ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក​«​ពង​ទា​កូន​» រង​ការ​រិះគន់​ច្រើន​ជាង​រូប​«​បង្កង​» គ្រោងនឹងសង់​ក្នុងខេត្តតាកែវ

4 ឆ្នាំ មុន

ខេត្តតាកែវ ៖ រូបសំណាក​សម្គាល់​ខេត្តតាកែវ មាន​រូប ព្រះ​វិស្ណុ ត្រូវ​បាន​អាជ្ញាធរ​សង់​រួចរាល់​ហើយ នៅ​មាន​ច្រើន​កន្លែង​ទៀត តាម​បណ្ដា​ក្រុង​ស្រុក​នីមួយ​ៗ ដូច​ជា​៖ រូប​តាកែវ​យាយ​កែវ…

ខេត្តតាកែវ ៖ រូបសំណាក​សម្គាល់​ខេត្តតាកែវ មាន​រូប ព្រះ​វិស្ណុ ត្រូវ​បាន​អាជ្ញាធរ​សង់​រួចរាល់​ហើយ នៅ​មាន​ច្រើន​កន្លែង​ទៀត តាម​បណ្ដា​ក្រុង​ស្រុក​នីមួយ​ៗ ដូច​ជា​៖ រូប​តាកែវ​យាយ​កែវ រូប​ព្រះ​នាង​លីវ​យី​(​នាងនាគ​) រូប​តា​សោម រូប​លោកតា​ប្រាជ្ញ​ឈួ​ន រូប​ផ្ការំដួល រូប​ផ្កាឈូក ។​ល​។ នា​ពេល​ខាង​មុខ​ នឹង​មាន​រូបសំណាក​ដ៏​ប្រណីត ២​បន្ថែម​ទៀត ដែល​មិន​ធ្លាប់​ឃើញ​ទេ ពី​មុន​មក​នោះ​ គឺ​រូបសំណាក បង្កង និង ពង​ទា​កូន ។

លោក អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ អមដំណើរ​ដោយ​លោក​-​លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​ការ​កែ​លម្អរ តាម​ដងផ្លូវ​ចូល​ក្រុង​ដូន​កែវ និង​សិក្សា​គំរោង​ស្ថាបនា​រូបសំណាក បង្កង និង​រូបសំណាក ពង​ទា​កូន ដែល​ជា​មុខម្ហូប ដ៏​មាន​សក្កា​នុ​ពល ប្រចាំ​ខេត្តតាកែវ ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១​នោះ​ដែរ លោក​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​ក្រុមការងារ​ស្ថាបនា​ទាំងអស់ ត្រូវធ្វើ​ស្រប​ទៅ​តាម​ស្ដង់​ការ​បច្ចេកទេស ឲ្យ​បាន​ត្រឹមត្រូវ និង​បាន​ឆាប់រហ័ស ព្រោះថា ការ​កែ​លម្អរ​នេះ ពិតជា​មាន​សារសំខាន់​ណាស់ សម្រាប់​លើ​សម្រស់ ក៏​ដូច​ជា​សោ​ភ័​ណ្ឌ​ក្រុង​ដូន​កែវ របស់​យើង ដើម្បី​ជា​ផ្នែក​មួយ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ បាន​ចូល​មក​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ ។

ដោយឡែក​សម្រាប់​គំរោង​ស្ថាបនា រូបសំណាក «​បង្កង​» និង​រូបសំណាក «​ពង​ទា​កូន​» ក៏​ត្រូវ​បាន​លោក អ៊ូច ភា អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សិក្សា​អំពី​គម្រោង​នេះ ឲ្យ​បាន​ជាក់លាក់ និង​ទទួលយក​រាល់​មតិ​របស់​សាធារណៈ​ទាំងអស់ មក​ពិនិត្យ​មើល ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង ។

ជុំវិញ​ការ​គ្រោង​នឹង​សាងសង់​រូបសំណាក​ទាំង​២​នេះ​ដែរ តាម​រយៈ​មតិ​របស់​សាធារណៈជន មាន​តែ​រូបសំណាក «​ពង​ទា​កូន​» មួយ​ប៉ុណ្ណោះ ដែល​រង​នូវ​ការ​រិះគន់​ជា​ច្រើន​លើសលុប នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​ខេត្តតាកែវ ។

បើ​យោង​តាម​លោក​បណ្ឌិត
​យ៉ង សាំង​កុមារ បង្ហាញ​ទស្សនៈ​មិន​យល់​ស្រប​ថា «​ពង​ទា​កូន ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់​ខេត្តតាកែវ ជា​កន្លែង​ដែល​កសិករ​បាន​ចាប់ផ្តើម​ភ្ញាស់ពងទា របៀប​សិប្បនិមិត្ត​មុនគេ កាលពី​ប្រមាណ​ជាង​៧០​ឆ្នាំ​មុន (​អ្នកស្រែ​រនោង​គួរ​សាងសង់​រូប​អ្នក​ដែល​នាំ​មក​នូវ​បច្ចេកទេស​ភ្ញាស់ពងទា​មុនគេ​ដែល​គាត់​ដូច​ជា​មាន​ដើម​កំណើត​មក​ពី​ស្រុក​ចិន​) ។ ក្រោយមក​ចំណេះដឹង​នេះ បាន​សាយ​ភាព​ទៅ​ខេត្ត​ផ្សេង​ទៀត ជា​ពិសេស​ខេត្តកំពង់ចាម និង​បាត់ដំបង ។

យើង​គួរ​ទទួលស្គាល់​ស្នាដៃ​ប្រវត្តិសាស្ត្រ​អ្នកស្រែ​រនោង ក្នុង​ការងារ​នេះ ។ ក្នុង​នាម​ខ្ញុំ​ជា​អ្នកស្រុក​ត្រាំកក់​ខេត្តតាកែវ ការ​យក​ពង​ទា​កូន ជា​សំណង់​និមិត្តរូប​ខេត្តតាកែវ ដូច​ជា​មិន​សម​ស្រប​ទេ ដោយសារ​ផលិតផល​ពង​ទា​កូន មិន​មានគុណ​ស​ម្ប​ត្ត​អ្វី ដែល​ពិសេស​លើសគេ ហើយ​នៅ​ខេត្ត​ណា ក៏​មាន​ផលិត​ពង​ទា​កូន​ឆ្ងាញ់​ដែរ ។ ទន្ទឹម​នេះ​ក៏​មាន​អ្នកខ្លះ​មិន​គាំទ្រ​ការ​បរិភោគ​ពង​ទា​កូន ដោយ​មូលហេតុ​សាសនា និង​សីលធម៌​ផង​ដែរ ។

ការ​សាងសង់​សំណង់​និមិត្តរូប​គួរ​រើស​អ្វីមួយ ដែល​ពិសេស​ទាំង​ភូមិសាស្ត្រ ទាំង​ប្រវត្តិសាស្ត្រ និង​ទាំង​គុណ​តម្លៃ នៃ​ផលិតផល ។ ផលិតផល សូត្រ​ស្រុក​ព្រៃកប្បាស អាច​ជា​ជម្រើស​មួយ​ដែរ ។ រូប​នាគ ឬ​ស្តេច​នាគ ក៏​អាច​ជា​ជ​ម្រ​ស​មួយ​ដែរ បើ​ចង់បាន​និមិត្តរូប ដែល​ជា​លក្ខណ​: វប្បធម៌ និង​ប្រវត្តិសាស្ត្រ​នគរ​គោក​ធ្លក ។​ល​។

ខ្ញុំ​យល់​ថា រដ្ឋបាល​ខេត្តតាកែវ គួរ​ធ្វើការ​ស្ទង់​មតិ ប្រជាពលរដ្ឋ​ខេត្តតាកែវ​ជា​ពិសេស ក្នុង​ចំណោម​ចាស់ទុំ ក្នុង​ការ​សម្រេចចិត្ត​សារ​ជា​ថ្មី​» ។

សរុប​មកតាម​រយៈ​ការ (​ខ​មិន Comment) សាធារណៈជន​ភាគច្រើន បាន​បញ្ចេញមតិ​ដូច​ៗ​គ្នា ក្នុង​ន័យ​ មិន​គាំទ្រ​ អោយ​រដ្ឋបាល​ខេត្តតាកែវ​សាងសង់​រូបសំណាក «​ពង​ទា​កូន​»​ ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ