្អូនកុំទៅទីប្រជុំជន និងកន្លែង ដែលមានមនុស្សច្រើន។

សូមបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរ​ខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ សរុបចំនួន ១៣៣៧០នាក់ យកសំណាកបាន ១២៧៧៤នាក់ អ្នកធ្វើចត្តាឡីស័ក នៅមណ្ឌលចំនួន ១៦៩២នាក់ នៅផ្ទះចំនួន ១១២៧៩នាក់ មានករណីវិជ្ជមានចំនួន ៨៣នាក់ ករណីជា​សះស្បើយចំនួន ៣នាក់​៕ ដោយ៖ ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ